សារព័ត៌មានបរទេសផ្សាយថា បរិមាណផ្លាស្ទិកខ្នាតតូចនៅក្នុងដែនទឹក នៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក បានបង្កើនចំនួនជាបន្តបន្ទាប់ក្នុងអំឡុងពេលជាង៤០ឆ្នាំ ជាពិសេសនៅបរិវេណខាងក្រៅឆ្នេរសមុទ្រក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។
ក្រុមអ្នកស្រាវជ្រាវ ដឹកនាំដោយលោកមីរីយ៉ាម ហ្គោលប៊ើក នៃវិទ្យាស្ថានស្រាវជ្រាវផ្នែកសមុទ្រ «ស្គ្រីប» បានរកឃើញទិន្នន័យគួរឱ្យបារម្ភថា ហេតុផលមួយដែលធ្វើឱ្យសំរាមផ្លាស្ទិកកើនចំនួនដ៏ឆាប់រហ័សក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្រោះពន្លឺព្រះអាទិត្យ និងទឹករលក ជួយបំបែករំលាយសំរាមផ្លាស្ទិកផ្ទាំងធំឱ្យក្លាយជាបំណែកតូចៗយ៉ាងច្រើន ដោយបំណែកមួយចំនួនមានខ្នាតតូចជាងក្រចកដៃ បង្កឱ្យមានការរាយប៉ាយនៅពាសពេញមហាសមុទ្រ គឺរូបភាពមួយដែលគ្មាននរណាម្នាក់ធ្លាប់គិតកាលពីមុន ជាពិសេសក្នុងដែនទឹកនៅភាគខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក នៅរដ្ឋហាវ៉ៃ និងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។
តាមទិន្នន័យរបស់ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវផ្នែកសមុទ្រ រកឃើញថា សំរាមផ្លាស្ទិកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឱ្យមានផលប៉ះពាល់ជាជាតិពុលក្នុងមហាសមុទ្រ និងប៉ះពាល់ដល់សត្វសមុទ្រ ។ កាលពីមុននេះ មានការស្រាវជ្រាងវរកឃើញថា ប្រហែល៩% នៃត្រីជាក្រុមគំរូដែលនេសាទបាន មានកម្ទេចសំរាមផ្លាស្ទិកនៅក្នុងពោះ និងរំពឹងថា បរិមាណសំរាមផ្លាស្ទិកដែលត្រីនៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិកលេបចូលអាចមានចំនួនខ្ពស់ដល់ទៅ១២.០០០ទៅ២៤.០០០តោន ក្នុងមួយឆ្នាំ ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានទិន្នន័យបញ្ជាក់ឱ្យដឹងថា ប្រជុំសំរាមផ្លាស្ទិក ដែលប្រមូលផ្តុំគ្នាជាផ្ទាំងដ៏ធំ ក៏នៅមានប្រយោជន៍ផ្នែកជីវវិទ្យាមួយចំនួនដូចជា ប្រទះឃើញមានបក្សីសមុទ្រ និងសត្វល្អិតប្រភេទមួយចំនួនប្រើប្រាស់ជាទីកន្លែងសម្រាប់ពងនៅកណ្តាលសមុទ្រ៕
ចែករំលែកព័តមាននេះ