Rickie Fowlerបានក្លាយជាម្ចាស់ពានជើងឯកវាយកូនហ្គោលក្របខណ្ឌ US PGA Tour ជាលើកទី១ប្រចាំឆ្នាំបន្ទាប់ពីបានយកឈ្នះកីឡាកររ៉ូរី ម៉ាកអ៊ីលរ៉យនិង D.A. Pointsក្នុងវគ្គផ្លេអហ្វកម្មវិធី Wells Fargo Championship កាលពីថ្ងៃអាទិត្យទី៦ឧសភា។ កម្មវិធីប្រកួតដែលមានទឹកប្រាក់រង្វាន់សរុប៦លាននិង៨សែនដុល្លារអាមេរិកនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Quail Hollow Clubស្ថិតក្នុងទីក្រុង Charlotteរដ្ឋ North Carolinaសហរដ្ឋអាមេរិក ។
Fowlerបញ្ចប់ជុំផ្តាច់ព្រ័ត្រធ្វើបានពិន្ទុ ៣អាន់ឌ័រ៦៩។ សរុបពិន្ទុ៤ជុំប្រកួត គេធ្វើបាន១៤អាន់ឌ័រ ២៧៤ស្មើជាមួយកីឡាករមិត្តរួមជាតិ D.A. Pointsនិងម៉ាកអ៊ីលរ៉យដែលអ្នកទាំង២បញ្ចប់៤ជុំប្រកួតធ្វើបានលទ្ធផលស្មើគ្នា។ ប៉ុន្តែជ័យជម្នះក្នុងឡូបន្ថែមទី១គឺឡូទី១៨ដែលមាន៤ប៉ាបាននាំឱ្យFowlerក្លាយជាអ្នកលើកពាន ។
សម្រាប់កីឡាករវ័យ២៣ឆ្នាំ Fowlerនេះគឺជាពានលើកទី៦៥ហើយនៅក្នុងអាជីពរបស់គេ។ គេបានថ្លែងថា៖«ជ័យជម្នះនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អណាស់។ វាពិតជាអាចកាត់បន្ថយបាននូវទុក្ខព្រួយនិងនាំមកនូវភាពរីករាយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពិតប្រាកដណាស់ ជ័យជម្នះរមែងជារឿងល្អមួយ។ ពេលនេះខ្ញុំដឹងថា ខ្លួនឯងពិតជាមានសមត្ថភាពគ្រប់គ្រាន់។ មុននេះមានមនុស្សជាច្រើនដែលគិតថា ខ្ញុំនេះគ្មានសង្ឃឹមនឹងបានឈ្នះពានជើងឯកនេះទេ។ ដូច្នេះពាននេះពិតជាការបិទមាត់សំអុយទាំងនោះបានជិតឈឹងតែម្តង»។
កីឡាករ Webb Simpsonដែលបាននាំមុខកាលពីជុំទី៣បញ្ចប់ការប្រកួតក្នុងគម្លាតពិន្ទុ១សត់ពីកីឡាករ Fowler។ ឆ្លងកាត់៤ជុំប្រកួតកីឡាករអាមេរិករូបនេះធ្វើបានលទ្ធផលសរុប ១៣អាន់ឌ័រ ២៧៥ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ។ ឯចំណាត់ថ្នាក់លេខ៥ស្ទួនបានទៅលើកីឡាករអាមេរិកRyan Moore កីឡាករអង់គ្លេសលី វេសវូដនិងកីឡាករ Ben Curtis។ឆ្លងកាត់៤ជុំប្រកួតពួកគេទាំង៣នាក់ធ្វើបានលទ្ធផលសរុបស្មើៗគ្នា ១១អាន់ឌ័រ ២៧៧នាំមុខ១ស្ត្រូកលើកីឡាករអាមេរិក Nick Watneyដែលធ្វើបានលទ្ធផលសរុប ១០អាន់ឌ័រ ២៧៨ស្ថិតនៅចំណាត់ថ្នាក់លេខ៨។
កីឡាករអាមេរិក Phil Mickelsonបញ្ចប់ការប្រកួតក្នុងគម្លាតពិន្ទុ ៨សត់ពីកីឡាករ Rickie Fowler។ ឆ្លងកាត់៤ជុំប្រកួតគេធ្វើបានពិន្ទុសរុប ៦អាន់ឌ័រ ២៨២ស្ថិតនៅចំណាត់ថ្នាក់លេខ២៦ស្ទួនជាមួយកីឡាករស្កុតឡែន Martin Laird។ចំណែកការបែងចែកទឹកប្រាក់រង្វាន់វិញ កីឡាករFowlerដែលជាម្ចាស់ពានទទួលបាន១លាននិង១សែន៧ម៉ឺនដុល្លារខណៈកីឡាករជ័យលាភីលេខ២ស្ទួន ម៉ាកអុីលរ៉យនិងD.A. Pointsទទួលបានក្នុងម្នាក់ៗ ៥៧ម៉ឺននិង៧ពាន់ដុល្លារ ៕



ចែករំលែកព័តមាននេះ