ទីភ្នាក់ងារសារព័ត៌មានបរទេស កាលពីថ្ងៃទី៦ ឧសភា បានបង្ហើបឱ្យដឹងពីលទ្ធផលស្រាវជ្រាវទ្រព្យសម្បត្តិរបស់មនុស្សក្នុងមជ្ឈដ្ឋានកីឡាជនជាតិអង់គ្លេស និងអៀរឡង់ ឬ«The Richest People 2012 » ថា ដេវីដ បេកខាំ កីឡាករបាល់ទាត់ក្លឹបLos Angeles Galaxy នៅអាមេរិក ជាកីឡាករដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុត សរុបជាង១៦០លានផោន នាំមុខអតីតជើងឯកលោលដេហ្វ វីលែន ប្រធានក្លឹបWigan ដែលស្ថិតនៅចំណាត់ថ្នាក់ទី១កន្លងមក ។
សម្រាប់លំដាប់ថ្នាក់ទី២ បន្តពីកីឡាករដេវីដ បេកខាំ គឺលោក ប៉ូល ឃែតឌិក ម្ចាស់ក្លឹបបាល់ឱប Leeds Rinos មានទ្រព្យសម្បត្តិសរុប១៥០លានផោន ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងបញ្ជីសម្រាប់កីឡាករនៅលើពិភពលោកឃើញថា កីឡាករដេវីដ បេកខាំ ស្ថិតនៅលំដាប់ថ្នាក់ទី១០ សម្រាប់លំដាប់ថ្នាក់ទី១គឺលោកថៃហ្គ័រវូដ អតីតជើងឯកវាយកូនហ្គោលនៅលើពិភពលោក ជនជាតិអាមេរិក ដោយមានទ្រព្យសរុបជាង៥៣៨លានផោន ។
ចំណែកកីឡាការិនី ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោកបានទៅទេពអប្សរជនជាតិរុស្ស៊ី នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា កីឡាការិនីតឺន្នីស ស្ថិតនៅចំណាត់ថ្នាក់លេខ១ ។
គួរបញ្ជាក់ថា សម្រាប់កីឡាករនៅចក្រភពអង់គ្លេសនិងអៀរឡង់ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន១០០ចំណាត់ថ្នាក់ដំបូង ក្នុងនោះមានកីឡាករបាល់ទាត់ដល់ទៅ៤៨នាក់។ ផ្ទុយទៅវិញបែរជាគ្មានកីឡាករប្រភេទប្រណាំងកង់ កីឡាកររត់ប្រណាំង ឫកីឡាករហែលទឹកណាម្នាក់មានសភាពលេចធ្លោក្នុងចំណាត់ថ្នាក់ខាងលើទៅវិញ ៕
ចែករំលែកព័តមាននេះ