ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អង់​គ្លេស Cavendish​ឈ្នះ​ដំណាក់​ទី​2​ប្រណំាំង​កង់ Tour of Italy

14 ឆ្នាំ មុន

កីឡា​ករ​អង់​​គ្លេស​ Mark Cavendish​បាន​​សំដែ​ង​​ក្តី​​រីក​​រាយ​ជា​ខ្លាំង​ក្រោ​យ​ពី​រូប​គេ​យក​ឈ្នះ​​​ដំណាក់​ទី​២​នៃការ​ប្រណាំង​កង់​កម្ម​វិធី Tour of Italyឬ​​ ​Giro d’Italiaនៅ​ប្រទេសអ៊ីតាលី​​កាល​ពី​ថ្ងៃ​ទី​​៦​​ខែ​សភា​​ ។ ការ​ប្រណាំង​ដំ​ណាក់​នេះ​បញ្ចប់​នៅ​ទី​ក្រុង​Herning ប្រ​ទេស​ដា​ណឺ​ម៉ាក​។

Cavendish​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Sky Procycling​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​២០៦​គីឡូម៉ែត្រ​ជុំ​​វិញ​ទី​ក្រុងHerning​ ប្រ​ទេស​ដា​ណឺ​ម៉ាក​​​​ដោយ​ប្រើ​អស់​ថិរវេលា​៤​ម៉ោង៥៣​​នាទី​និង១២​​វិនាទី​យក​ឈ្នះ​កីឡាករអូ​ស្ត្រា​លី Matthew Harley Gossជិះ​ឱ្យ​ក្រុម​Orica GreenEdge​ Cycling Teamនិង​​បាន​យក​ឈ្នះ​កីឡាករបា​រាំង​ Geoffrey Soupeជិះឱ្យ​ក្រុម​ FDJ-Big Mat​ដែល​បាន​ប្រើ​ថិរវេលា​ស្មើៗគ្នា។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជំនះ​កីឡាករ​Cavendish បញ្ជាក់​ថា​៖«ឆ្នាំ​នេះ​ខ្ញុំ​ប្រ​ណាំង​ឱ្យ​ក្រុម​ថ្មី​​។ កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​នេះ​មិន​ធ្លាប់​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​ទេ​ពី​មុន​មក​។ តែ​យ៉ាង​ណា​ ការ​ប្រ​ណាំង​ក្នុង​ក្រប​ខណ្ឌ Tourធំ​បែបនេះ​​​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​មក​ចូល​រួម​។ ​នេះ​ពិត​ជា​ជ័យ​ជំនះ​យ៉ាង​ពិ​សេស​មួយ​​ដ្បិត​ការ​ប្រណាំង​នៅ​ដំណាក់​នេះ​ប្រជុំ​ទៅ​ដោយ​កីឡាករ​ជើង​ខ្លាំង​ជាច្រើន​។​ ខ្ញុំ​នឹង​ប្រឹង​ប្រែងឱ្យ​​អស់​ពី​លទ្ធភាព​ដើម្បី​យក​ឈ្នះ​ដំណាក់​ក្រោយៗទៀត»។​បើ​ទោះ​ណា​កីឡាករអង់​គ្លេស​រូបនេះ​បាន​យក​ឈ្នះ​ដំណាក់​នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​លើ​តារាង​ពេល​វេលា​សរុប​គេ​ពុំ​អាច​ដណ្តើម​បាន​ការ​នាំ​មុខ​នៅ​ឡើយ​ទេ​ ដ្បិត​ កីឡាករអា​មេរិក​Taylor Phinney​​​ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំ​ដាប់ទី​៥១​នោះ​សន្សំ​ពេល​វេលា​បាន​យ៉ាង​ល្អ​បំ​ផុត​​​គ្រង​អាវ​កាក់​ពណ៌​លឿង​រក្សា​ការ​នាំ​មុខ​គេដដែល​ ។

ឆ្លង​កាត់​ការ​ប្រណាំង​ចំនួន​២ដំណាក់​មក​នេះ​ កីឡាករអា​មេរិក​រូបនេះ​​​​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៥ម៉ោង​និង៣នា​ទី​និង​៣៨​​វិនាទី​នាំ​មុខ​កីឡាករអង់​គ្លេស​ Geraint Thomasជិះ​ឱ្យ​​ក្រុម Sky Procycling​ដែល​បាន​ប្រើ​ថិរ​វេលា​ច្រើន​ជាង​៩​វិ​នា​ទី​និង​​​ឈ្នះ​កីឡាករ​ដា​ណឺ​ម៉ាក​Alex Rasmussen​ជិះ​ឱ្យ​ក្រុម​ Garmin- Barracuda​ដែល​ប្រើ​ថិរវេលា​ច្រើន​ជាង​១៣​វិនាទី​ ។

ការ​ប្រណាំងកម្ម​វិធី Tour of Italyឬ​ ​Giro d’Italia​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣៤៧៦​គី​ឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំណាក់​ទី​៣​​ដែល​ជា​ដំ​ណាក់​បន្ត​​មាន​ចម្ងាយ​ផ្លូវ​១៩០​គី​ឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​ធ្វើ​នៅ​ជុំ​វិញ​ទី​ក្រុង Horsensប្រ​ទេស​ដា​ណឺ​ម៉ាក​៕