ខេត្តប៉ៃលិន ៖ លោកវរសេនីយ៍ទោ ទី សុខា ប្រធានក្រុមការងារទំនាក់ទំនងច្រកព្រំ និងលោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ត សហការជាមួយក្រុមការងារទំនាក់ទំនងជនជាតិថៃ បានទៅរំដោះពលករខ្មែរចំនួន២០នាក់ ក្នុងនោះពលការិនីមា្នក់រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅស្រុកនើនស៊ូង ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលត្រូវថៅកែថៃធ្វើបាប ។
ប្រភពព័ត៌មានឱ្យដឹងថា ពលករ-ពលការិនី ខ្មែរដែលថៅកែថៃជិះជាន់ធ្វើបាបបង្ខិតបង្ខំឱ្យធ្វើការហួសកម្រិតទាំងយប់ទាំងថ្ងៃ ហើយត្រូវបានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិព្រំ នាំយកត្រឡប់មកវិញទាំង២០នាក់នោះមាន ១-ចាន់ អ៊ុង ភេទប្រុស អាយុ៤៥ឆ្នាំ ២-អ៊ុង សំណាង ភេទស្រី អាយុ២២ឆ្នាំ ៣-អ៊ុង នុត ភេទស្រី អាយុ១៧ឆ្នាំ ៤-អ៊ុង ស៊ីនួន ភេទស្រី អាយុ១៥ឆ្នាំ ៥-ម៉េត សារី ភេទប្រុស អាយុ១៩ឆ្នាំ ៦-ភឿង សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ៧-ណា ចាន់ធឿន ភេទប្រុស អាយុ២២ឆ្នាំ ៨-ណា ស្រីនិច ភេទស្រី អាយុ១៧ឆ្នាំ ៩-ណា ស្រីនីត ភេទស្រី អាយុ១៥ឆ្នាំ ១០-ខ្លី ចំរើន ភេទស្រី អាយុ១៥ឆ្នាំ ១១-នី យេត ភេទប្រុស អាយុ៣០ឆ្នាំ ១២-ស៊ន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ ១៣-ផាន់ សុឃឿន ភេទប្រុស អាយុ១៩ឆ្នាំ ១៤-យី លី ភេទស្រី អាយុ១៦ឆ្នាំ ១៥-ហ៊ុន ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ១៦-ហ៊ុន ចាន់នូ ភេទស្រី អាយុ២៣ឆ្នាំ ។ទាំង១៦នាក់នេះ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ១៧-ហាក់ សុខុន ភេទស្រី អាយុ៣៦ឆ្នាំ ១៨-ធិន គឹមអ៊ាន់ ភេទស្រី អាយុ២៤ឆ្នាំ ១៩-អ៊ាត នី ភេទប្រុស អាយុ២៣ឆ្នាំ ទាំងបីនាក់នេះរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និង២០-ថេត លី ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោទី សុខា មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១៤ ឧសភា លោកទទួលបានសេចក្តីរាយការណ៍ពីលោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ត ស្ពីពីពលករ-ពលការិនី ចំនួន២០នាក់ឆ្លងដែនដោយមានប័ណ្ណឆ្លងដែនត្រឹមត្រូវទៅធ្វើការងាររើសផ្លែទុរេន ជ្រលក់ថ្នាំផ្លែឈើ នៅស្រុកនើនស៊ូង ខេត្តច័ន្ទបុរី ត្រូវថៅកែថៃឈ្មោះ ផន ឆៃភិស៊ុតធិផាន់ភុង ហៅ ហ៊ាតូ ដកហូតប័ណ្ណឆ្លងព្រំដែនដែលផុតកំណត់ក្នុងរយៈពេលមួយអាទិត្យ មិនឱ្យមកបន្តសុពលភាពនៅព្រំដែនវិញ ។ មិនតែប៉ុណ្ណោះ បានគំរាមកំហែងបៀតបៀនមកលើនារីភេទ និងប្រើអំពើហិង្សាយ៉ាងឃោរឃៅមកលើពួកគេថែមទៀតផង ដោយបង្ខំឱ្យពួកគេធ្វើការទាំងយប់ទាំងថ្ងៃមិនឱ្យឈប់សម្រាក ថែមទាំងយកកាំភ្លើងភ្ជង់ក្បាលគំរាមសម្លាប់ចោលបើអ្នកណាហា៊នតដៃ ឬរត់គេចវេះពីការងារដែលពួកគេបានដាក់ កំណត់ ។ ក្រោយពីទទួលបានដំណឹងនោះភ្លាម ក្រុមការងារដែលដឹកនាំដោយរូបលោកផ្ទាល់ រួមជាមួយលោក ចាវ ខាន់ បានសហការជាមួយក្រុមការងារទំនាក់ទំនងភាគីថៃ ធ្វើដំណើរតាមរថយន្ត២គ្រឿងចុះទៅដល់កន្លែងកើតហេតុ និងបាននាំពលករ-ពលការិនីទាំង២០នាក់នោះ ត្រឡប់មកវិញ ។
លោកបានបន្តទៀតថា ពេលធ្វើការសាកសួរពលករ-ពលការិនីទាំងអស់នោះសុទ្ធតែនិយាយថា ពួកគេជួបការលំបាកស្ទើរស្លាប់ ព្រោះមិនអាចត្រឡប់មកផ្ទះវិញបាន ដោយត្រូវថៅកែថៃម្នាក់នោះ កេងប្រវ័ញ្ចកម្លាំងពលកម្ម ហើយថែមទាំងពុំបើកប្រាក់កម្រៃប្រចាំថ្ងៃឱ្យទៀតផង ។ ប៉ុន្តែដោយមានក្រុមការងាររបស់លោកចុះទៅដល់កន្លែង និងបានអន្តរាគមន៍ទើបរំដោះពួកគេ ឱ្យវិលត្រឡប់មកវិញបាន ហើយដោយមានការចរចារវាងភាគីទាំងសងខាង ទើបថៅកែថៃរូបនោះ បើកប្រាក់ប្រចាំថ្ងៃដែលពួកគេធ្វើបានជិតកន្លះខែ និងប្រគល់ប័ណ្ណឆ្លងព្រំដែនឱ្យមកវិញ ។
ពលករម្នាក់ឈ្មោះ ចាន់ អ៊ុង អាយុ៤៥ឆ្នាំ និយាយថា ដោយសារតែឮតាមពាក្យគេនិយាយតៗគ្នាថាទៅធ្វើការងារនៅស្រុកថៃទទួលបានប្រាក់កម្រៃច្រើន ហើយថានៅទីនោះការងារស្រួលមិនលំបាកអ្វីទេ គឺគ្រាន់តែលើកផ្លែទុរេន ដាក់លើរថយន្ត និងយកផ្លៃឈើមកជ្រលក់ថ្នាំ ដើម្បីការពារកុំឱ្យឆាប់ស្អុយរលួយ ព្រមទាំងមានការងារស្រួលៗមួយចំនួនទៀត ទើបធ្វើឱ្យរូបគាត់មានចិត្តចង់ទៅ ណាមួយដោយខ្លួនទំនេរពីការងារធ្វើចម្ការផង ។ នៅថ្ងៃទី៥ ឧសភា គាត់ក៏បបួលបងប្អូនញាតិមិត្តទៅធ្វើប័ណ្ណឆ្លងព្រំដែន ដែលមានសុពលភាព១អាទិត្យ ហើយបើចង់ធ្វើការងារបន្តទៀតត្រូវមកបោះត្រាប័ណ្ណឆ្លងដែននៅច្រកព្រំបន្តទៀត ។ ពេលនោះស្រាប់តែថៅកែឈ្មោះ ឆៃភិស៊ុតធិផាន់ភុង បានដកហូតប័ណ្ណឆ្លងដែនរបស់ពួកគាត់ទុក ហើយចាប់ផ្តើមបង្ខំឱ្យធ្វើការងារលើកផ្លែទុរេនដាក់លើរថយន្តទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក ថែមទាំងយកកាំភ្លើងភ្ជង់គំរាមសម្លាប់ពួកគាត់ថែមទៀត ។ ចំណែកមេការថៃចំនួន៣នាក់ ពួកគេបានផ្លាស់ប្តូរគ្នាចុះឡើងៗទាំងយប់ទាំងថ្ងៃដើម្បីសម្រាក ។ ដោយទ្រាំមិនបាននឹងការជិះជាន់បែបនេះ គាត់ក៏បានលួចទូរស័ព្ទមកផ្ទះប្រាប់ម្តាយពីរឿងរ៉ាវដែលថៃធ្វើបាប ហើយឱ្យទៅប្តឹងអាជ្ញាធរ និងសមត្ថកិច្ចដើម្បីឱ្យទៅជួយរំដោះពួកគាត់ផង ។
ក្រោយពីម្តាយជនរងគ្រោះប្តឹងទៅអាជ្ញាធរទើបដំណឹងនេះលេចឮដល់លោកអភិបាលខេត្ត អុី ឈាន ក៏បញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចទៅនាំយកពលករ-ពលការិនីដែលធ្វើការងារនៅស្រុកនើនស៊ុង ខេត្តច័ន្ទបុរី ប្រទេសថៃ ធ្វើយ៉ាងណាត្រូវតែនាំមកវិញទាំងអស់ ។
ប្រភពព័ត៌មានក្រៅផ្លូវការមួយបានប្រាប់កោះសន្តិភាពថា កាលពីប៉ុន្មានខែមុន មានកម្មករខ្មែរមួយចំនួនបានទៅធ្វើការងារនៅស្រុកថៃដោយឆ្លងដែនខុសច្បាប់ ហើយត្រូវចាញ់បោកថៅកែថៃដោយគេលក់បន្តរហូតដល់ទៅធ្វើការងារចុះទូកនេសាទនៅឯនាយសមុទ្រដ៏សែនឆ្ងាយ ធ្វើការនៅទីនោះរាប់ឆ្នាំ ហើយថៅកែមិនបានបើកប្រាក់ខែឱ្យពួកគេទេ សូម្បីតែបន្តិចបន្តួចក៏អត់ដែរ ។ ក្រោយមកដោយមានកម្មករខ្មែរម្នាក់ធ្លាក់ខ្លួនឈឺធ្វើការនេសាទត្រីឱ្យគេមិនកើតក៏ត្រូវបានមេការនៅលើទូកបាញ់បុរសឈឺនោះ ទម្លាក់ចោលទៅក្នុងទឹកសមុទ្រនៅចំពោះមុខពួកគេស្រស់ៗតែម្តង មិនដឹងថារូបគាត់មកពីខេត្តខ្មែរណាមួយនោះទេ ។
ចំណែកអ្នកផ្សេងទៀត ដោយឃើញដូច្នេះក៏មានការភិតភ័យយ៉ាងខ្លាំង លុះដល់ពេលយប់ឡើងចាប់ផ្តើមនាំគ្នាត្រៀមប៊ីដុងតូចៗនៅលើទូកម្នាក់មួយ ប្រថុយជីវិតលួចចុះហែលទឹកសមុទ្រ ព្រោះពួកគេគិតគ្នាថា រស់នៅលើទូកក៏ស្លាប់ ហែលទឹកក៏ស្លាប់ ដូច្នេះទើបដាច់ចិត្តយកស្ករគ្រាប់មួយចំនួនតាមខ្លួនដើម្បីបៀមជួយជាកម្លាំងក៏ចាប់ផ្តើមនាំគ្នាចុះហែលទឹកសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ទើបមកដល់ស្រុកខ្មែរវិញ ។
ក្រោយពីពួកគេទាំងអស់នេះបានមកដល់ផ្ទះវិញទាំងបាតដៃទទេក៏ប្រាប់ឪពុកម្តាយបងប្អូនថា ពួកគេរាងចាលមួយជីវិតហើយ ទោះបីជាអត់ឃ្លានមានស៊ីអត់ស៊ីយ៉ាងណាក៏ពួកគេសុខចិត្តរស់នៅស្រុកខ្មែរដែរ ព្រោះទៅស្រុកថៃវេទនាខ្លាំងណាស់ បើទៅប៉ះកន្លែងល្អអាចរកការងារធ្វើបានស្រួល ហើយបានលុយផ្ញើមកផ្ទះវិញមែន តែភាគតិចណាស់ ព្រោះជនជាតិថៃមួយចំនួនចង់ប្រើយើងដូចជាសត្វធាតុអ៊ីចឹង ៕


ចែករំលែកព័តមាននេះ