រដ្ឋមន្ត្រីការបរទេសជប៉ុន លោកកូអ៊ីជីរ៉ូ ហ្សេមបា គូសបញ្ជាក់កាលពីថ្ងៃទី១១ឧសភាថា ប្រទេសជប៉ុនចង់ចាប់ផ្តើមចាប់តាំងពីដំណាច់ឆ្នាំនេះទៅនូវការចរចាជាផ្លូវការស្តីពីកិច្ចព្រមព្រៀងផ្លាស់ប្តូរសេរីត្រីភាគីជាមួយចិន និងកូរ៉េខាងត្បូង។
លោកហ្សេមបា បន្តថា ជប៉ុន ចិន និងកូរ៉េ ខាងត្បូងនឹងចុះហត្ថលេខានាថ្ងៃទី១៣ឧសភា នៅទីក្រុងប៉េកាំងលើកិច្ចព្រមព្រៀងមួយដែលសំដៅសម្រួលការវិនិយោគរវាងប្រទេសទាំង៣ ក្នុងឱកាសនៃការជួបគ្នារបស់មេដឹកនាំនៃប្រទេសនោះក្នុងរដ្ឋធានីចិន ។
លោកហ្សេមបាថ្លែងថា លោកចង់ឱ្យកិច្ចព្រមព្រៀងវិនិយោគនោះធ្វើជាផ្លូវឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្លាស់ប្តូរសេរីមួយរវាងប្រទេសទាំង៣ ហើយជប៉ុនចង់ចាប់ផ្តើមការចរចាពីរឿងនោះពីដំណាច់ឆ្នាំនេះទៅ ។
នាយករដ្ឋមន្ត្រីជប៉ុនលោកយូស៊ីហុីកូ ណូដា ត្រូវទៅកាន់ក្រុងប៉េកាំងនារសៀលថ្ងៃទី១២ ឧសភា ដើម្បីចូលរួមនាថ្ងៃទី១៤ឧសភាក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយនាយករដ្ឋមន្ត្រីចិនលោកវេនជាបាវ និងប្រធានាធិបតីកូរ៉េខាងត្បូង លោកលីម្យុងបាក់ ៕
ចែករំលែកព័តមាននេះ