ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​អា​ហ្សង់​ទីន​ឌែល​ប៉ូ​ត្រូឈា​ន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ប្រកួត​តឺន្នីស​នៅ​ព័​រ​ទុយ​ហ្គាល់

14 ឆ្នាំ មុន

កីឡាករ​អា​ហ្សង់​ទីនចូ​អាន​​ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​​​នឹង​ការ​ពារ​តំណែង​ជើង​ឯក​តឺន្នីស​កម្ម​វិធី Estoril Tennis Open របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​បា​រាំង​​រី​ឆាដ​ ហ្គាស​ហ្គេត​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៥​ឧស​ភា​។ ការ​ប្រ​កួត​ Estoril Tennis Openក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​​ Lisbonប្រ​ទេស​ព័រ​ទុយ​ហ្គាល់ ។​

ឌែល​ប៉ូ​ត្រូ​ក្នុង​នាម​​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​បានឡើង​មក​ដល់​វគ្គ​នេះ​បន្ទាប់​ពី​បាន​​យក​ឈ្នះកីឡាករ​ស្វ៊ីស​ស្ទែន​នីឡាស វ៉ា​រិន​កា​​ក្នុង​លទ្ធផល៧-៦​​​និង​៦-៤​​ដោយ​ចំ​ណាយ​ពេល​អស់​៩០​នា​ទី​។ ការ​ប្រ​កួត​ត្រូវ​បាន​ផ្អាក​អស់​១៥​នា​ទី​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​​។ ថ្លែង​​ក្រោយ​ពី​ឈ្នះ​ការ​ប្រ​កួត​ កីឡាករ​អា​ហ្សង់​ទីន​រូបនេះ​បញ្ជាក់​ថា​៖«នេះ​ជា​ការ​ប្រ​កួត​លើក​ដំ​បូង​ដែល​ខ្ញុំ​លេង​បាន​ល្អ​បន្ទាប់​ពី​ក្រប​ខណ្ឌ Davis Cup។ មាន​ប្រ​ភេទ​ពិន្ទុ​ខ្លះ​ ខ្ញុំ​មិន​អាច​យក​បាន​ទេ​។​ ដៃ​គូ​របស់ខ្ញុំ​ពិត​ជា​ពូ​កែ​ខ្លាំង​ណាស់​គឺ​ជា​គូ​ប្រ​កួត​ដ៏​គ្រោះ​ថ្នាក់​បំ​ផុត​នៅ​លើ​ទី​លាន​ដី​ក្រ​ហម​បែបនេះ​។ តែ​យ៉ាង​ណា ការ​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​វ៉ា​រិន​កា​គឺ​មិន​ដែល​ងាយ​ស្រួល​នោះ​ទេ​។ គេ​មិន​ដែល​ទុក​ឱកាស​ឱ្យ​គូ​ប្រ​កួត​ឡើយ​។ ការ​ប្រ​កួត​នៅ​ថ្ងៃ​ស្អែក​ក៏​ប្រ​ហាក់​ប្រហែល​គ្នា​ដែរ​។ ខ្ញុំ​នឹង​កែ​លំ​អ​​បច្ចេក​ទេស    ​ប្រ​កួត​បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ា​ង​ណា​​យក​ឈ្នះ​ពាន​ជើង​ឯក​ជា​ថ្មី​ម្តង​ទៀត​។ ខ្ញុំ​ពេញ​ចិត្ត​ប្រ​កួត​នៅ​លើ​ទី​លាន​ដី​ក្រ​ហម​។ វា​ពិត​ជា​អស្ចារ្យ​ប្រ​សិន​ជា​ឈ្នះ​ពាន​​នេះ​ជា​លើក​ទី​២​»។

កាល​ពី​ឆ្នាំ​កន្លង​ទៅ ឌែល​ប៉ូ​ត្រូ​​មក​ប្រ​កួត​នៅ​ទី​នេះ​ក្នុង​នាម​ជា​កីឡាករ​លំ​ដាប់​ទី​៤៦​ពិភព​លោក​។​នៅ​ពេល​នោះ​ហើយ​ដែល​គេ​ដណ្តើម​បាន​ពាន​ជើង​ឯក​លើក​ទី​១​ប្រ​ចាំ​ឆ្នាំ​ក្រោយ​ពី​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​ហ្វឺ​ណាន់​ដូ អា​ឡុន​សូ​។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ​ គេ​ចូល​រួម​ក្នុង​នាម​ជា​កីឡាករ​លំ​ដាប់​ទី​១២​ពិភពលោក​។ ឯតទគ្គកម្ម​ប្រ​កួត​របស់​ឌែល​ប៉ូ​ត្រូ​ក្នុង​ឆ្នាំ​នេះ​គឺ​ឈ្នះ​២៦​ ចាញ់​៦​​​​។ សម្រាប់​វ៉ា​រិន​កា​វិញ​ រដូវ​កាល​នេះ​​គេ​មិន​ទាន់​យក​ឈ្នះ​ពាន​ជើង​ឯក​ណា​មួយ​នៅ​លើ​ទី​លាន​ដី​ក្រហ​ម​នៅ​ឡើយ​ទេ​ គឺ​គ្រាន់​តែ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចំនួន​២លើក​ប៉ុណ្ណោះ​។​ ចំណែក​ក្នុង​កម្ម​វិធី Monte Carlo Mastersកន្លង​មក​ គេ​បាន​ឆ្លង​ចូល​ដល់​ត្រឹម​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ​។

ចំណែក​កីឡាករ​ហ្គាស​ហ្គេត​វិញ​ ​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Albert Ramosក្នុង​លទ្ធផល​២-៦,៧-៦​និង​៧-៥​។ ការ​ប្រ​កួត​រវាង​ពួក​គេ​ទាំង​ពីរ​បាន​ប្រើ​ពេល​អស់​ជាង​៣​ម៉ោង​។ ​ការ​ប្រ​កួត​ចុង​ក្រោយ​បំ​ផុត​របស់​ហ្គា​ស​ហ្គេត​នៅ​ទី​នេះ​គឺ​ក្នុង​ឆ្នាំ​២០០៧​។ កាល​នោះ​គេ​បាន​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ាក់​ យ៉ូ​កូ​វិច​។ នេះ​ជា​ការ​ប្រ​កួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើក​ទី​១៥​នៃ​អា​ជីព​របស់គេ​៕