សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ឧសភា ផ្សាយឱ្យដឹងថា អ្នកទីក្រុងលូប៊ិកសាណា ប្រទេសប៉ូឡូញ បានប្រមូលផ្តុំគ្នាព្រមានលោកស្ប៊ិកញូវ ហ្វ៊ីឡូ អ្នកបើករថយន្តប្រណាំង ឬបើករថយន្តជាលក្ខណៈស្ទាវ ដោយលើករថយន្តរបស់គេ ដាក់លើដើមឈើ ក្នុងគោលបំណងព្រមានឱ្យប្តូរឥរិយាបថក្នុងការបើកបរ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
របាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋបានខ្ចីរថយន្តស្ទូចរបស់អ្នកភូមិម្នាក់ ដើម្បីស្ទូចរថយន្តរបស់លោកស្បិកញូវ ទៅដាក់លើដើមឈើទាំងកណ្តាលអធ្រាត្រ ។ អ្នកស្រុកម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ពីហេតុការណ៍នោះថា សម្រាប់លោកស្ប៊ិកញូវ ជាអ្នកបើករថយន្តដ៏គ្រោះថ្នាក់ និងអាចសម្លាប់មនុស្សបាន ។ បុរសអ្នកប្រណាំងរថយន្តម្នាក់នេះ ត្រូវគិតពីអនាគតក្នុងពេលទៅសុំបន្តប័ណ្ណបើកបរ បើមិនដូច្នេះទេ គ្មាននរណាម្នាក់ដឹងថា រថយន្តថ្មីរបស់គេនឹងមានស្ថានភាពបែបណាទេ ?
សមត្ថកិច្ចប៉ូលិសឱ្យដឹងថា បានទទួលទូរស័ព្ទពីលោកស្ប៊ិកញូវ ថា រថយន្តរបស់ខ្លួនត្រូវគេលើកដាក់នៅលើដើមឈើ និងជឿជាក់ថា អ្នកភូមិជាអ្នកប្រព្រឹត្ត ។ ទន្ទឹមនេះម្ចាស់រថយន្តសន្យាថា នឹងឈប់បើកបររថយន្តដ៏ច្រឡោងខាមដូចពេលកន្លងមកទៀតហើយ។ លោកស្បិកញូវបញ្ជាក់ថា «ខ្ញុំទទួលសញ្ញាពីការព្រមាន ប៉ុន្តែយល់ថា វាហាក់ដូចជាធ្ងន់ពេក» ៕


ចែករំលែកព័តមាននេះ