រាជធានីភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញតួលេខអ្នកបានចុះឈ្មោះបោះឆ្នោត ឬមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ គឺមានចំនួន៩.២០៣.៤៩៣នាក់ ក្នុងនោះអ្នកចុះឈ្មោះថ្មីមានប្រមាណ៩០០.០០០នាក់ បើប្រៀបធៀបបញ្ជីឈ្មោះបោះឆ្នោតឆ្នាំមុន។
ចំពោះការិយាល័យបោះឆ្នោតគឺមានចំនួន១៨.១០៧ការិយាល័យ និងមណ្ឌលបោះឆ្នោតចំនួន១.៦៣៣នៅក្នុងទូទាំងប្រទេស ។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់នៅក្នុងវេទិកាពិភាក្សាតុមូលស្តីពីការត្រៀមរៀបចំការបោះឆ្នោត និងទទួលបានព័ត៌មានបោះឆ្នោតដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី១៦ ឧសភា ថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១២ នេះគឺមានចំនួន៩.២០៣.៤៩៣នាក់ ហើយគណបក្សនយោបាយដែលបានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួន១០ រួមមាន គណបក្សប្រជា ជនកម្ពុជា, គណបក្សសម រង្ស៊ី, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សនរោត្តម រណប្ញទ្ធិ, គណបក្សសិទ្ធិមនុស្ស, គណបក្សសញ្ជាតិកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីលទិ្ធិប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សចលនាប្រជាធិបតេយ្យ ។
លោកបញ្ជាក់បន្ថែមថា សម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់លើកនេះមានចំនួន១១.០៥៦នាក់ ក្នុងនោះបេក្ខជនស្ត្រីមានប្រមាណ២៥ភាគរយ បើប្រៀបធៀបការបោះឆ្នោតលើកមុនមានតែ១០ភាគរយប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់ការចុះឈ្មោះបេក្ខជនបោះឆ្នោតលើកនេះ គឺបេក្ខជនឈរឈ្មោះស្ទួនរហូតដល់១៨៦នាក់ ដែលធ្វើឱ្យ គ.ជ.ប សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ។
ទាក់ទិននឹងថវិកាសម្រាប់រៀបចំការបោះឆ្នោត លោកទេព នីថា បានរំលឹកថា ពីមុនគ្រោងចំណាយប្រមាណពី១៨ទៅ១៩លានដុល្លារនោះ ឥឡូវនេះត្រូវកើនឡើងប្រមាណ៨១ម៉ឺនដុល្លារបន្ថែមទៀត ។ ការកើនឡើងនោះ គឺអាស្រ័យដោយតម្លៃទឹកខ្មៅជ្រលក់ដៃដែលពីមុនយើងប៉ាន់ស្មានតម្លៃតែ៣១ម៉ឺនដុល្លារ ប៉ុន្តែក្រោយទិញជាក់ស្តែងកើនរហូតដល់៨១ម៉ឺនដុល្លារអាមេរិក ។ លោកបញ្ជាក់ថា ក្នុងគម្រោងចំណាយនេះរាជរដ្ឋាភិបាលបានចេញថវិកាប្រមាណ៧៦ភាគរយ ហើយនៅសល់២៤ភាគរយទៀតគ.ជ.ប បានអំពាវនាវស្វែងរកជំនួយពីខាងក្រៅ ។ លោកក៏បានទទួលស្គាល់ផងដែរថា ការអំពាវនាវរកជំនួយខាងក្រៅគឺគ.ជ.បមានការយឺតយ៉ាវបន្តិច ដែលរហូតមកដល់ពេលនេះម្ចាស់ជំនួយមួយចំនួនធំមិនទាន់មានការឆ្លើយតបនៅឡើយ ។
ចំណែកលោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានលើកឡើងថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់នៅក្នុងការបោះឆ្នោត ព្រោះតាមរយៈសារព័ត៌មានគឺសភាព ការណ៍នៅក្នុងការបោះឆ្នោតនឹងត្រូវរំលេចឡើងក្នុងសារព័ត៌មាន ប៉ុន្តែសំខាន់ជាងនេះទៀតនោះ អ្នកសារព័ត៌មានក៏ត្រូវតែនិយាយនូវអ្វីដែលជាការពិត និងមានភស្តុតាងជាក់ស្តែង ។ លោកគល់ បញ្ញា បានបញ្ជាក់ថា ចំពោះតួនាទីរបស់អង្គការខុមហ្វ្រែលគឺធ្វើការត្រួតពិនិត្យការបោះឆ្នោត ដើម្បីវាយតម្លៃការបោះឆ្នោតនោះ គឺខុមហ្វ្រែលបានតាមដានកិច្ចការនោះតាំងពីពេលចាប់ផ្តើមចុះឈ្មោះបោះឆ្នោតមកម៉្លេះ ហើយការប្រព្រឹត្តទៅរបស់ខុមហ្វ្រែលគឺមានលក្ខណៈស្តង់ដា ដែលអាចទទួលយកបាន ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ឧសភា ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ«ការត្រៀមរៀបចំការបោះឆ្នោត និងការទទួលបានព័ត៌មាន» ដោយមានការចូលរួមពីលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោកឌឺនីស ស្ទ្រាយ តំណាងមូលនិធិខុនរ៉ាដអាដេណៅអ៊ែរ ប្រចាំកម្ពុជា រួមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិប្រមាណ៧០នាក់ ៕


ចែករំលែកព័តមាននេះ