ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលជំនាញបានឱ្យដឹងថា មនុស្ស២នាក់ទៀតបានស្លាប់ដោយសាររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន«រិទ្ធិមុនី»បុកកាលពីវេលាម៉ោង៦ និង៥០នាទីល្ងាចថ្ងៃទី១៥ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ។
សមត្ថកិច្ចមូលដ្ឋាននិយាយថា អ្នកស្លាប់ទាំង២នាក់នោះជិះម៉ូតូ ហើយត្រូវរថយន្តរបស់ក្រុមហ៊ុនរិទ្ធិមុនីបុកក្នុងទិសដៅបញ្ច្រាសគ្នា។ ជនរងគ្រោះម្នាក់ឈ្មោះផែន ថា ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះទិត្យ ទេត ភេទប្រុស អាយុ៩ឆ្នាំ ជិះម៉ូតូសង់កូរ៉េកញ្ចាស់ឌុបគ្នាមកពីទិញគ្រឿងក្លែម ។ រីឯរថយន្តក្រោយពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
តាមការបំភ្លឺពីសាក្សីថា មុនពេលកើតហេតុ គេឃើញអ្នកជិះម៉ូតូឌុបគ្នាពីជើងទៅត្បូង លុះដល់ចំណុចខាងលើ អ្នកបើកម៉ូតូបានព្យាយាមវ៉ារថយន្តមួយគ្រឿងនៅខាងមុខ ទើបបានបន្តិចក៏ត្រូវរថយន្តក្រុងដែលបើកយ៉ាងលឿនមកពីមុខបុកពេញទំហឹងចំកណ្តាលថ្នល់ធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ។ មិនអាចស្វែងរងការបំភ្លឺពីភាគីរថយន្តបានទេជុំវិញករណីនេះកាលពីថ្ងៃទី១៦ ឧសភា ប៉ុន្តែរថយន្តក្រុងនេះត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលហើយ ។ តាមមន្ត្រីនគរបាលចរាចរខេត្តនិយាយថា ករណីរថយន្តបុកមនុស្សស្លាប់នេះមិនត្រូវបានគេប្រគល់ឱ្យការិយាល័យជំនាញខេត្តចាត់ការទេ ។ សំណុំរឿងនេះសមត្ថកិច្ចស្រុកថ្មគោលទំនងព្យាយាមបិទបាំងទុកដោះស្រាយនៅអធិការដ្ឋានស្រុកតែម្តង ហើយនេះមិនមែនលើកទី១ទេ ដែលអធិការដ្ឋានស្រុកនេះមិនប្រគល់ឱ្យការិយាល័យជំនាញចាត់ការ ។
លោកសាត គីមសាន ប្រធានការិយាល័យនគរបាលចរាចរជើងគោកខេត្តឱ្យដឹងដែរថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ គឺតិចតួចណាស់ដែលខាងអធិការដ្ឋានស្រុកថ្មគោលប្រគល់ឱ្យការិយាល័យជំនាញដោះស្រាយ ។ លោកបញ្ជាក់ថា កន្លងមក លោកស្នងការបានអនុញ្ញាតឱ្យតាមបណ្តាស្រុកនានាអាចដោះស្រាយបានរាល់ករណីទាំងឡាយណាដែល«ស្រាល» តែក្នុងករណីធ្ងន់ធ្ងរ ឬរហូតដល់ស្លាប់ត្រូវតែប្រគល់មកការិយាល័យជំនាញជាអ្នកដោះស្រាយ។ ប៉ុន្តែក្នុងករណីរថយន្តក្រុងបុកមនុស្សស្លាប់២នាក់ខាងលើនេះខាងអធិការនគរបាលស្រុកថ្មគោលមិនទាន់រាយការណ៍មកលោកទេ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៦ ឧសភា ហើយគេក៏មិនឱ្យកម្លាំងជំនាញរបស់លោកចុះធ្វើការងារនេះដែរ ។
បើតាមប្រភពពីសមត្ថកិច្ចជំនាញថា ស្ទើរគ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍មិនថា ស្រាល ធ្ងន់ ឬស្លាប់ទេ គឺអធិការស្រុកនេះតែងទុកដោះស្រាយសិន លុះដោះមិនចេញទើបបញ្ជូនទៅការិយាល័យជំនាញដែលនេះជាទម្លាប់ទៅហើយ ។ កោះសន្តិភាពបានព្យាយាម សុំការបំភ្លឺពីលោកផង់ សុភាព អធិការរងនគរបាលស្រុកថ្មគោលទទួលបន្ទុកសណ្តាប់ធ្នាប់តាមទូរស័ព្ទ ប៉ុន្តែលោកមិនលើកទូរស័ព្ទឡើយ ។ លោកប៉ែន ឫទ្ធី ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ក៏មិនអាចសុំការពន្យល់បានដែរជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី១៦ ឧសភា ដោយសារទូរស័ទ្វរបស់លោកបិទមិនដំណើរការ។
លោកសាត គីមសាន បញ្ជាក់ដែរថា លោកមិនបានសាកសួរអំពីករណីគ្រោះថ្នាក់ខាងលើនេះទេ ព្រោះគេមិនឱ្យលោកដឹង តែលោកបានដឹងដោយសារកូនចៅរបស់លោកប្រាប់ ហើយក៏បានរាយការណ៍ជូនលោកស្នងការរួចហើយ ។
អធិការដ្ឋាននគរបាលស្រុកថ្មគោល បច្ចុប្បន្នកំពុងរងនូវការរិះគន់មិនឈប់ឈរពីសំណាក់សមត្ថកិច្ចដូចគ្នាថា បានព្យាយាមបិទបាំងស្ទើរគ្រប់សំណុំរឿងទាំងអស់ ដើម្បីសម្ងំដោះស្រាយរកផលប្រយោជន៍ លុះស៊ីមិនដាច់ទើបរាយការណ៍ និងបញ្ជូនបន្តមកការិយាល័យជំនាញមិនថាសំណុំរឿងព្រហ្មទណ្ឌ ឬសំណុំរឿងចរាចរណ៍នោះទេ ។ សំណុំរឿងភាគច្រើនត្រូវគេប្រើប្រាស់ស្ថាប័នអយ្យការដើម្បីកៀបទារប្រាក់ពីភាគីបង្កដែលគេអះអាងថា «ដើម្បីរំលត់បណ្តឹងអាជ្ញា»តែគេមិនដឹងថា លោកស្នងការ និងតំណាងអយ្យការដឹងដែរ ឬយ៉ាងណានោះទេ ក្នុងរឿងនេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបង្ហើបឱ្យដឹងថា សំណុំរឿងទាំងនេះហាក់ដូចជាកំពុងបែកធ្លាយក្លិនចេញមកក្រៅម្តងបន្តិចៗហើយ ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលោកអធិការស្រុកនេះបានសម្ងំដោះស្រាយក្រៅប្រព័ន្ធច្បាប់នាពេលកន្លងមក ហើយត្រូវបានគេរកឃើញ ៕



ចែករំលែកព័តមាននេះ