រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីគោលនយោបាយដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសជាតិរបស់រាជរដ្ឋាភិបាលមានការរីកចម្រើនឥតឈប់ឈរបានធ្វើឱ្យសមាជិកសមាជិកាគណបក្សមួយចំនួនទៀតបានសម្រេចចិត្តចាកចេញពីគណបក្សរបស់ខ្លួនរួចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ ។ ជាក់ស្តែងនៅក្នុងខណ្ឌដង្កោទទួលបានសមាជិកសមាជិកាមកពីគណបក្សផ្សេងៗចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្តាប់ជាង៣០០នាក់ ដែលនេះបញ្ជាក់ឱ្យឃើញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ។
ទាក់ទិននឹងបញ្ហានេះ នៅព្រឹកថ្ងៃទី១៥ ឧសភា មានរៀបចំធ្វើពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សដែលទើបចុះចូលថ្មីទាំងនោះចំនួន១៣០នាក់ នៅទីស្នាក់ការគណបក្សសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ពិធី នោះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកនុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ និងជាអភិបាលខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណបក្សសង្កាត់ និងខណ្ឌជាច្រើនរូបទៀតផងដែរ ។
នៅក្នុងឱកាសនោះ លោកនុត ពុធដារ៉ា បានថ្លែងថា សមាជិកសមាជិកាបក្សដែលទើបចុះចូលគណបក្សប្រជាជន ហើយត្រូវជួបសំណេះសំណាលនាពេលនេះមានចំនួន១៣០នាក់ ដែលពួកគេចាកចេញពីគណបក្សនយោបាយចំនួន៤ គឺគណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណប្ញទ្ធិ ដែលគណបក្សទាំងនេះស្ថិតនៅក្នុងសង្កាត់ចំនួន៤ គឺសង្កាត់ដង្កោ, សង្កាត់ព្រៃស, សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស ។
លោកនុត ពុធដារ៉ា បានបន្តថា ក្រៅពីសង្កាត់ទាំង៤ខាងលើក៏មានសង្កាត់ចំនួន៥ទៀតក្នុងនោះមាន សង្កាត់គងនយ, សង្កាត់ទៀន, សង្កាត់សាក់សំពៅ, សង្កាត់រលួស និងសង្កាត់ប្រទះឡាង ក៏មានសមាជិកចាកចេញពីគណបក្សទាំង៤នោះចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាចំនួន២០០នាក់ទៀតផងដែរ ដែលសរុបនៅក្នុងខណ្ឌដង្កោមានសង្កាត់៩ក្នុងចំណោម១៣សង្កាត់ មានសមាជិកបក្សផ្សេងមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាសរុបចំនួន
៣៣០នាក់ ។
លោកនុត ពុធដារ៉ា បានផ្សព្វផ្សាយនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចទាំង៣ ជូនដល់សមាជិកសមាជិកាទើបចូលថ្មីនោះ ដើម្បីយល់ដឹងផងដែរ ។ ជាងនេះទៀតលោកបានណែនាំឱ្យសមាជិកថ្មីទាំងនោះមានភាពស្មោះត្រង់ និងជួយណែនាំបន្តដល់បងប្អូនផ្សេងទៀត ឱ្យពួកគេចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្ត ។ ជាពិសេសបងប្អូនទាំងអស់មិនត្រូវជឿលើពាក្យឃោសនាដែលភូតកុហកថា ចាំឱ្យតួនាទីនេះ ឬតួនាទីនោះ ហើយលក់ដី ផ្ទះ ស្រែចម្ការ ឬគោក្របី យកលុយឱ្យគេឱ្យសោះ ព្រោះគ្រាន់តែជាការបម្រើដល់ប្រយោជន៍ឱ្យគេប៉ុណ្ណោះ ហើយនៅថ្ងៃបោះឆ្នោតខាងមុខ សូមបងប្អូនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទោះបីជារវល់បែបណាក៏ដោយ គឺត្រូវឆ្លៀតពេល ។
លោកបានបញ្ជាក់ដល់សង្កាត់ទើបកាត់បញ្ចូលថ្មីចំនួន៥សង្កាត់គឺមានសង្កាត់ព្រែកកំពឹស, សង្កាត់ស្ពានថ្ម, សង្កាត់គងនយ, សង្កាត់រលួស និងសង្កាត់ទៀន សូមនាំគ្នាផ្លាស់ប្តូរសៀវភៅគ្រួសារ សៀវភៅស្នាក់នៅឱ្យបានគ្រប់គ្នា ហើយមន្ត្រីសាលាខណ្ឌដូចជាប៉ូលិសប៉ុស្តិ៍បានត្រៀមខ្លួនជួយបម្រើការងាររួចជាស្រេច ។ បន្ទាប់ពីចប់មតិសំណេះសំណាលលោកនុត ពុធដារ៉ា បានចែកវត្ថុអនុស្សាវរីយ៍ គឺម្នាក់ៗទទួលបានសារុង១ អាវ១ និងមួក១ ដល់សមាជិកសមាជិកាទើបចូលថ្មី ៕
ចែករំលែកព័តមាននេះ