ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី២ ឧសភានូវដំណោះស្រាយមួយដែលទាមទារស៊ូដង់និងស៊ូដង់ខាងត្បូងឱ្យបញ្ឈប់ការប្រទូស្តរ៉ាយគ្នាក្នុងរយៈពេល៤៨ម៉ោងហើយដោះស្រាយទំនាស់តាមរយៈការចរចាក្នុងរយៈពេល៣ខែខាងមុខនេះ បើពុំដូច្នោះទេនឹងទទួលរងការដាក់ទណ្ឌកម្ម ។
ក្នុងដំណោះស្រាយនោះបណ្តាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.បធ្វើការកត់សំគាល់ថាសភាពការណ៍បច្ចុប្បន្ននៅតាមបណ្តោយព្រំដែនរវាងស៊ូដង់និងស៊ូដង់ខាងត្បូងបន្តធ្ងន់ធ្ងរដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ ដូច្នេះប្រទេសទាំង២ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការប្រទូស្តរ៉ាយគ្នាក្នុងនោះរួមទាំងការទម្លាក់គ្រាប់បែកតាមអាកាសក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីពេលអនុម័តដំណោះស្រាយនេះទៅ ។ ក្រុមប្រឹក្សាសន្តិសុខសម្រេចថា ស៊ូដង់និងស៊ូដង់ខាងត្បូងត្រូវដកដោយគ្មានលក្ខខណ្ឌនូងកងទ័ពចេញពីព្រំដែនទាំងសងខាង បញ្ឈប់ការទទួលលើដែនដីខ្លួនឬការជួយទ្រទ្រង់ដល់បណ្តាក្រុមឧទ្ទាមប្រឆាំងរដ្ឋណាមួយក្នុងចំណោមរដ្ឋទាំង២ ហើយបញ្ឈប់រាល់ការឃោសនាប្រទូស្តរ៉ាយគ្នា។
ក្រុមប្រឹក្សាសន្តិសុខទាមទារឱ្យប្រទេសទាំង២ធ្វើការចរចាគ្នាឡើងវិញដោយគ្មានលក្ខខណ្ឌ ក្រោមការឧបត្ថម្ភរបស់សហភាពអាហ្វ្រិកក្នុងរយៈពេល២សប្តាហ៍ទៀតដើម្បីឱ្យសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីប្រេងកាត ដោះស្រាយលក្ខន្តិកៈនៃតំបន់ព្រំដែនដែលប្រទូស្តរ៉ាយគ្នា និងលក្ខន្តិកៈចុងក្រោយនៃតំបន់ABYEI ៕
ចែករំលែកព័តមាននេះ