ប្រភពពីទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ឧសភា ផ្សាយឱ្យដឹងថា នៅថ្ងៃទី២០ ឧសភា ខាងមុខ នឹងកើតមានបាតុភូតសូរ្យគ្រាស ហើយតំបន់ដែលនឹងមើលឃើញបាតុភូតនេះច្បាស់គឺស្ថិតនៅភាគខាងលិចអាមេរិកខាងជើង ឯតំបន់ជាច្រើនទៀតនៅអាស៊ី និងប៉ាស៊ីហ្វិក ក៏អាចមើលឃើញ ។
ហេតុការណ៍នេះ ចាត់ទុកថាជាបាតុភូត ផ្នែកតារាសាស្ត្រលើកទី២ ដែលបានកើតឡើងក្នុងអំឡុងខែនេះ ខណៈកាលពីថ្ងៃទី៥-៦ ឧសភា កន្លងមក ក៏មានកើតបាតុភូតព្រះចន្ទ ចូលកៀកផែនដីបំផុត ឬ «ស៊ុបពើរមូន» ធ្វើឱ្យតំបន់ជាច្រើននៅលើពិភពលោកមើលឃើញព្រះចន្ទធំ និងភ្លឺជាងប្រក្រតី ។ លើសពីនេះ ក៏មានលក្ខណៈពិសេសស្របនឹងថ្ងៃពេញបូរមី ដែលធ្វើឱ្យព្រះចន្ទមានទំហំកាន់តែធំទៀត ។
សម្រាប់សូរ្យគ្រាសលើកនេះ ក៏មានលក្ខណៈពិសេសដូចគ្នា ព្រោះព្រះចន្ទកំពុងស្ថិតក្នុងគន្លងឆ្ងាយពីដែនដីច្រើន ទើបព្រះចន្ទតូចនិងបាំងព្រះអាទិត្យមិនបានពេញដួង ហើយកើតមានជាលក្ខណៈសូរ្យគ្រាសជារូបរង្វង់ចិញ្ចៀន ដោយអាចមើលឃើញពន្លឺព្រះអាទិត្យក្លាយជារង្វង់ព័ទ្ធជុំវិញព្រះចន្ទ និងគ្មានលក្ខណៈសូរ្យគ្រាសពេញវង់ ប៉ុន្តែក៏មានលក្ខណៈល្អគួរឱ្យចង់គយគន់៕
ចែករំលែកព័តមាននេះ