ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​កិច្ច​សិក្សា​សាលា​រៀន​សុវណ្ណ​ភូមិ​ទៅកាន់​រមណីយ​ដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រ​ព្យ​

14 ឆ្នាំ មុន

ទស្សន​​វិទូ​ជា​ច្រើនបាន​លើក​ឡើង​ថា​ គុណ​ភាព​អប់​​រំរបស់​​សិស្សា​នុសិស្ស​ទាំង​អស់​ ​​ស្ថិត​​នៅ​លើ​មុំសំ​ខាន់​៣​គឺ គ្រួសារ សា​លារៀន និង​សង្គម​ ។ ក្នុង​នោះ​​ក្រុម​គ្រួសារ​​បា​​ន​​ដើរតួ​យ៉ា​​ង​សំ​ខា​ន់​​ក្នុង​ការ​អប់​រំ​ពី​វប្បធម៌ ទំនៀម​ទម្លាប់​ ​ការ​ស្រ​ឡាញ់​ ក្តី​មេត្តា​ករុណា និង​សិល្បៈនៃ​ការ​ចែករំលែក​ជាដើម​។

ចំណែក​គ្រឹះស្ថានអ​ប់​​រំ​វិញ​ផ្តល់​នូវ​ចំណេះ​​ដឹង​ក្នុង​សង្គម​ដូច​ជា​ច្បា​ប់ ​ប្រវត្តិ​សាស្ត្រ​ សីលធម៌​ អរិយ​ធម៌ ​និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេង​ៗ​ជាដើម​។ ដោយ​សារ​​កត្តា​​ទាំង​នេះ​ហើយ​ ទើប​នៅ​ថ្ងៃអាទិត្យទី៦​ ឧសភា ឆ្នាំ​២០១២ ​សា​លា​រៀន​សុវណ្ណ​ភូមិ ដែល​មាន​លោកជា ធី​ឡាយ ជា​អគ្គ​នាយក​អ៊ិនធី​ស៊ី​គ្រុប និង​លោកឃឹម ផុ​ន ជានា​យក​ប្រតិបត្ត​អិុន​ធី​ស៊ី​គ្រុប បា​ន​ជួយ​គាំទ្រ​ទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត និង​ថវិកា ដើម្បី​បង្កឱ្យមានការ​រៀបចំ​ដំណើរ​ទស្ស​ន​​កិច្ច​សិក្សា​​​មួយ​សម្រាប់​សិស្សា​នុ​សិស្ស​ទៅ​កា​ន់​រមណីយ​ដ្ឋា​នភ្នំ​ព្រះ​រាជទ្រព្យ ដោយ​មានការចូលរួម​ពី​សំណាក់​សិស្សា​នុសិស្ស​ថ្នាក់​​ពេញ​ម៉ោង​ភាសាអង់​​គ្លេ​ស និង​លោកគ្រូ​-​អ្នកគ្រូ នៃ​សា​លា​រៀន​សុវណ្ណ​ភូមិ​ទីតាំង​វត្ត​ភ្នំចំនួន១៥០​នាក់ ក្នុង​គោល​បំណងឱ្យ​សិស្សា​នុ​សិស្ស​បាន​​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​​អតីត​រាជធានី​ខ្មែរ​ផង​ដែរ​។នេះ​​​គឺជាចំ​ណេះ​​​ដឹងបន្ថែម​​ទៀត​សម្រាប់​​ប្អូន​ៗ​​ដែល​ជា​កុលបុត្រ​-​កុលធីតា​ខ្មែរ​។​ ម៉្យាង​វិញទៀត​ដើម្បី​រឹត​​ចំណង​សា​មគ្គី​ភាព​រវាង​គ្នានិង​គ្នា ក៏​ដូច​ជាឱ្យ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​បាន​ជ្រះ​​​ថ្លា​អារ​ម្ម​ណ៍​ក្រោយ​ពី​បាន​​ប្រ​ឡ​ងបញ្ច​ប់​វគ្គ​​សិក្សា​​​​។​

លោកណុ​ប ប៉ុណ្ណ​​ នាយក​សាលារៀន​សុវណ្ណ​ភូមិទីតាំង​វត្ត​ភ្នំបាន​​មាន​ប្រសាសន៍​ថា​ គណៈ​គ្រប់​គ្រង​​សាលារៀន​តែងតែ​យកចិត្ត​ទុក​ដាក់​រៀប​ចំ​ដំណើរ​ទស្ស​ន​កិច្ច​សិក្សា​​ និង​សកម្ម​ភាព​​ផ្សេង​ៗ ​ដើម្បី​ជា​ជំនួយដល់​ការ​សិក្សា​របស់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​​ ​។ ម៉្យាង​វិញ​ទៀត ក្រសួង​អប់​រំ​យុវជន និង​កីឡាក៏​បាន​​ និង​កំពុង​តែ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​គ្រប់​​សាលា​ទាំង​អ​ស់នៅ​ក្នុង ព្រះ​​រាជា​ណាចក្រ​កម្ពុជាយើងឱ្យមានការ​រៀ​បចំ នូវ​ដំណើរ​ទ​ស្សន​កិច្ច​សិក្សា​​ឱ្យបាន​ច្រើន​ទៀត​ផង ​។   

លោក​បានបន្ថែម​​ថា ​សាលារៀន​សុវណ្ណ​ភូមិ សូម​ថ្លែងអំណរគុណ​ចំ​ពោះការ​គាំទ្រ​យ៉ាង​កក់​​ក្តៅ​​ពី​សំណាក់មាតាបិតា​​សិស្ស​និង​ប្អូន​ៗសិស្សា​នុសិស្ស​ទាំង​អស់​​។ ដូច្នេះ​​ ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​នេះ​សា​លា​រៀន​​សុវណ្ណ​ភូមិក៏​បាន​​រៀបចំ​កម្មវិធី​ដំណើរទស្ស​ន​​កិច្ច​នេះ​​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​សិស្សា​នុ​សិស្ស​បាន​យល់​ដឹង និង​ស្គាល់នូវ​កេ​រមរតក​របស់​ដូន​តា​ខ្មែរ​យើង​ដែលបា​ន​បន្សល់​ទុក​សម្រាប់​កូនចៅ​ជំនា​ន់​​ក្រោយ​។ ម៉្យាង​វិញទៀត​ ដំណើរ​ទស្ស​ន​​​កិច្ច​សិក្សា​​នេះ​បាន​បណ្តុះ​​គំនិត និង​ទឹកចិត្ត​របស់​ប្អូន​ៗ​សិស្សា​នុ​សិស្ស​​ទាំង​អស់​ ឱ្យ​ចេះ​ស្រឡាញ់​ និង​ថែ​រ​ក្សា​​​សម្បត្តិ​វប្បធម៌​រប​ស់​​​ខ្មែរ​យើង​ឱ្យនៅ​គ​ង់​វង្ស​​យូរអង្វែង​សម្រាប់​លើក​ស្ទួយនូវ​ព្រលឹង​ជាតិ​ឱ្យកាន់​តែ​រុង​រឿង​ថែម​ទៀត។ មិន​ត្រឹមតែ​ទៅ​​ទស្ស​នា​ប៉ុណ្ណោះ​ទេ គឺ​នៅ​ក្នុង​ដំណើ​​ទស្សន​កិច្ច​​នេះ​​គណៈ​គ្រប់​គ្រង​​សាលា​បាន​បញ្ជ្រាប​ចូល​នូវ​កម្មវិធី​មួយ​ចំនួន​ទៀត​ដូច​ជាការ​ស្រ​ឡាញ់​ និ​ង​ដឹងគុណ​មាតាបិតា​និង​គ្រូ​បង្រៀន​ ។ ទន្ទឹម​នឹង​ដំណើរ​​កម្សា​ន្ត​​​ សាលាបា​ន​រៀប​ចំ​នូវ​កម្រង​សំណួរ​​ស្រាវជ្រាវ​ដែល​ពាក់​ព័ន្ធ​​ទៅ​នឹង​ទីកន្លែង​ដែល​ពួក​គេ​បាន​ទស្សនា​ និង​កម្មវិធីផ្សេងៗ គឺ​ដើម្បី​ជំរុញ​ទឹកចិត្ត​របស់​​ប្អូន​ៗ​ឱ្យខិតខំ​ស្រាវជ្រាវ និង​យកចិត្តទុកដាក់ស្វែង​យ​ល់​​​អំពី​ដំណើរ​ទស្ស​ន​កិច្ច​សិ​ក្សា​​​នោះ​ឱ្យ​បាន​កាន់​​​​តែ​ច្រើន​ថែម​ទៀត​ផង​។ ពិសេស​ជាង​នេះ​​​ទៅ​ទៀត គណៈ​គ្រប់​គ្រង​​សាលា​បា​ន​នាំ​សិ​ស្សា​នុ​សិស្ស​​​ទាំង​អស់​ចូល​រួម​បង្សុ​កូល​ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វ​ការី​ជន និង​បុព្វបុរស​ខ្មែរ ដែល​​បា​ន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ជា​ការ​សុំ​សេច​ក្តី​សុខ​ដល់​ខ្លួនឯង គ្រួសារ និង​ប្រទេស​ជាតិ​ទាំង​មូល​ផង​ដែរ​។

គណៈគ្រប់​គ្រង​​សាលារៀន​សុវណ្ណ​ភូមិសង្ឃឹមថា​ ប្អូនៗ​សិស្សា​នុ​សិស្ស​ទាំងអស់នឹង​ទទួល​បា​ន​នូវ​អារម្មណ៍​សប្បាយ​រីករាយ និង​ចំ​ណេះ​ដឹង​ថ្មី​ៗ​ជា​ច្រើន ចំ​ពោះ​​ដំណើរ​ទស្សន​​កិច្ច​សិ​ក្សា​នេះ ​ហើយ​ក៏​សូម​ថ្លែងអំណរគុណ​ចំ​ពោះ​​​ការ​គាំទ្រ និង​ផ្តល់​​នូវទំនុក​​​ចិត្ត​មក​លើ​សេវាកម្ម និង​កម្មវិធី​សិ​ក្សា​របស់​​​​សាលារៀន​សុវណ្ណ​ភូមិ​ របស់​​លោក​ ​លោក​ស្រី ដែល​ជា​អាណា​ព្យា​បា​ល​សិ​ស្ស​ ក៏​ដូច​ជាប្អូនៗ​​សិ​ស្សានុសិស្សទាំង​អស់​ ៕