រាជធានីភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈធ្វើសកម្មភាពលួចទូូរស័ព្ទដៃរបស់ស្រ្តីម្នាក់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០១២នៅមុខផ្ទះលេខ២៣-២៤អាផ្លូវលេខ៦៨ភូមិទី១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យដែលនគរបាលឃាត់ខ្លួននោះឈ្មោះសិប ប្រិយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំលូទឹកស្អុយសង្កាត់បឹងត្របែក ខណ្ឌចំការមន រីឯម្ចាស់ទូរស័ព្ទឈ្មោះសេង សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដែក ស្នាក់នៅផ្ទះលេខ២៣-២៤អា ផ្លូវលេខ៦៨ ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមបណ្តឹងរបស់ម្ចាស់ទូរស័ព្ទបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកនៅមុខផ្ទះរបស់ខ្លួន ហើយបានភ្លេចទូរស័ព្ទដៃមា៉កអាយហ្វូនហ្វ័រ ពណ៌ខ្មៅដែលទុក ក្នុងថតមុខម៉ូតូ រួចក៏ដើរចូលទៅផ្ទះ ខណៈនោះមានបុរសពីរនាក់ដើរចេញពីផ្សារតូច តាមផ្លូវលេខ៦៨ ពីលិចទៅកើត ។ លុះមកដល់មុខផ្ទះរបស់នាងឃើញទូរស័ព្ទនៅក្នុងថតម៉ូតូ ក៏លួចយកដោយជនសង្ស័យឈ្មោះសិបប្រិយជាអ្នកឈរបាំងដើម្បីឲ្យបក្សពួករបស់ខ្លួនលួច រួចក៏នាំគ្នាគេចខ្លួនតាមផ្លូវលេខ៦៨ ឆ្ពោះទៅទិសខាងលិច។
ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានស្រែកឆោឡោឡើងនិងដេញតាមក្របួចជនសង្ស័យខាងលើបាន ហើយយកទៅប្រគល់ឲ្យនគរបាលបុ៉ស្តិ៍រដ្ឋបាលស្រះចក ដើម្បីសួរនាំ ។ នគរបាលមូលដ្ឋានបាននិយាយថា នៅពេលឃាត់ខ្លួន ជនសង្ស័យខាងលើបានរំដោះទូរស័ព្ទដៃឲ្យទៅបក្សពួកម្នាក់ទៀតយកទៅបាត់ ពេលនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់បក្សពួកម្នាក់ទៀត ៕
ចែករំលែកព័តមាននេះ