គណៈកម្មធិការអ្នកជំនាញការមួយកាលពីថ្ងៃទី១០ឧសភាបានធ្វើអនុសាសន៍ដល់ទីភ្នាក់ងារឱសថអាមេរិក FDA ឱ្យមានការដាក់លក់ថ្នាំឈ្មោះទ្រូវ៉ាដា TRUVADA ជាថ្នាំបង្ការប្រឆាំងជំងឺអេដស៍ដែលផលិតបានទោះបីជាអង្គការមួយចំនួនមានការភ័យខ្លាចការអនុញ្ញាតបែបនេះញ៉ាំងឱ្យមានឥរិយាបថរួមភេទកាន់តែគ្រោះថ្នាក់ក៏ដោយ ។
FDA នៅពុំទាន់សម្រេចលើអនុសាសន៍របស់គណៈកម្មាធិការនេះនៅឡើយក៏ប៉ុន្តែជារឿយៗ FDAតែងអនុម័តតាមអនុសាសន៍របស់គណៈកម្មាធិការនោះ ។ ការសម្រេចចិត្តរបស់ FDA នឹងធ្វើនាថ្ងៃទី១៥ មិថុនាខាងមុខនេះ ។ដោយសំឡេងភាគច្រើនអ្នកជំនាញការ២២រូបនៃគណៈកម្មាធិការនោះបានគាំទ្រឱ្យធ្វើពាណិជ្ជកម្មថ្នាំទ្រូវ៉ាដា ផលិតដោយមន្ទីរពិសោធន៍អាមេរិក GILEAD SCIENCES ។
ការបោះឆ្នោតក្នុងគណៈកម្មាធិការអ្នកជំនាញការនោះធ្វើជា៣ដំណាក់កាល ។ ដំណាក់ កាលទីមួយ សមាជិក១៩រូប បោះគាំទ្រដល់ការធ្វើអនុសាសន៍ អនុញ្ញាតឱ្យប្រើថ្នាំនេះសម្រាប់ពួកអ្នករួមភេទដូចគ្នាពុំទាន់ឆ្លងអេដស៍ ។ ដំណាក់កាលទី២ សមាជិក១៩រូបបោះឆ្នោតគាំទ្រ ការលក់ថ្នាំទ្រូវ៉ាដា ឱ្យដល់គូស្នេហ៍រួមភេទខុសគ្នា ដែលដៃគូម្នាក់មានឆ្លងអេដស៍ ។ ក្នុងការបោះឆ្នោតដំណាក់កាលទី៣មានសំឡេង១២គាំទ្រ៨ប្រឆាំង និង២អនុប្បវាទ ឱ្យធ្វើពាណិជ្ជកម្មថ្នាំនេះ សម្រាប់មនុស្សឯទៀតៗដែលងាយឆ្លងជំងឺអេដស៍ ដោយសារសកម្មភាពរួមភេទរបស់ពួកគេ ។ ការបោះឆ្នោតនេះធ្វើឡើងក្រោយពីការជជែកដេញដោលគ្នាច្រើនថ្ងៃមក ។
ថ្នាំទ្រូវ៉ាដាជាថ្នាំលាយបញ្ចូលគ្នានូវថ្នាំប្រឆាំងវិរុស២ មិនអាចប្រើសម្រាប់មនុស្សដែលឆ្លងវីរុសហុីវរួចហើយ ។ តម្លៃរបស់ថ្នាំនេះគឺរវាងពី១២.០០០ទៅ១៤.០០០ដុល្លារ ក្នុងមួយឆ្នាំ ។ ប្រសិទ្ធភាពបង្ការរបស់ថ្នាំនេះបង្ហាញច្បាស់តាមរយៈលទ្ធផលនៃការសាកល្បងគ្លីនិកនានាពីខែកក្កដា ឆ្នាំ២០០៧ ដល់ខែធ្នូ ឆ្នាំ២០០៩ ក្នុងប្រទេស៦ ក្នុងនោះមានប្រេស៊ីល អាហ្វ្រិក ខាងត្បូង និងសហរដ្ឋអាមេរិក ហើយផ្តល់លុយកាក់មួយផ្នែកធំដោយបណ្តាវិទ្យាស្ថានជាតិសុខភាពអាមេរិក។
ការសិក្សាគ្លីនិកមួយបង្ហាញថា ថ្នាំទ្រូវ៉ាដា កាត់បន្ថយគ្រោះថ្នាក់ឆ្លងអេដស៍រហូតដល់៧៥% ចំពោះបណ្តាគូស្នេហ៍រួមភេទខុសគ្នា ដែលដៃគូម្នាក់មានផ្ទុកវីរុសហ៊ីវ ៕
ចែករំលែកព័តមាននេះ