រាជធានីភ្នំពេញ ៖ ជម្លោះដីធ្លីមួយដែលគ្រូបង្រៀនម្នាក់រងការចោទថា រំលោភយកដីសម្រាប់សង់មន្ទីរពេទ្យព្រះសង្ឃ មានទីតាំងនៅភូមិក្រួស សង្កាត់សំរោង ខណ្ឌសែនសុខ នោះត្រូវបានលោកមេធាវីតំណាងមន្ទីរពេទ្យ ព្រមទាំងព្រះសង្ឃជាប្រធានដឹកនាំការបង្កើតមន្ទីរពេទ្យ និងអាជ្ញាធរទៅពិនិត្យ កាលពីថ្ងៃទី១២ ឧសភា កន្លងមកនេះ ហើយលោកគ្រូបង្រៀនព្រមដកបង្គោលចេញពីដីទំនាស់នោះហើយ ។
ព្រះមហាកុសលឃោសកោហេង គង់ លេខាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានដឹកនាំការបង្កើតមន្ទីរពេទ្យសម្រាប់ព្រះសង្ឃលើកដំបូងនៅកម្ពុជា មានសង្ឃដីកាឱ្យដឹងនាព្រឹកថ្ងៃទី១២ ឧសភា ថា ករណីវិវាទដីធ្លីនេះ បានអូសបន្លាយរយៈពេល២ឆ្នាំមកហើយ ដោយសារលោកអ៊ួង សុផល ជាគ្រូបង្រៀន និងភរិយាបានរំលោភយកដោយបោះបង្គោលលើដីសម្រាប់សាងសង់មន្ទីរពេទ្យ ដែលមានច្បាប់កាន់កាប់ចេញឱ្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។
ព្រះអង្គបន្តថា ដីដែលគ្រួសារគ្រូបង្រៀននេះ បំពានយកគឺជាដីឯកជនរបស់រដ្ឋ ប៉ុន្តែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញច្បាប់កម្មសិទ្ធិឱ្យព្រះសង្ឃ ដោយសារយល់ថា ការសង់មន្ទីរពេទ្យព្រះសង្ឃជាប្រយោជន៍សាធារណៈ និងសង្គមជាតិ ប៉ុន្តែលោកអ៊ួង សុផល និងភរិយាបានធ្វើរបងលើដីនេះ និងបានរំលោភយកដីប្រឡាយដែលជាដីសាធារណៈរបស់រដ្ឋផងដែរ។
ព្រះអង្គមានសង្ឃដីកាឱ្យដឹងទៀតថា ជម្លោះនេះត្រូវបានដោះស្រាយតាមរយៈលោកចៅសង្កាត់ម្តងរួចមកហើយ កាលពីខែមីនា ឆ្នាំ២០១១ ដោយកាលណោះចៅសង្កាត់បានសំណូមពរឱ្យលោកអ៊ួង សុផល និងភរិយាដកបង្គោលចេញពីដីសម្រាប់ធ្វើមន្ទីរពេទ្យព្រះសង្ឃ ប៉ុន្តែនៅពេលក្រោយមកគ្រួសារនេះ បានបោះបង្គោលជាថ្មីលើដីនេះ និងបានហាមឃាត់មិនឱ្យជាងដំណើរការស្ថាបនារបងជុំវិញមន្ទីរពេទ្យបន្តទេ ទើបដំណើរការកសាងមន្ទីរពេទ្យពន្យារពេលរហូតមកទល់ពេលនេះ ។ ដោយមើលឃើញសកម្មភាពបែបនេះ ទើបកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២ លោកឧកញ៉ា កែវ ឡា បានសម្រេចដាក់ពាក្យបណ្តឹងករណីនេះទៅតុលា
ការ ។
ព្រះមហាកុសលឃោសកោហេង គង់ បានមានសង្ឃដីកាបន្តថា «ដីអាត្មាទាមទារនេះ មិនមែនដើម្បីផលប្រយោជន៍អាត្មា ឬអ្នកណាទេ គឺដើម្បីផលប្រយោជន៍រួមរបស់សង្គម ព្រោះពេលមន្ទីរពេទ្យនេះសាងសង់រួច ព្រះសង្ឃដែលអាពាធទូទាំងប្រទេសអាចមកព្យាបាលទីនេះបានដោយឥតគិតថ្លៃ ។ ហេតុនេះអាត្មាសុំបិណ្ឌបាត្រ សូមកុំយកដីសម្រាប់ធ្វើមន្ទីរពេទ្យនេះ ព្រោះវាជាផលប្រយោជន៍រួមរបស់ព្រះសង្ឃ និងសង្គមជាតិ» ។
ប្រភពដដែលបញ្ជាក់ថា ព្រះអង្គមិនមែនជាអ្នកដាក់ពាក្យបណ្តឹងទេ គឺលោកឧកញ៉ា កែវ ឡា ជាអ្នកដាក់ពាក្យបណ្តឹង ហេតុនេះការដកពាក្យបណ្តឹងពីតុលាការអាស្រ័យលើការសម្រេចចិត្តរបស់លោកឧកញ៉ា ។ ពេលនេះព្រះអង្គសប្បាយព្រះទ័យនៅពេលឃើញមានការដករបងចេញវិញ ។ ព្រះអង្គបន្តថា ការសាងសង់មន្ទីរពេទ្យសម្រាប់ព្រះសង្ឃនេះ មានការថ្លែងអំណរព្រះគុណ និងសព្វព្រះទ័យពីសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកមេធាវីម៉ាន់ សុផល ដែលបានទៅពិនិត្យមើលការងារនោះផ្ទាល់មានប្រសាសន៍ថា «ថ្ងៃនេះយើងចុះមើលករណីនេះ ដែលមានពាក្យបណ្តឹងតម្កល់នៅតុលាការរួចមកហើយ ។ យើងមិនមានសិទ្ធិធ្វើអ្វីឡើយ ព្រោះការសម្រេចករណីនេះជាសមត្ថកិច្ចរបស់តុលាការ ។ ហេតុនេះ សូមប្រជាពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួន ប៉ុន្តែកុំបំពានសិទ្ធិអ្នកដទៃ» ។ ទាក់ទិនរឿងនេះ ពុំមានការបំភ្លឺពីភាគីលោកអ៊ួង សុផល ទេ ហើយយើងក៏មិនហ៊ានសន្និដ្ឋានថា ភាគីណាមួួយខុសឬត្រូវដែរ តែសង្ឃឹមថារឿងនេះនឹងបញ្ចប់ដោយសន្តិវិធី ៕



ចែករំលែកព័តមាននេះ