ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មៀ ខាន់​​ប្តេជ្ញា​​យក​​ឈ្នះ​ Peterson​ក្នុង​​ការ​​ប្រ​កួត​​លើក​​ទី​​2​ថ្ងៃ​​ទី​​19 ឧសភា​​ខាង​​មុខ​​នេះ​

14 ឆ្នាំ មុន

កីឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​អា​​មៀ ខាន់​បាន​ប្រ​កាស​ជា​ចំ​ហថា ខ្លួន​នឹង​បញ្ឈប់​កីឡាករ​អា​មេរិក Lamont Petersonឱ្យ​ខាង​តែ​បាន​ក្នុង​ការ​ជួប​គ្នា​ជា​លើក​ទី​២​នៅ​ក្រុង​ឡាស​វេហ្គាស​ថ្ងៃ​ទី​១៩​ឧស​ភា ​ ។​

ការ​ជួប​គ្នា​លើក​ទី​១​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ អា​មៀ ខាន់​បាន​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBA/IBFរបស់​ខ្លួន​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​  ចំ​រូង​ចម្រាសមួយ​ក្រោយ​ពី​រូប​គេ​ត្រូវ​បាន​កាត់​អស់​២​ពិន្ទុ​ពី​បទ​ចោទ​រុញ​គូ​ប្រ​កួត​។ ទោះ​ជា​យ៉ាង​ណា  មក​ដល់​​ពេល​នេះ​ គេ​នៅ​តែ​គ្មាន​ការ​ជឿ​ជាក់​លើ​ចៅ​ក្រម​អ្នក​ឱ្យ​ពិន្ទុ​ឡើយ​។

ថ្លែង​ក្នុង​ពេល​កំពុង​ហ្វឹក​ហាត់​ជា​មួយ​ប៉ាក់​គី​អាវ​នៅ​ហ្វ៊ីលី​ពីន​ កីឡាករ​អង់​គ្លេស​ដើម​កំណើត​ប៉ា​គី​ស្ថាន​រូបនេះ​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​មាន​ការ​ជឿ​ជាក់​លើ​កម្លាំង​និង​ក្បាច់​គុន​​ខ្លួន​ជា​ខ្លាំង​។ ខ្ញុំ​ដឹង​ថា ទំ​រាំ​ដល់​ពេល​ការ​ប្រ​កួតខ្ញុំ​នឹង​រឹត​តែ​ខ្លាំង​ជាង​នេះ​។ រយៈ​​ពេលពីរ​ទៅ​៣ថ្ងៃ​កន្លង​មក​នេះ មាន​មិត្ត​ភក្តិ​មួយ​ចំនួន​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​។ ពួក​គេ​ទាំង​នោះ​មក​ពី​ទូរ​ទស្សន៍ Sky Sports។ គេ​មក​ថតរូប​នៅ​ទី​នេះ​ទាំង​ក្នុង​និង​ក្រៅ​ក្លឹប​ហ្វឹក​ហាត់​។ ការ​ហាត់​សម​ត្រៀម​ប្រ​កួត​លើក​នេះ​ពិត​ជា​អស្ចា​រ្យ​ខ្លាំង​ណាស់​។ ខ្ញុំ​បាន​សម​ជា​មួយ​កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​ដែល​មាន​សម​ត្ថ​ភាព​ប្រ​ហាក់​ប្រហែល​Peterson។ នេះ​ជា​ការ​ប្រ​កួត​ដែល​ខ្ញុំ​បាន​ផ្តោត​អា​រម្មណ៍​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំ​ផុត​​»។

​គេ​បាន​បន្ត​ថា​៖«ខ្ញុំ​បាន​ដាក់​ចិត្ត​ដាក់​កាយ​ហើយ​ព្យាយាម​ហ្វឹក​ហាត់​យ៉ាង​សកម្ម​បំ​ផុត​។​ខ្ញុំ​មិន​បាន​ជួប​ជា​មួយ​អ្នក​សារ​ព័ត​៌​មាន​ញឹក​ញាប់​ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​នោះ​ទេ​។ ខ្ញុំ​ប្តេជ្ញា​ថា នឹង​ដណ្តើម​យក​ខ្សែ​ក្រ​វាត់​មក​វិញ​ឱ្យ​ខាង​តែ​បាន​។ ការ​ប្រ​កួត​លើក​ទី​២​នេះ​នឹង​ខុស​គ្នា​ពី​ការ​ប្រ​កួត​លើក​ទី​១ ​ហើយ​ខ្ញុំ​មាន​គោល​ដៅ​បញ្ចប់​ការ    ​ប្រ​កួត​នេះ​មុន​ទឹក​ទី​១២ »។

អា​មៀ ខាន់​ធ្លាប់​ឡើង​សង្វៀន​ប្រ​កួត​បាន​ចំនួន​២៨​លើក ក្នុង​នោះ​ឈ្នះ​២៦លើក​ ចាញ់​២​លើក​ ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​១៨​  លើក​។ ឯ Petersonធ្លាប់​ប្រ​កួត​ចំនួន​៣២លើក ឈ្នះ​៣០​លើក​ ចាញ់​១​ស្មើ​និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំនួន​១៥លើក ៕