រាជធានីភ្នំពេញ ៖ ក្រុមបឹងកេតលត់ក្រុមសាកលវិទ្យាល័យវេស្ទើន៤-១ ខណៈក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិយកឈ្នះក្រុមឆ្លាមសមុទ្រ៣-០ ក្នុងការប្រកួតក្របខណ្ឌបាល់ទាត់ថ្នាក់ជាតិនៅទីលានកីឡដ្ឋានស្តាតចាស់កាលពីថ្ងៃអាទិត្យទី៦ ឧសភា កន្លងមកនេះ ។
ក្រុមបឹងកេត លេងសង្គ្រប់ក្រុមសាកលវិទ្យាល័យវេស្ទើនតាំងពីតង់ទី១ម៉្លេះ ដោយគេអាចរកបាន២-១ នាំមុខមុន ហើយនៅតង់ទី២ ក្រុមបឹងកេតរកបាន២គ្រាប់បន្ថែមទៀត ។ ក្រុមបឹងកេត ពេលនេះបានឡើងមកនៅលេខរៀងទី៣ នៃតារាងជាបណ្តោះអាសន្ន បន្ទាប់ពីការប្រកួតទាំង៧លើករបស់គេឈ្នះ៤ប្រកួត ស្មើ២ ចាញ់១ មាន១៤ពិន្ទុ រួចមកហើយ។ ចំណែកឯក្រុមសាកលវិទ្យាល័យវេស្ទើនវិញ មិនទាន់ងើបរួចពីបាតតារាងទេ ព្រោះថាការប្រកួតទាំង៧លើករបស់គេស្គាល់ឈ្នះតែ១ប្រកួតគត់ ស្មើ១ ចាញ់អស់៥ប្រកួតឯណោះ គឺមានតែ៤ពិន្ទុប៉ុណ្ណោះ ។
ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ពេលនេះកំពុងតែបោះជំហានទៅមុខយ៉ាងលឿន បន្ទាប់ពីបានយកឈ្នះក្រុមឆ្លាមសមុទ្រ៣-០បន្ថែមទៀតនោះ ធ្វើឱ្យក្រុមនេះឡើងមកនៅលេខរៀងទី១នៃតារាងជាបណ្តោះអាសន្ន។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិសរុបនៃការប្រកួតរបស់គេទាំងលើកនេះទៀតគឺមាន៨លើក ហើយក្នុងនោះឈ្នះ៦ ស្មើ១ ចាញ់តែ១ប៉ុណ្ណោះ មាន១៩ពិន្ទុហើយ។ រីឯក្រុមឆ្លាមសមុទ្រវិញ ពេលនេះស្ថិតនៅលេខរៀងទី១០ នៃតារាង ព្រោះថាការប្រកួតទាំង៧លើកកន្លងមកឈ្នះតែ១ប្រកួត ចាញ់អស់៦មាន៣ពិន្ទុ ៕



ចែករំលែកព័តមាននេះ