ខេត្តកំពង់ឆ្នាំង ៖ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ត បានចាប់ឃាត់ខ្លួនជន៣នាក់ដោយចោទប្រកាន់ពីបទលួចម៉ាស៊ីនបូមទឹកចំនួន២គ្រឿងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៦ ឧសភា នៅស្រែប្រាំងទួលវិហារ ក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខណៈម្ចាស់ទុកម៉ាសីុនបូមទឹកចោលនៅខ្ទមស្រែ ។ ជនទាំង៣នាក់នេះមាន ១-ឈ្មោះពេជ្រ ឆក អាយុ២២ឆ្នាំ ២-ឈ្មោះជា ប្រុស អាយុ៤៧ឆ្នាំ និង៣-ឈ្មោះផុន សោភ័ណ្ឌ អាយុ៣៩ឆ្នាំ ទាំង៣នាក់មានទីលំនៅក្នុងភូមិកោះលត ឃុំកោះ
ថ្កូវ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ូលិសឱ្យដឹងថា នៅយប់ថ្ងៃទី៦ ឧសភា ជនទាំង៣នាក់បានធ្វើដំណើរចេញពីផ្ទះសំដៅទៅទួលវិហារ ហើយលួចយកម៉ាសីុនបូមទឹករបស់ឈ្មោះ ឃឹម ឡុង អាយុ៥៣ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ប៉ុន្តែបានមកធ្វើស្រែប្រាំងនៅចំណុចទួលវិហារ ។ ពេលលួចបាន គឺមួយគ្រឿងលាក់ទុកក្នុងព្រៃ និងមួយគ្រឿងទៀតយកមកលាក់ទុកនៅផ្ទះឈ្មោះសុភ័ណ្ឌ ។ ក្រោយពីបាត់ម៉ាសីុនបូមទឹក ម្ចាស់ក៏បានមកដាក់ពាក្យប្តឹង ហើយប៉ូលិសបានចុះស្រាវជ្រាវ និងចាប់ជនដៃដល់ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
មន្ត្រីប៉ូលិសបញ្ជាក់ថា ឈ្មោះពេជ្រ ឆក ធ្លាប់ធ្វើជាកម្មករឱ្យឈ្មោះឃឹម ឡុង តែត្រូវបានបណ្តេញចេញឈប់ឱ្យធ្វើការកាលពីថ្ងៃទី៤ ឧសភា លុះនៅថ្ងៃទី៦ ឧសភា ក៏មកលួចម៉ាសីុនបូមទឹករបស់ថៅកែតែម្តង ៕
ចែករំលែកព័តមាននេះ