ទីភ្នាក់ងារព័ត៌មានបរទេស ផ្សាយឱ្យដឹងថា អាជ្ញាធរប៉ូលិសក្នុងរដ្ឋញូវចឺស៊ី ត្រៀមពិន័យជាទឹកប្រាក់ចំនួន៨៥ដុល្លារ ទៅលើអ្នកដែលងប់ងុលលេងទូរស័ព្ទចល័ត ឬវាយអត្ថបទបញ្ជូនសារ ខណៈពេលកំពុងដើរនៅលើដងផ្លូវ ។
លោកថូម៉ាស់ រីប៉ូលី អធិការប៉ូលិសថ្លែងថា ទង្វើខាងលើចាត់ទុកជាការរំខាននិងធ្វើឱ្យគ្មានលក្ខណៈប្រាកដក្នុងចិត្តថា នឹងដើរទៅផ្លូវណា និងមិនប្រុងប្រយ័ត្ន ។ គ្រាន់តែក្នុងរយៈពេលជាង៤ខែដើមឆ្នាំ២០១២នេះ មានអ្នកស្លាប់បាត់បង់ជីវិតចំនួន៣នាក់ ដោយសារសកម្មភាពដូចខាងលើ និងសង្ឃឹមថា បទដ្ឋាននេះនឹងជួយកាត់បន្ថយឧប្បត្តិហេតុបាន ។
គម្រោងការខាងលើនឹងធ្វើការពិន័យ ប្រសិនបើយកទូរស័ព្ទចុចលេងនៅតាមដងផ្លូវខណៈពេលកំពុងដើរ ។ បទដ្ឋាននេះធ្វើឱ្យមនុស្សមួយចំនួនមិនយល់ស្រប និងផ្តល់ការយល់ឃើញថា ទឹកប្រាក់ចំនួន៨៥ដុល្លា ហាក់ដូចជាច្រើនសម្រាប់ទោសកំហុសដ៏តូចបែបនេះ ។ រីឯមនុស្សមួយចំនួនទៀត ព្យាយាមផ្តល់អំណះអំណាងថា គ្រាន់តែលើកយកទូរស័ព្ទមកមើលរយៈពេលខ្លីប៉ុណ្ណោះ មិនបានយកមកចុចបញ្ជូនសារឡើយ ។
ទោះជាយ៉ាងណាក៏ដោយ កន្លងមកមានអ្នកទទួលប័ណ្ណសម្រាប់ធ្វើការព្រមានពីការដើរលេងចុចទូរស័ព្ទចំនួន១១៧នាក់ នៅរដ្ឋញូវចឺស៊ី ។ ចំណែកសាស្ត្រាចារ្យចំនួន២នាក់ មកពីមហាវិទ្យាល័យស្តូនីប្រ៊ូក នៅទីក្រុងញូវយ៉ក បានបង្ហាញពីលទ្ធផលស្រាវជ្រាវដោយបញ្ជាក់ថា ការចុចអត្ថបទតាមទូរស័ព្ទខណៈពេលកំពុងដើរធ្វើឱ្យមានការវង្វេងផ្លូវ ឬខុសទិសដៅប្រហែល៦០% និងអាចបង្កឱ្យកើតមានឧប្បត្តិហេតុធ្ងន់ធ្ងរបាន ។ ការឱនចុចអត្ថបទសារក្នុងទូរស័ព្ទអាចកាត់បន្ថយលទ្ធភាពក្នុងការដើរ ឬដើរយឺត ជាងការដើរនិយាយទូរស័ព្ទ ៕
ចែករំលែកព័តមាននេះ