ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​​បារាំង​​សុំ​លាលែង​​ចេញពី​​តំណែង​

14 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​​​​បារាំង​លោក​ហ្វ្រង់​​ស្វ័រ​​​​ហ្វីល​ឡូន ​កាលពី​ថ្ងៃទី​​១០​ឧសភា​​​បាន​ប្រគល់​​​ពាក្យ​សុំ​លាលែង​​​​របស់​​​​រដ្ឋាភិបាល​​​លោក​​​ជូន​ចំពោះ​​​​​​​ប្រធានា​ធិបតី​​​ចប់​អាណត្តិ​​​​​​លោក​នីកូ​​ឡាស់​​ សាកូហ្ស៊ី ​ដែល​​បាន​យល់​​ព្រមតាម​​​សំណើ​​នោះ។​​វិមាន​ប្រធានាធិបតី​​បារាំង​អេលី​ហ្សេ​​​ក្នុង​សេចក្តី​ប្រកាស​​មួយ​គូសបញ្ជាក់​ថា  លោក​ហ្វី​​ល​​​ឡូន​ជាមួយ​បណ្តា​សមាជិក​​​រដ្ឋាភិបាល​លោក​នឹង​​​បំពេញ​​​កិច្ចការ​ប្រចាំថ្ងៃ​​រហូត​ដល់​​​ការ​បង្កើត​​បាន​​រដ្ឋា​​ភិបាល​​​​​ថ្មីមួយ  ។
​​

ការសុំ​លាលែង​របស់​​រដ្ឋាភិបាល​​​លោក​​ហ្វីល​ឡូន​ធ្វើ​​ឡើងខណៈ​​​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​​​អះអាង​​ពី​លទ្ធផល​​នៃការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ជុំទី​២កាលពី​​​ថ្ងៃទី​​៦​ឧសភា​កន្លង​មក​​នេះ  ដែល​​​បេក្ខ​ជន​នៃ​​គណបក្ស​សង្គម​និយម​​​​បារាំង​លោក​​​​ហ្វ្រង់​​ស្វ័រ​ហូឡង់​​​ជាអ្នក​ឈ្នះ ។​
ដោយ​​​ទទួល​​​សំឡេង​គាំទ្រ​៥១,៦%​ក្នុង​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ជុំទី​២ លោក​​ហ្វ្រង់​​​ស្វ័រ​ហូឡង់​​​ នឹងជា​ជន​សង្គម​​និយម​​​​​ដំបូង​​កាន់​​តំណែង​​​ប្រធានាធិបតី​​បារាំង​ចាប់តាំងពី​​លោក​​​ហ្វ្រង់​​​​ស្វ័រ​​​មីតេ​​​រ៉ង់​​ដឹកនាំ​​ប្រទេស​ពីឆ្នាំ​​១៩៨១ ដល់​​​១៩៩៥​​មក ។​

អាណត្តិ​​ប្រធានាធិបតី​​​របស់​​​លោក​​​នីកូ​​​ឡាស់​​​សាកូហ្ស៊ី​​នឹង​​​ផុតនា​​​​ថ្ងៃទី​​១៥ឧសភា​​​ខាង​មុខ​នេះ​​​ដោយ​​​នា​ថ្ងៃ​នោះ​​នឹង​មាន​​ការ​​ផ្ទេរអំណាច​និង​ការ​​ធ្វើ​​សច្ចាប្រណិធាន​​​​ចូល​កាន់​តំណែង​​​របស់​​​ប្រធានាធិបតី​ថ្មី ៕