ម៉ាស៊ីនឃោសនាផ្លូវការភូមារាយការណ៍កាលពីថ្ងៃទី១១ឧសភាថា ប្រទេសមីយ៉ាន់ម៉ា (ភូមា)និងប៉ូឡូញមានបំណងរួមសហការគ្នាក្នុងផ្នែកថាមពលក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២។
ក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងណៃពីដោរវាងរដ្ឋមន្ត្រីថាមពលភូមា លោកអ៊ូថាន់ ហាស់តៃ និងរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោករ៉ាដូស្លាវសីុគ័រស្គី ប៉ូឡូញ បានផ្តល់ឱ្យមីយ៉ាន់ម៉ានូវការវិនិយោគខាងផ្នែកថាមពល គ្រឿងម៉ាស៊ីន និងសេវាកម្មបច្ចេកទេស ព្រមទាំងជួយបណ្តុះបណ្តាលពួកអ្នកជំនាញការភូមា ។
ម្យ៉ាងវិញទៀត សិក្ខាសាលាសេដ្ឋកិច្ចភូមា-ប៉ូឡូញមួយត្រូវបានរៀបចំធ្វើដោយសហភាពសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មមីយ៉ាន់ម៉ា និងដោយក្រសួងការបរទេសប៉ូឡូញនៅក្រុងរ៉ង់ហ្គូន ហើយពិធីសារនៃកិច្ចព្រមព្រៀងមួួយស្តីពីកិច្ចសហប្រតិបត្តិការត្រូវបានចុះហត្ថលេខារវាងសមាគមភូមិវិទ្យាភូមា និងសាកលវិទ្យាល័យ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាAGH របស់ប៉ូឡូញ។
ប្រធានាធិបតីភូមាលោកថេនសេនបានជួបពិភាក្សាជាមួយលោកស៊ីគ័រស្គី ដែលមកបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាពីថ្ងៃទី៩ដល់ទី១០ឧសភា ។ គូសន្ទនាទាំង២បានសន្យាពង្រឹងនិងថែរក្សាទំនាក់ទំនងមិត្តភាព ហើយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង២ ៕
ចែករំលែកព័តមាននេះ