មេដឹកនាំប្រឆាំងរុស្ស៊ី២នាក់គឺលោកអាឡិច សីណាវ៉ាល់នី និងលោកស័រហ្គេយអ៊ូដាល់សូវ ត្រូវតុលាការកាត់ទោសកាលពីថ្ងៃទី៩ឧសភា ដាក់គុកម្នាក់ៗ១៥ថ្ងៃពីបទចូលរួមនាពេលមុននេះក្នុងបាតុកម្មគ្មានការអនុញ្ញាតមួយប្រឆាំងការវិលត្រឡប់ចូលវិមានក្រឹមឡាំងវិញរបស់លោកវ្ល៉ាឌីមៀរ ពូទីន ។
លោកណាវ៉ាល់នី ជាអ្នកទទួលខុសត្រូវលើ BLOG មួយដែលបរិហារអំពីពុករលួយនោះបានប្រកាសពីការកាត់ទោសលោកនេះតាមTWITTER ។ ការកាត់ទោសលោកអូដាល់សូវ ដែលចាប់ផ្តើមធ្វើកូដកម្មអត់អាហារត្រូវបានអះអាងដោយភរិយាលោកគឺលោកស្រីអាណាស្តាស៊ីយ៉ា ។ មេដឹកនាំប្រឆាំងទាំង២រូបនេះ កាលពីថ្ងៃទី៨ឧសភាបានចូលរួមក្នុងការដើរហែក្បួនបាតុកម្មនៅក្រុងមូស្គូជាមួយពួកប្រឆាំងជាច្រើនសិបនាក់ដើម្បីបរិហារការវិលត្រឡប់របស់លោកពូទីនចូលវិមានក្រឹមឡាំងជាថ្មី ។
ម្យ៉ាងទៀតអ្នកទាំង២ត្រូវបានកោះឱ្យចូលខ្លួនក្នុងតុលាការធ្វើជាសាក្សីក្នុងក្របខណ្ឌនៃការស៊ើបអង្កេតលើការប៉ះទង្គិចគ្នារវាងកងកម្លាំងប៉ូលិសនិងពួកបាតុករកាលពីថ្ងៃទី៦ឧសភាកន្លងមកនេះ នៅក្រុងមូស្គូ ដោយនាពេលនោះប៉ូលិស២៩នាក់ត្រូវរបួស ៕
ចែករំលែកព័តមាននេះ