ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទការប្រកួត​​កីឡា​​កាយ​សម្ព័ន្ធ​​ជ្រើសរើសជើងឯក​​​​2012

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើសរើសជើង​ឯក​​ទូទាំង​ប្រទេសប្រចាំ​​ឆ្នាំ​២០១២​​ត្រូវ​បានបញ្ចប់ទាំងស្រុង​កាលពីថ្ងៃ​ទី​១២​ ឧសភា​​កន្លង​មក បន្ទាប់​​​ពី​​ចាប់​ផ្តើម​​​ការ​ប្រកួត​​តាំងពី​​ថ្ងៃទី​៨ ឧសភា​ ហើយ​​​ពិធី​បិទ​ការ​​ប្រកួតត្រូវ​បាន​​រៀបចំ​​​​ធ្វើ​​​​នៅ​​សាល​​ដំបូល​ទូក​​នៃ​​​ពហុកីឡដ្ឋានជាតិ ។​

លោក​ណយ ផាណា  អគ្គ​​​លេខាធិការ​នៃ​សហ​​ព័ន្ធ​កីឡា​​​កាយ​សម្ព័ន្ធ​​កម្ពុជា​បាន​ឱ្យ​ដឹងថា ព្រឹត្តិការណ៍​នៃការ​​ប្រកួត​​ឆ្នាំ​នេះ​មាន​ភាព​គគ្រឹក​គគ្រេងជាងឆ្នាំមុន​ បើទោះ​​ជាចំនួន​ក្លឹប​និង​​​កីឡាករ​​ កីឡាការិនី​​​មាន​ការ​ថយចុះ​​បន្តិច​ក្តី ។  លោក​បាន​គូសបញ្ជាក់​​បន្ថែម​ទៀត​ថា  បើពិនិត្យ​​ទៅ​លើកម្រិត​បច្ចេកទេស​គ្រប់​វិញ្ញាសា គឺមាន​ការ​​រីក​ចម្រើន​​ជាងមុន ។  ម្យ៉ាង​វិញ​ទៀត​​យើង​​​សង្កេតឃើញ​​ថា ​មាន​ក្លឹប​មួយចំនួន​កំពុង​​តែ​លេចធ្លោ​​ជាង​គេដូចជាក្លឹប៧​មករា​សែនជ័យ ដែល​បាន​ខិតខំ​ពង្រីក​​សមត្ថភាព​​​កីឡាករ​របស់​ខ្លួន​​​បាន​ល្អ​ជាង​មុន​ រហូត​​​ទទួល​បាន​​​ចំណាត់​ថ្នាក់​​​​​លេខ១ ដោយរក​បាន​​មេដាយ​មាស​ចំនួន​​១២​ និង​​​​មេដាយ​ប្រាក់​៦​​ថែម​ទៀតផង​ ។ បន្ទាប់​​មក​ក្លឹបឃុំខ្វាវ ខេត្ត​តាកែវ ស្ថិតនៅ​ចំណាត់​ថ្នាក់​​លេខ២ ទទួល​​បាន​​មេដាយមាស​៥​  ប្រាក់​​៦​​ សំរឹទ្ធ១​ ​និង​​​សាលា​បឋម​សិក្សា​​ទួល​​​ខ្វាវ ស្ថិត​នៅ​​ចំណាត់​​ថ្នាក់​លេខ​៣ ទទួល​​​បាន​មេដាយ​មាស២  ប្រាក់​៦ សំរឹទ្ធ៤ ។

​លោក​​​​ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​ឱ្យ​​ដឹងថា យោង​ទៅ​តាម​​ការ​ពិនិត្យ​​ជាក់​ស្តែងបាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការរីក​ចម្រើន​​​ឥត​ឈប់​ឈរ​របស់​​​សហព័ន្ធ​​កីឡាកាយសម្ព័ន្ធ​​កម្ពុជា​ពី១ឆ្នាំទៅ១   ​ឆ្នាំ ។ ក្នុង​នាម​​រូប​លោក​តំណាង​ឱ្យក្រសួង​អប់រំ យុវជននិង​​កីឡា​ លោក​​​សំណូមពរ​​ដល់​​កីឡាករ  កីឡាការិនី​ទាំង​អស់​ត្រូវ​ខិតខំ​ហ្វឹក​ហាត់​​បន្ថែម​ទៀត​​ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ភាព​ជោគជ័យនៅ​លើឆាក​អន្តរជាតិ​​និង​រក​មេដាយ​​មកជូន​​ជាតិ​​របស់​យើង ៕