កីឡាករអាមេរិក Taylor Phinneyបានសំដែងក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះ ដំណាក់បើកឆាកនៃការប្រណាំងកង់កម្មវិធីTour of ItalyឬGiro d’Italiaនៅប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យទី០៥ខែសភា ។ ការប្រណាំងដំណាក់ខាងលើនេះបញ្ចប់នៅទីក្រុងHerning។
Phinneyដែលជាអ្នកជិះកង់ឱ្យក្រុមBMC Racing Teamបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ៨,៧គីឡូម៉ែត្រដោយការប្រណាំងធ្វើឡើងជុំវិញទីក្រុង Herningប្រទេសអ៊ីតាលី។ Phinneyប្រើអស់ថិរវេលា១០នាទីនិង២៦វិនាទីយកឈ្នះកីឡាករអង់គ្លេស Geraint Thomasជិះឱ្យក្រុមSky Procyclingដែលបានប្រើថិរវេលាច្រើនជាង៩វិនាទីនិងបានយកឈ្នះកីឡាករដាណឺម៉ាក Alex Rasmussenជិះឱ្យក្រុមGarmin -Barracudaដែលបានប្រើថិរវេលាច្រើនជាង១៣វិនាទី។
ថ្លែងបន្ទាប់ពីទទួលបានជ័យជំនះកីឡាករវ័យ២១ឆ្នាំPhinneyបានបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្តដែលបានយកឈ្នះដំណាក់នេះ។ នេះពិតជាជ័យជំនះយ៉ាងពិសេសមួយដ្បិតការប្រណាំងនៅដំណាក់នេះប្រជុំទៅដោយកីឡាករជើងខ្លាំងជាច្រើន។ សង្ឃឹមថាជ័យជំនះនៅដំណាក់បន្តទៀតគឺជារបស់ខ្ញុំ។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះដំណាក់ ក្រោយៗទៀត»។
ចំណែកនៅលើតារាងថិរវេលាសរុបវិញ Phinneyស្ថិតនៅលំដាប់លើគេគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេជាមួយនឹងថិរវេលា ១០នាទីនិង២៦វិនាទី។ ស្ថិតនៅលំដាប់ទី២គឺកីឡាករអង់គ្លេស Geraint Thomasដែលបានប្រើថិរវលាច្រើនជាង៩វិនាទី។ ស្ថិតនៅលំដាប់ទី៣គឺកីឡាករដាណឺម៉ាក Alex Rasmussen ដែលបន្ទាប់ពីបញ្ចប់មួយដំណាក់នេះគេប្រើពេលច្រេើនជាង Phinney១៣វិនាទី។
បើគិតពីឆ្នាំ២០០៨ នេះគឺជាលើកទី១ដែលកីឡាករអាមេរិកបានគ្រងអាវកាក់ពណ៌លឿងនៅលើតារាងថិរវេលាសរុប ។ ការប្រណាំងកង់កម្មវិធី Tour of Italyឬ Giro d’Italiaឆ្នាំនេះមាន២១ដំណាក់លើចម្ងាយផ្លូវសរុប៣៤៧៦គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី២ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ២០៦គីឡូម៉ែត្រដោយការប្រណាំងធ្វើឡើងជុំវិញទីក្រុងHerning ដដែល៕


ចែករំលែកព័តមាននេះ