រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៨ ឧសភា គណៈបញ្ជាការឯកភាពខណ្ឌ៧មករា មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើរដ្ឋបាលក្នុងប្លុកសហគមន៍បុរីកីឡា អគារសង់ថ្មី ស្ថិតនៅក្នុងសង្កាត់វាលវង់ ប្រយោជន៍ដើម្បីរកមុខសញ្ញា លួច ឆក់ ប្លន់ និងគ្រឿងញៀន ។ ជាលទ្ធផលនៃប្រតិបត្តិការនេះ គឺបានរកឃើញយុវជនយុវនារី៨នាក់ (ប្រុស៦នាក់ នារី២នាក់) ស្នាក់នៅបន្ទប់លេខ៣ជាន់ទី៥រួមគ្នាពពាក់ពូន ទើបនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។
យុវជនយុវនារីទាំង៨នាក់នេះមាន ១- ឈ្មោះឈឹម មុនីរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងអ៊ុតសក់ ២- ឈ្មោះប៉ុក សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងអ៊ុតសក់ ៣- ឈ្មោះម៉ី ស័ក្កដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ៤- ឈ្មោះវុធ សុធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ៥- ឈ្មោះចាន់ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ ៦- ឈ្មោះ សៅ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ ៧- ឈ្មោះសុខ ម៉ី ភេទស្រី អាយុ១៨ឆ្នាំ កំពុងរៀនអ៊ុតសក់ និង៨- ឈ្មោះស្រី ពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ។
ទាក់ទិននឹងការនាំខ្លួនយុវជនយុវនារីទាំង៨នាក់ទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករានេះ ត្រូវបានមន្ត្រីសួរចម្លើយឱ្យដឹងថា ពួកគេពុំមានពាក់ព័ន្ធនឹងបទល្មើស ឬអំពើខុសច្បាប់ណាមួយទេ ប៉ុន្តែដោយមើលឃើញការស្នាក់នៅក្នុងបន្ទប់តែមួយមានគ្នាដល់ទៅ៨នាក់ ហើយមានប្រុសផងស្រីផងយ៉ាងអនាធិបតេយ្យនោះ ទើបគណៈបញ្ជាការឯភាពខណ្ឌនាំពួកគេទៅសាកសួរ ។ បន្ទាប់ពីសាកសួររកមិនឃើញមានបទល្មើស ឬពាក់ព័ន្ធនឹងអំពើខុសច្បាប់ណាមួយឡើយ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ និងបានណែនាំកុំឱ្យស្នាក់នៅ ពពាក់ពូនគ្នាយ៉ាងដូច្នេះ ។
ចំណែកក្រុមយុវជនយុវនារីទាំង៨នាក់នេះបានប្រាប់សមត្ថកិច្ចថា មូលហេតុមកពីពួកគេអត់លុយជួលផ្ទះស្នាក់នៅដោយឡែកពីគ្នា ព្រោះពួកគេខ្លះពុំទាន់មានមុខរបរច្បាស់លាស់ ។ រីឯការស្នាក់នៅសព្វថ្ងៃនេះ គឺរៃប្រាក់គ្នាម្នាក់បន្តិចៗឱ្យថ្លៃផ្ទះ ដោយពួកគេចង់រស់នៅខាងក្រៅពីឪពុកម្តាយ ក្រុមគ្រួសារ ៕
ចែករំលែកព័តមាននេះ