ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​10​នាក់​ដែល​រស់​នៅ​ដោយសារ​ដំណាក់​កាល​ចុង​ក្រោយ​ប្តូ​រ​ចិត្ត​មិន​ជិះ​នាវា​ទីតា​​និក​

14 ឆ្នាំ មុន

ទី​តានិក​ជា​ឈ្មោះ​​​នាវា​ដែល​គេ​ចាត់ទុក​អស្ចារ្យ​​បំផុត​ ​ឡូយ​បំផុត​នាដើម​សតវត្ស​ទី​២០​​បាន​លិច​កណ្តាល​មហា​សាគរ​ក្នុង​ដំណើរ​លើក​ដំបូង​​របស់ខ្លួន​ពី​អឺរ៉ុប​ទៅ​អាមេរិក​នាថ្ងៃមួយ​ពាក់​កណ្តាល​ខែ​មេសា​​ ឆ្នាំ​១៩១២។ រំលឹក​អនុស្សាវ​រីយ៍​​​ទឹក​ភ្នែក​១០០​ឆ្នាំ​ ​របស់​ទីតានិ​ក​ ​(​៤/១៩១២​-៤/២០១២​)​ ​ទស្សនា​វដ្តី​អង់​គ្លេស​ឈ្មោះ​History ដែល​ទើប​បោះ​ពុម្ព​ថ្មី​ៗ​បាន​ចុះផ្សាយ​អត្ថ​បទ​មួយ​រាយ​ការណ៍​ពី​មនុស្ស​១០​នាក់​ ​រួច​ជីវិត​នៅពេល​នោះ​ ដោយ​សារ​ដំណាក់​កាល​ចុង​ក្រោយ​សម្រេច​ចិត្ត​មិន​ជិះ​ទីតានិក។ ការ​សម្រេច​​ចិត្តរបស់​ពួកគេ​ ​មាន​មូល​ហេតុ​ខុស​ៗ​គ្នា​ដូច​តទៅ​ ៖
១-Milton Hershey
Milton Hershey ជាអាជីវកល្បីល្បាញ​ដោយ​សារ​ស្ករ​សូកូឡា​ផលិត​ចេញ​ពីរោង​ចក្រ​Herchey ​របស់​គាត់​ឈ្ងុយ​ឆ្ងាញ់​ជាងគេ​ក្នុង​លោក​ ។ ​គាត់​ក៏​ជា​សប្បុរស​ជន​មួយ​រូប​ចូលចិត្ត​ការងារ​មនុស្ស​ធម៌​ផង​ដែរ​ ។ Milton Hershey ចំណាយ​៣០០​ដុល្លារ​កក់ថ្លៃ​បន្ទប់​មួយ​លើ​នាវា​ទី​តានិក​សម្រាប់​ដំណើរ​ត្រឡប់​ទៅ​​អាមេរិក​ ។​​ទោះ​ដូច្នេះ​ក្តី​ គាត់​មិនបាន​ជិះ​នាវ​ា​នោះ​ទេ​ ព្រោះ​​មាន​ការ​ងារបន្ទាន់​ត្រូវ​ត្រឡប់​ទៅ​វិញ​មុន​កំណត់​នៃ​ការចេញ​ដំណើរ​របស់​ទីតានិក​ ដើម្បី​ដោះ​ស្រាយ​ការងារ​អាជីវកម្ម​របស់​ខ្លួន​ ។ គាត់​ចេញ​ពី​អឺរ៉ុប​មុន​៣​ថ្ងៃ​ ដោយ​ជិះ​នាវា​ America ​ហើយ​ក៏បាន​ទៅ​​ដល់​គោល​ដៅ​ដោយ​សុវត្ថិភាព​ ។
២-Rev -J -Stuart Holden
គាត់​ជា​បព្វ​ជិតកាតូលិក​មាន​ឋានៈ​ប៉ាស្ទ័រ​នៅ​វិហារ​ St Paul ​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​ ។ ​តាម​ផែន​ការ​ J Stuart Holden ត្រូវ​ធ្វើ​ដំណើរ​តាម​ទីតានិក​ទៅ​អាមេរិក​ចូលរួម​សន្និបាត​អភិរក្ស​គ្រឹស្ត​សាសនា​នា​ថ្ងៃ​ទី​២០​ ​មេសា​ ​ឆ្នាំ​១៩១២​ ​នៅ​ Carnegie Hall ។ ​ប៉ុន្តែ​ផែន​ការ​នេះ​ត្រូវ​ប្តូរ​ព្រោះ​សុខ​ៗ​ស្រាប់​តែ​ភរិយ​ាធ្លាក់​ខ្លួន​ឈឺ​ចៃដន្យ​ ។ ថ្ងៃទី​៩ មេសា​ ​មុន​មួួ​យ​ថ្ងៃ​ត្រូ​វ​ឡើង​ជិះ​នាវា​ទីតានិក​ គាត់​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​មើល​ថែ​ទាំ​ភរិយា​ ជាហេតុ​ជួយ​ឱ្យ​គាត់​រួច​ជីវិត​ ។​​
៣-JP Morgan
មិនដឹង​ជា​មាន​រឿង​ហេង​ស៊យ​យ៉ាង​ម៉េ​ច​ទេ​ ​បន្ទប់​ពិសេស​មួយ​កន្លែង​លើ​នាវា​ទីតានិក​ត្រូវ​​ផ្លាស់​ប្តូរ​ម្ចាស់​ដល់​ទៅ​៣​នាក់​ភ្លាមៗ​ សុទ្ធ​តែ​លំដាប់​អ្នក​មាន​ធំនៅ​អាមេរិក​ (រួម​មាន​Henry Clay Fricd, JP Morgan និង​ J-Horace  Harding ) ។ Henry Clay Frick អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ម្នាក់​នាដើម​សតវត្ស​ទី​២០​ ដោយក្តាប់​ទីផ្សារ​ផលិត​ដែក​មួយ​ទាំង​មូល​ ​បាន​កក់​បន្ទប់​ពិសេស​លើ​នាវា​ទីតានិក​ សម្រាប់​ខ្លួន​ឯង​និងប្រពន្ធ​ត្រឡប់​ទៅ​អាមេរិក​ ​ប៉ុន្តែ​ចៃដន្យ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​អឺរ៉ុប​ប្រពន្ធ​ជួប​គ្រោះ​ថ្នាក់​បាក់​ជើង​​ ត្រូវ​ដេក​ពេទ្យ​ព្យាបាល​រយៈ​ពេល​យូរ​ក្នុង​ប្រទេស​អីុតាលី​ ។ ​នេះ​ជាមូល​ហេតុ​គាត់​ផ្ទេរបន្ទប់​ដែល​កក់​នោះ​ឱ្យ​JP Morgan អ្នក​មាន​ធំ​ម្នាក់​ខាង​វិស័យ​ហិរញ្ញ​វត្ថុ​ ។ ​ប៉ុន្តែ​បុរស​ទី​ពីររូបនេះ​​បន្ទាប​់​​មក​ក៏​ប្តូរ​ចិត្ត​មិន​ចង់​ជិះ​នាវា​ទី​តានិក​ ​ព្រោះ​ចង់​នៅ​អឺរ៉ុប​មួយ​រយៈទៀត​ ។ គាត់​ផ្ទេរ​ឱ្យ​​ទៅ​ J Horace Harding ជាអ្នក​មាន​ខាង​វិស័យ​ធនាគារ​នា​សម័យ​នោះ​ ​។ ដឹង​អី​ដូច​ពី​រនាក់​មុន​ដែរ​ ​​Harding បោះ​បង់​បន្ទប់​នោះទៀត​ ងាក​ទៅ​កក់​បន្ទប់​នាវា​ Mauretania សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​អាមេរិក​នៅ​ពេល​ក្រោយ​ទៅ​វិញ​ ​។ បន្ទប់​ពិសេស​​ដែល​អ្នក​មាន​ទ្រព្យ​៣​នាក់​បោះបង់​បន្ត​បន្ទាប​់​នោះ​ ចុង​ក្រោយ​បង្អស់​ធ្លាក់​ទៅ​លើ​លោក​J Bruce ប្រធាន​សមាគមនាវា​ White Star  ។
៤-​Alfred Vanderbailt
ជាសមាជិក​ក្នុង​មហា​គ្រួសារ​មា​ន​ទ្រព្យ​សម្ប​ត្តិ​ស្តុក​ស្តម្ភ​មួយ​ ​Alfred Vanderbailt មិន​ត្រឹម​តែ​ជា​អ្នក​ជំនួញ​មានបទ​ពិសោធ​ពេញ​ខ្លួន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជាអ្នក​កីឡា​អាជីព​ផងដែរ​។ ចំណង់​ចំណូល​ចិត្ត​សំខាន់​របស់គាត់​គឺជិះ​សេះ​ប្រមាញ់​សត្វ​ព្រៃ​ជាមួយ​មិត្តភក្តិ។ ​ថ្ងៃទី​៩ មេសា​ ​ឆ្នាំ​១៩១២​ ​ពេល​កំពុង​កម្សាន្ត​នៅ​អឺរ៉ុប​ជាមួយ​ភរិយា​ ស្រាប់​តែ​គាត់​សម្រេច​ចិត្ត​មិន​​ទៅ​អា​មេរិក​ដោយ​ជិះ​នាវា​ទី​តានិក​ ទោះ​កក់​សំបុត្រ​ទុក​ហើយ​ក៏​ដោយ​ ។ ប៉ុន្តែ​អ្ន​ក​ឯទៀត​រួ​ម​ទាំង​ភរិយា​គាត់​ផង​នៅ​តែ​ចង់​ត្រឡប់​ទៅអាមេរិក​ដោយ​ជិះ​នាវា​​ទីតានិក​ដ៏​ល្បី​ល្បាញអស្ចារ្យ​ ។ ទីបំផុត​ទាំងអស់​គ្នា​​ឯក​ភាព​កាត់ក្តី​តាម​រយៈ​ការ​បោះ​កាក់​ ​។ ​លទ្ធ​ផល​គឺ​អ្នក​មិន​គួរ​ជិះ​នាវ​ា​ទីតានិក​ ហេតុនេះ​Alfred Vanderbailt និងមនុស្ស​ក្នុង​គ្រួសារ​ក៏​បាន​រួច​ជីវិត​ ។ ​ប៉ុន្តែ​Alfred Vander bailt ខ្លួន​ឯង​៣​ឆ្នាំ​ក្រោយ​ជួប​គ្រោះ​អស់​ជីវិត​ទាល​់​តែបាន​ពេល​គាត់​ត្រឡប់​​ទៅអឺរ៉ុប​ម្តង​ទៀត​រក​ទិញ​សេះ​និង​ឆ្កែ​ប្រមាញ់​បម្រើ​បំណង់​ចំណូល​ចិត្ត​ប្រមាញ់​សត្វ​របស់ខ្លួន​ ។ នាវា​Lusitania ដែល​គាត់​ជិះ​ត្រូវ​មីន​របស់​នាវា​ចម្បាំង​អាល្លឺ​ម៉ង​់​លិច​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​អៀ​រ​ឡង់​ ។
៥-David Blair
David Blair តិច​ ឬ​ច្រើន​បាន​អរ​គុណ​សមាគមនាវា ​White ​Star ដែល​សង្គ្រោះ​ជីវិត​ខ្លួន​ពី​ការលិច​នាវាទីតានិក​ ។ គាត់​បាន​ទទួល​ការតែង​តាំង​ជា​កាពី​ទែន​រង​នាវា​ទីតានិក​ពេល​នាវា​ចេញដំណើរ​ពីទីក្រុង​បែល​ហ្វាស​ទៅ​ថែម​
ថុន​ ។ ប៉ុន្តែ​ពេ​ល​នាវា​ធ្វើ​ដំណើរ​ទៅអាមេរិក​ គាត់​អត់​បាន​ទៅ​ជាមួយ​គេ​ ។ មូលហេតុ​មកពី​សមាគម​​នាវា​ White Star ​សម្រេច​ចិត្ត​ឱ្យ​កាពី​ទែន ​Henry Wilde អ្នក​មានបទពិសោធ​ពេញ​ខ្លួន​ខាង​​នាវា​ចរណ៍​ដែល​កំពុង​ដឹក​នាំ​នាវា​Olympic នោះ​បញ្ជា​ទី​តានិក​វិញ​ ចំណែក​គាត់​ត្រូវ​ផ្លាស់​ទៅ​នាវា​Olympic សិន​ ​។ ​វាពិត​ជា​ហេង​សម្រាប់គាត់​ តែស៊យ​សម្រាប់​ Henry Wilde ។ ​​​ព្រោះ​​តែការផ្លាស់​ប្តូរ​មនុស្ស​បន្ទាន់​ពេក​នា​ពេល​នោះ​​ដែរ ​ដែល​ធ្វើ​ឱ្យ​ទីតា​និក​រង​គ្រោះ​ ព្រោះ​David Blair ​ពេល​ទៅ​​នាវា​Olympic បាន​យក​ចង្កោម​កូន​សោ​ប៉ម​ត្រួត​ពិនិត្យ​ជាប់​ខ្លួន​ភ្លេច​ប្រគល់​ឱ្យ​Frederick Fleet អ្នក​ជំនួយ​ការ​ងារ​ខ្លួន​លើ​នាវា​ទី​តានិក​ ​ហើយ​ក៏​ភ្លេច​កែវ​យឹត​ក្នុង​បន្ទប់​ខ្លួន​ទៀត​ ។ លុះ​នាវា​ទីតានិក​ចេញ​ដំណើរ​មួយ​សន្ទុះ​ទើប​Fredericd Fleet ឆ្លេ​ឆ្លា​ព្រោះ​គ្មាន​ឧបករណ៍​អ្វី​សម្រាប់​ធ្វើ​ការ​ ។ ដូច្នេះ​ហើយ​ទើប​Frederied Flect ពុំ​អាច​មើល​ដឹង​ពី​ចម្ងាយ​ថា​ខាង​មុខ​មាន​ផ្ទាំង​ទឹកកក​ធំ​ស​ម្បើ​ម​​​ ទម្រាំ​តែ​ដឹង​ច្បាស់​អ្វី​ៗ​ហួស​ពេល​អស់​ទៅ​ហើយ​ ។
៦-Edgar Selwyn
Edgar Selwyn ជា​សិល្បករ​ល្បី​ល្បាញ​មួយ​រូប​របស់​អាមេរិក​នា​សតវត្ស​ទី​២០​ ជាអ្នក​ដឹក​នាំ​រឿង​ផង​ ផលិត​ហ្វ៊ីល​​ភាព​យន្ត​ផង​ ។ កេរ្តិ៍​ឈ្មោះ​គាត់​ត្រូវ​បាន​គេ​ស្គាល​់​​ច្រើន​បំផុតពេល​គាត់​ស្ថាបនា​រោង​មហោ​ស្រព​មួយ​​ដាក់​ឈ្មោះ​តាម​ត្រកូល​ខ្លួន​ឯង​ថា«​រោង​មហាស្រព​ Selwyn»​ (​សព្វ​ថ្ងៃ​ជារោ​ង​មហាស្រព​American Airliner )​ ក្នុង​ឆ្នាំ​១៩១៨​ ។ ​Edgar Selwyn មាន​គម្រោង​ត្រឡប់​ទៅ​អាមេរិក​តាម​នាវា​ទីតានិក​ តែ​មិន​យូ​រប៉ុន្មាន​គាត់​លុបចោល​គម្រោង​នោះ​វិញ​ ព្រោះ​ត្រូវ​ទៅជួប​អ្នក​និពន្ធ​អង់​គ្លេស​ម្នាក់​ឈ្មោះ​Arnold Bennett នាថ្ងៃទី​១៩ មេសា​ ឆ្នាំ​១៩១២​ ​ដែល​ទើប​និពន្ធ​បាន​ប្រលោម​លោក​ថ្មី​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ។ ​ដោយ​សារ​មាន​​ការ​សម្រេច​ចិត្ត​បែប​នេះ​ទើប​គាត់​មិនបាន​លិច​លង់​កណ្តាល​មហាសាគរជាមួយ​នាវាទីតានិក​ ។
៧-Jame Martin Gray
 Jame M-Gray ជាបព្វ​ជិត​កាតូ​លិក​ឋាន​ៈ​ខ្ពស់មួួ​យ​រូប​ ទទួល​មុខងារ​ប្រធាន​វិទ្យាស្ថាន​ Moody Bible ។ គាត់មាន​ផែន​ការទេសនា​ក្នុងពិធី​ប្រគល់​សញ្ញា​បត្រ​របស់​វិទ្យាស្ថាន​អង់​គ្លេស​ផង​ អាមេរិក​ផង​ ។ ​ពេល​នោះ​បុព្វជិត​Harold មិត្ត​ភក្តិ​គាត់​នៅ​អស់​គ្លេស​ ឃាត់​គាត់​ឱ្យ​នៅអង់​គ្លេស​​៤-៥​ថ្ងៃ​ទៀត​សិន​ចាំ​នាវា​ទីតានិក​ចេញ​ដំណើរ​សឹម​ទៅ​អាមេរិក​ជាមួយ​នាវា​ទីតានិក​ ប៉ុន្តែ​គាត់​មិន​ព្រម​ ព្រោះ​ប្រញាប់​ទៅ អាមេរិក​ទេសនា​ឱ្យ​ទាន់​ពេល​ពួក​និស្សិត​ត្រូវ​ប្រឡង​ចេញ​ទៀត​ ។ ហេតុ​នេះ​គាត់​ជិះ​ក​ប៉ាល់​​ផ្សេង​ធ្វើ​ដំណើរ​ទៅអាមេរិក​មុន​ការ​ចេញ​ដំណើរ​របស់​នាវា​ទីតានិក​មួយ​សប្តាហ៍​ ។
៨-Norman Craig
Norman Craig ជាសមាជិក​សភា​ស្កុត​​លែន​ និងជា​ទី​ប្រឹក្សា​ស្តេច​ផង​ ។ គាត់​ទិញសំបុត្រ​នាវ​ា​ទីតានិក​ ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​នៅអាមេរិក​ ។​ ពេល​ទីតានិក​លិច​កណ្តាល​មហា​សាគរ​សម្លាប់​មនុស្ស​ជាង​១.៥០០​នាក់​ បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ញាប់​ញ័រ​ពេញ​ចក្រ​ភព​អង់​គ្លេស​ ​ពួ​ក​មិត្ត​ភក្តិ​គាត់ខ្លះ​គិត​ថាគាត់​ស្លាប់​ ខ្លះ​ទៀត​សង្ឃឹម​ថ​ាគាត់​ប្រហែល​បានទទួល​ការសង្គ្រោះ​ទាន់​ពេល​រួច​ពី​ស្លាប់​ ។ ប៉ុន្តែ​តាម​ពិត​គាត់​អត់ជិះ​នាវា​ទីតានិក​ផង​បានអី​ស្លាប់​?​ Norman Craig និយាយ​ថា​«ខ្ញុំ​មិន​ដឹង​ប្រាប់​អ្នក​រាល​់គ្នា​ថា​ម៉េច
ទេ​ ។ ​ខ្ញុំ​ប្រាប់​បាន​ត្រឹម​តែ​​នៅ​ពេល​ហៀប​ឡើង​ជិះ​នាវាទីតានិក​ ស្រាប់​តែ​មាន​អ្វី​មួួ​យ​បណ្តាល​ឱ្យ​ចិត្ត​ខ្ញុំ​ធុញ​ទ្រាន់​ការ​កម្សាន្ត​តាម​នាវា​​ ហើយ​ក៏​ឈប់​ធ្វើ​ដំណើរ​ទៅ​វិញ​ »។
៩-Baron M-von Bethmann
ឆ្នាំ​១៩១២​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​៣​រូប​ គឺ​Baron M-von Bethmann , P.de La Vielestreaux និង​ Maurice Brevard សម្រេច​ចិត្ត​រួមគ្នា​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​វិញ​ពិភព​លោក​ ​។ ពេល​កំពុងធ្វើ​ទស្សន​​កិច្ច​មជ្ឈមណ្ឌល​ ឧស្សាហ​កម្ម​ និងពាណិជ្ជ​កម្ម​នៅឈី​កាហ្គោ​ សហរដ្ឋ​អាមេរិក​ ពួក​គេ​បាន​ទទួល​ព័ត៌​មាន​ថា​ខ្លួន​មាន​សំណាង​ខ្ពស់​ដោយ​សារ​មិនជិះ​នាវា​ទីតានិក​ ។
«​មុនដំបូង​ពួក​ខ្ញុំ​ត្រៀម​ធ្វើ​ដំណើរ​តាម​នាវា​ទីតានិក​ តែចុងក្រោយ​សម្រច​ចិត្ត​ជិះ​កប៉ាល់​​ផ្សេង​មក​អាមេរិក​មុន​ទីតានិក​ ។ ​មូល​ហេតុ​មា​​ន​រឿង​ដូច្នេះ​ ​ព្រោះ​ក្នុង​ចំណាយ​ពួក​ខ្ញុំ​បីនាក់​មាន​ម្នាក់​មិនចង់​រង់ចាំ​ជិះ​ទីតា​និក​ ​ដោយ​​និយាយ​ថា​ ការរង់​ចំា​ជាការ​ចំណោម​​ពេល​ចោល​ដ៏គួរ​​ឱ្យ​ស្តាយ​ ។  ទីបំផុត​ពួក​ខ្ញុំ​ឯក​ភាព​គ្នា​បោះ​កាក់​កាត់​សេចក្តី​ ។  ការបោះ​កាក់​ពេល​នោះ​បង្ហាញ​ថា​ពួក​ខ្ញុំ​គួរ​ធ្វើ​ដំណើរ​ភ្លាម​កុំ​ចា​ំ​ជិះ​ទីតានិក​ ។ បើ​គ្មាន​ការ​បោះ​កាក់​ពិតជា​អ្វី​ៗ​ចប់​អស់​​រលីង​ទៅ​ហើយ​» ។
១០-Robert Bacon
ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​បារំាង​លោក​ Robert Bacon បាន​ទិញ​សំបុត្រ​​ធ្វើ​ដំណើរ​តាមនាវា​ទីតា​និក​សម្រាប់​គ្រួសារ​ដែល​រួម​មាន​ខ្លួន​ឯង​ ប្រពន្ធ​និងកូន​ស្រី​ ។ ប៉ុន្តែ​ការធ្វើ​ដំណើរ​របស់​ពួក​គេ​ត្រូវ​ពន្យារ​ពេល​ដោយ​ហេតុ​ការ​តែង​តាំង​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​យឺត​យ៉ាវ​​ ។ ទាល់​តែ​ដល់​ថ្ងៃទី​២០​ មេសា​ ឆ្នាំ​១៩១២ ទើប​គ្រួសារ​លោក​Bacon បាន​ចេញ​ដំណើរ​ដោយ​ជិះ​នាវា​S.S Franee  វិញ៕