ខេត្តបន្ទាយមានជ័យ ៖ អ្នកកាប់ឆ្ការរានព្រៃសហគមន៍យកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៣នាក់ក្នុងចំណោម៤០នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសិរីសោភ័ណ ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ឧសភា ក្នុងភូមិសាស្ត្រភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ត្រីកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះឱ្យដឹងថា អ្នកទាំង៣នាក់ ដែលត្រូវចាប់ខ្លួន ១-ឈ្មោះភិន វង ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះហូរ សុខណា ភេទប្រុស អាយុ២៣ឆ្នាំ និង៣-ឈ្មោះរឺយ ណឺត ភេទប្រុស អាយុ២៤ឆ្នាំ ។ ទាំង៣នាក់រស់នៅក្នុងភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុកសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើសិរីសោភ័ណ បានចុះបង្ក្រាបអ្នកកាប់ឆ្ការរានព្រៃសហគមន៍ក្នុងភូមិសាស្ត្រភូមិជ្រាប់ចាស់ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនប្រមាណ៤០នាក់ ។ នៅពេលសមត្ថកិច្ចចុះទៅដល់ ពួកគេមួយចំនួនធំបានរត់គេចខ្លួនអស់នៅសល់តែ៣នាក់ ត្រូវបានចាប់យកមកអធិការដ្ឋាននគរបាលស្រុក ។ ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿង ពូថៅ២ និងដឹង១ ។
ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចនគរបាលបានប្រគល់ជនទាំង៣នាក់នោះទៅឱ្យកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការកាប់ឆ្ការរានព្រៃយកដីនៅតំបន់សហគមន៍ទៀត បើមិនរាងចាលសមត្ថកិច្ចជំនាញ នឹងអនុវត្តតាមវិធានការច្បាប់ ៕
ចែករំលែកព័តមាននេះ