ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA ដែលដកស្រង់ប្រភពព័ត៌មានពន្ធនាគាររាយការណ៍កាលពីថ្ងៃទី១០ ឧសភាថា អតីតមេម៉ាហ្វីយ៉ាក្រុងស៊ីស៊ីលអ៊ីតាលីឈ្មោះប័រណាដូ ប្រូវេន ហ្សាណូ បានប៉ុនប៉ងធ្វើអត្តឃាតជាមួយថង់ប្លាស្ទីកក្នុងពន្ធនាគារមួយនៃទីក្រុង PARME ។
ប្រូវេនហ្សាណូ អាយុ៧៩ឆ្នាំ មានជំងឺធ្ងន់ធ្ងរ ហើយស្ថិតក្រោមរបបឃុំឃាំងតឹងតែងជាមួយអ្នកទោស៥០នាក់ទៀត ក្នុងពន្ធនាគារដែលមានកិច្ចការពារខ្ពស់នៃទីក្រុងនោះ កាលពីយប់ថ្ងៃទី៩ឧសភាត្រូវបានឆ្មាំគុកម្នាក់ឃើញកំពុងដេកលើគ្រែយកថង់ប្លាស្ទីកច្រកចូលក្នុងក្បាលមានបំណងឱ្យថប់ដង្ហើមស្លាប់ ។ ដោយគេឃើញទាន់ ជននោះនៅរួចរស់រានមានជីវិត ។ ជននេះត្រូវទទួលការកាត់ទោសជាច្រើនលើកដាក់គុកអស់មួយជីវិតហើយស្ថិតក្រោមការតាមឃ្លាំមើលជាប្រចាំហើយរាល់វត្តមាននៃថង់ប្លាស្ទីកឬរបស់របរគ្រោះថ្នាក់ឯទៀតៗ តាមធម្មតាត្រូវហាមមិនឱ្យយកចូលក្នុងពន្ធនាគារនោះ ។
ជននេះកើតជំងឺមហារីកធ្លាប់ធ្វើការវះកាត់ហើយកើតជំងឺ PARKINSON ទៀតផង ។ រូបគេចាប់ខ្លួនកាលពីថ្ងៃទី១១មេសាឆ្នាំ២០០៦ ក្រោយរត់គេចខ្លួនរយៈពេល៤៣ឆ្នាំ ៕
ចែករំលែកព័តមាននេះ