ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយឱ្យដឹងថា លោកអាឡាំងរ៉ូប៊ែរ ជនជាតិបារាំងអាយុ៥០ឆ្នាំ ម្ចាស់រហស្សនាម«មនុស្សពីងពាង» បានបង្កើតឯតទគ្គកម្មថ្មីដោយឡើងអគារខ្ពស់កន្លែងថ្មី នៅកណ្តាលក្រុងប៉ារីស ប្រទេសបារាំង ។
អគារអាកាសដែលបុរសពីងពាងឡើង ជាអគារដំបូងរបស់«ឡាដេហ្វុង» ក្នុងតំបន់ពាណិជ្ជកម្មដ៏សំខាន់របស់បារាំង មានកម្ពស់២៣១ម៉ែត្រ ដោយមានមនុស្សផ្តល់ជាកម្លាំងចិត្តនៅលើដី និងនៅតាមបង្អួចនៃអគារ ។
ក្នុងអំឡុងពេល១៥ឆ្នាំកន្លងមកនេះ លោកអាឡាំងរ៉ូប៊ែរ បានឡើងអគារខ្ពស់ៗនិងវិមានអនុស្សាវរីយ៍ធំៗបានជាង១០០កន្លែង ភាគច្រើនជាការលួចឡើងដោយខុសច្បាប់ ប៉ុន្តែការឡើងលើកនេះបានទទួលការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរ ។ នៅពេលមានការចោទសួរថា តើរូបគាត់ភ័យខ្លាចឬអត់ ចំពោះការឡើងខ្ពស់បែបនេះ ? គាត់ឆ្លើយថា «ខ្ញុំគ្មានពេលខ្លាចនិងកម្ពស់ទេ ខ្ញុំនៅមានរឿងរ៉ាវជាច្រើនត្រូវធ្វើ ។
កាលពីឆ្នាំ២០០៩ លោកអាឡាំងរ៉ូប៊ែរ បានឡើងអគារភ្លោះ ប៉េត្រូណាស់ ប្រទេសម៉ាឡេស៊ី ដែលមានកម្ពស់៨៨ជាន់ គឺប្រហែល៤៥២ម៉ែត្រ ហើយត្រូវប៉ូលិសចាប់ខ្លួន ។ លុះក្រោយមកនៅឆ្នាំ២០១០ក៏បានឡើងអគារភ្លោះ «លូមៀរ៍» មានកម្ពស់១៥០ម៉ែត្រ ដោយដៃទទេ នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ប៉ុន្តែក្រោយមកក៏ត្រូវប៉ូលិសចាប់ខ្លួនពីបទចោទប្រកាន់ថារំលោភបំពាន ។
នៅក្នុងឆ្នាំ២០១១ លោកអាឡាំងរ៉ូប៊ែរបានបង្កើតភាព ល្បីរន្ទឺជាថ្មីដោយឡើងអគារ«ប៊ើច កាលីហ្វា ជាអគារខ្ពស់បំផុតនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមកម្ពស់៨២៨ម៉ែត្រ ក្រោមសម្ពាធអកាសធាតុក្តៅខ្លាំងដល់ទៅ៤០អង្សាសេ (៤០oC) ៕






ចែករំលែកព័តមាននេះ