កីឡាករអាមេរិកហ្វ្លយ មេវេដឌ័ររក្សាបានឯតទគ្គកម្មប្រកួតមិនដែលចាញ់របស់ខ្លួនក្រោយពីបានយកឈ្នះកីឡាករព័រតូរីកូមីហ្គែល កូតតូដោយពិន្ទុជាឯកច្ឆន្ទដណ្តើមបានខ្សែក្រវាត់ទម្ងន់៦៩,៨៥គីឡូក្រាមស្ថាប័ន WBA។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅសង្វៀន MGM Grand Garden Arenaស្ថិតក្នុងទីក្រុងឡាសវេហ្គាសសហរដ្ឋអាមេរិកកាលព្រឹកថ្ងៃអាទិត្យទី៦ខែឧសភា ។
ជាមួយនឹងល្បឿន ព្រមទាំងភាពប្រាកដ ប្រជានៃការប្រើកណ្តាប់ដៃវាយចេញនាំឱ្យមេវេដឌ័រយកឈ្នះកូតតូក្នុងលទ្ធផលពិន្ទុ ១១៧-១១១,១១៧-១១១និង ១១៨-១១០។ ថ្លែងទៅកាន់កូតតូបន្ទាប់ពីបញ្ចប់ការប្រកួត មេវេដឌ័របានបញ្ជាក់ថា៖«អ្នកគឺជាម្ចាស់ជើងឯកដ៏ខ្លាំងម្នាក់។ អ្នកគឺជាជើងខ្លាំងមួយរូបដែលខ្ញុំមិនធ្លាប់ជួបពីមុនមក»។
ការប្រកួតលើកនេះទាំងល្បឿននិងបច្ចេកទេសគឺមេវេដឌ័រមិនលើសពីកូតតូនោះទេ។ ប៉ុន្តែអ្វីដែលជាចំណុចល្អរបស់មេវេដឌ័រគឺការវាយចេញរបស់គេចំគោលដៅល្អជាងកូតតូដែលវាយស្មានៗ។ នេះជាលើកទី១ហើយដែលមេវេដឌ័រឈ្នះដោយឈាមច្រមុះ ។ ទោះជាយ៉ាង សម្រាប់អ្នកទស្សនាផ្ទាល់ហាក់មិនយល់ស្របនឹងការឱ្យពិន្ទុរបស់ចៅក្រមទាំង៣រូបនេះទេ។ ពួកគេបានស្រែកចំអកនៅពេលដែលគណៈកម្មការប្រកាសថា មេវេដឌ័រឈ្នះដោយពិន្ទុជាឯកច្ឆន្ទ ។
និយាយពីការប្រកួត ចាប់ផ្តើមក្នុងទឹកដំបូង កូតតូបានវាយសម្រុកប្រាវៗលើមេវេដឌ័របើទោះណាការវាយចេញរបស់គេមានល្បឿនយឺតក៏ដោយ។ ភាពគឃ្លើនរបស់គេបានបន្តដល់ទឹកទី៣។ ក្នុងទឹកទី៤ មេវេដឌ័របានចាប់វាយលុកវិញដោយម៉ាត់ស្តាំចំៗក្បាលកូតតូ។ កណ្តាប់ដៃនេះហាក់ដូចជាបានបញ្ឈប់មិនឱ្យកីឡាករព័រតូរីកូនេះរុលទៅមុខបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ កូតតូបានសម្រុកកាន់តែខ្លាំងរហូតចប់ទឹកទី៨។ កណ្តាប់ដៃឆ្វេងស្តាំរបស់គេបានបញ្ជូនចំៗក្បាលមេវេដឌ័រ។ឯមេវេដឌ័រវិញបានគ្រវីក្បាលហាក់ដូចជាគ្មានការឈឺចាប់បន្តិច តែយ៉ាងណាក្នុងទឹកនេះ(ទឹកទី៨)ច្រមុះរបស់គេបានហូរឈាមកក្លាក់។
នៅក្នុងទឹកផ្តាច់ព្រ័ត្រកូតតូនៅតែបន្តរុលចូលជាដដែល ប៉ុន្តែកណ្តាប់ដៃឆ្វេងដ៏មានទម្ងន់របស់មេវេដឌ័របានធ្វើឱ្យកូតតូទ្រេតទ្រោតនិងមានការឈឺចាប់។ មេវេដឌ័របន្ទាប់មកបានបញ្ជូនជាច្រើនកណ្តាប់ដៃទៀតចំៗផ្ទៃមុខកូតតូ។ និយាយជារួម ការប្រកួតលើកនេះកូតតូមានប្រៀបលើមេវេដឌ័រដាច់នៅ៦ទឹកដំបូង ។តាមស្ថិតិនៃការប្រើកណ្តាប់ដៃបង្ហាញថា មេវេដឌ័រវាយចេញបានច្រើនជាងកូតតូគឺ៦៨៧ដៃចំគោលដៅ១៧៩ដៃ។
ឯកូតូវិញវាយចេញបាន៥០៦ដៃនិងចំគោលដៅចំនួន១០៥ដៃ។ ចំណែកទឹកប្រាក់រង្វាន់វិញ មេវេដឌ័រទទួលបាន៣២លានដុល្លារ ខណៈកូតតូទទួលបាន៨លានដុល្លារ ៕





ចែករំលែកព័តមាននេះ