ខេត្តបាត់ដំបង ៖ កីឡាការិនីបាល់ទាត់កម្ពុជា អាយុក្រោម១៥ឆ្នាំ ប្រមាណ១០០នាក់ មកពីខេត្តចំនួន៨ បានជួបប្រកួតគ្នានៅសាកលវិទ្យាល័យបាត់ដំបងក្រុង ក្នុងនោះមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ(ជំនួសដោយអង្គការ CFI) បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន និងរាជធានីភ្នំពេញ ។ ការប្រកួតនេះ រៀបចំឡើងដោយកម្មវិធីសលត៍ (SALT) Academy) និងមានការឧបត្ថម្ភថវិកាដោយស្ថានទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចាប់ប្រកួតពីថ្ងៃទី៨ដល់១៤ ឧសភា ។
ចូលរួមប្រគល់រង្វាន់ និងពានជ័យជម្នះរបស់ប្រទេសអាល្លឺម៉ង់នៅល្ងាចថ្ងៃបញ្ចប់ការប្រកួត មានលោកសុខ គង់ អភិបាលរងខេត្ត លោក HORST TKILLER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា លោក SAMUEL Schweing ruber នាយកកម្មវិធី SALT លោកថុក ប៊ុនធឿន អនុប្រធានមន្ទីរអប់រំខេត្ត លោកគង់ សុផាណា លេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកឌួង វិចិត្រ គ្រូឧទ្ទេសអាជ្ញាកណ្តាលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិច្រើនរូបទៀត ។
លោក SAMUEL Schweingrube r នាយកកម្មវិធី SALT បានថ្លែងអំណរគុណអ្នកដែលគាំទ្រកម្មវិធីបាល់ទាត់ស្ត្រីកម្ពុជាអាយុក្រោម១៥ឆ្នាំ មានទាំងថវិកា ទីកន្លែង សំខាន់បញ្ជូនគ្រូបង្វឹកអប់រំមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមកជួយបង្រៀនបំប៉នបន្ថែមរយៈពេល៧ថ្ងៃកន្លងមកនេះ ។ នេះជាលើកទី១ហើយដែលយើងបានចាប់ផ្តើមនៅខេត្តបាត់ដំបងនេះ និងសង្ឃឹមថា ឆ្នាំក្រោយប្រាកដជាមានអ្នកគាំទ្រនិងចូលរួមកាន់តែច្រើនឡើងថែមទៀត ។
កញ្ញាឈឿន លីដា គ្រូបង្វឹកបាល់ទាត់ស្ត្រីតំណាងឱ្យកីឡាការិនីទាំង៨ខេត្តបានបញ្ជាក់ថា យើងទាំងអស់គ្នាចង់ឱ្យស្ត្រីក្លាយជាអ្នកដឹកនាំវ័យក្មេងតាមរយៈកីឡានេះ ហើយវិស័យកីឡាជាផ្នែកមួយជួយជំរុញប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ។ ជាមួយនេះ កញ្ញាបានថ្លែងអំណរគុណដល់កម្មវិធី SALT ដែលបានបង្កើតកម្មវិធីនេះឡើង ជួយបំបាត់ភាពរើសអើងដល់មនុស្សទូទៅទូទាំងសកលលោក ។
លោក HORST TKILLER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ថ្លែងថា នៅប្រទេសអាល្លឺម៉ង់ មានកីឡាការិនីបាល់ទាត់ខ្លាំងមែនទែនលើឆាកអន្តរជាតិ ហើយពេលលោកមកដល់ទីនេះ ឃើញមានស្ត្រីកម្ពុជាខិតខំប្រឹងប្រែងហ្វឹកហាត់ក្នុងវិស័យកីឡាបាល់ទាត់ លោកសប្បាយចិត្តណាស់ ។ ម្យា៉ងទៀតលោកនឹងខិតខំបន្តជួយបន្ថែមទៀតនៅឆ្នាំក្រោយទាំងថវិកា និងការហ្វឹកហាត់បច្ចេកទេស ។
លោកសុខ គង់ អភិបាលរងខេត្តថ្លែងថា នេះជាការលើកកម្ពស់ស្ត្រីដែលឆ្នាំមុនមានម្តង នៅទីនេះតែមិនដូចលើកនេះទេ ។ វិស័យកីឡាជួយធ្វើឱ្យស្ត្រីយើងមានភាពក្លាហាន សុខភាពមាំមួន កាយសម្បាទារឹងមាំ និងមានទំនាក់ទំនង មានប្រយោជន៍ច្រើនជាទូទៅដល់សង្គមអន្តរជាតិ ។
កីឡាករកីឡាការិនីដែលល្បីល្បាញពីមុនមកគឺ ភាគច្រើនចេញពីខេត្តបាត់ដំបងនេះ ហើយឥឡូវកំពុងតែងើបឡើងវិញ ព្រោះជារៀងរាល់ឆ្នាំមានកីឡាករកីឡាការិនីជាច្រើនបានទៅប្រកួតនៅអន្តរជាតិ ទទួលបានមេដាយមកវិញជាបន្តបន្ទាប់ ។ នៅក្នុងការប្រកួតនេះ ជាលទ្ធផលប្រកួតដោយយុត្តិធម៌បានទៅក្រុមមកពីរាជធានីភ្នំពេញ លេខ៣បានទៅក្រុមខេត្តកំពង់ធំ លេខ២បាន ទៅក្រុមខេត្តបន្ទាយមានជ័យដែលជំនួសដោយអង្គការ CFI និងលេខ១បានទៅក្រុមខេត្តបាត់ដំបង ៕


ចែករំលែកព័តមាននេះ