អ្នកជំនាញបានព្រមានថា រយៈពេល៣០ឆ្នាំទៀត បណ្តាបុរសអង់គ្លេសពាក់កណ្តាលនឹងធាត់ឡើងទម្ងន់ដែលបញ្ហានេះនឹងនាំទៅរកការកើនឡើងនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺមហារីកនិងទឹកនោមផ្អែមជាដើម។បើសិនជាស្ថានភាពនេះនៅតែបន្តដូច្នេះមែន នោះនៅរយៈពេល២០ឆ្នាំក្រោយ គេនឹងត្រូវចំណាយប្រាក់អស់៥១៦.២៨ពាន់លានដុល្លារអាមេរិកលើការព្យាបាលជំងឺដែលបណ្តាលមកពីការឡើងទម្ងន់ខ្លួនហួសហេតុនេះ។
លោក Tim Marsh អ្នកស្រាវជ្រាវមកពីអង្គការសប្បុរសធម៌ National Heart Forumបានថ្លែងថា៖«ខណៈនឹងមានការចំណាយដោយមិនអាចជៀសរួចលើការថែទាំសុខភាពក្នុងពេលដែលប្រជាជនមានវ័យចាស់កាន់តែច្រើនឡើង នេះគឺជាអ្វីដែលយើងមិនអាចទប់ស្កាត់បានទាំងស្រុង »។
ការថ្លែងពីផលគ្រោះថ្នាកនោះរបស់លោក Tim Marsh ត្រូវបានធ្វើឡើងនៅក្នុងសមាជ European Congressស្តីពីបញ្ហាធាត់លើសទម្ងន់។ សមាជដែលធ្វើឡើងនៅទីក្រុងលីយ៉ុងប្រទេសបារាំងនេះបានលើកឡើងថា កាលពីឆ្នាំ១៩៩៣ បុរសជនជាតិអង់គ្លេសអាយុចាប់ពី១៨ទៅ៤០ឆ្នាំ ១០ភាគរយប៉ុណ្ណោះធាត់ឡើងទម្ងន់។ ដោយឡែកនៅឆ្នាំនេះ ចំនួននោះបានឡើងទ្វេជាពីរ។ ២០ឆ្នាំទៀត ចំនួននេះនឹងកើនដល់៤០ភាគរយប្រសិនជាគ្មានវិធានការទប់ស្កាត់។
ចំពោះស្ត្រីវិញ ចំនួនអ្នកធាត់ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ តែបើប្រៀបធៀបនឹងបុរសគឺនៅទាបជាងបន្តិច។ នៅឆ្នាំ១៩៩៣ ស្ត្រីអង់គ្លេស១២ភាគរយធាត់ឡើងទម្ងន់ខ្លួន។ មកដល់បច្ចុប្បន្ននេះ តួលេខនោះបានកើនឡើងដល់២១ភាគរយ។ ដល់ឆ្នាំ២០៣០ ចំនួនស្ត្រីអង់គ្លេសដែលធាត់នឹងឡើងដល់៣៣ភាគរយខណៈឆ្នាំ២០៤០ឡើងដល់៤០ភាគរយ។ ប្រសិនជាតួលេខនោះកើនឡើងដូចការទស្សន៍ទាយទុកមែន នោះបុរសនិងស្ត្រីអង់គ្លេស២/៣នឹងរងគ្រោះដោយជំងឺទឹកនោមផ្អែមប្រភេទ២៕
ចែករំលែកព័តមាននេះ