ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​បាល់​​ទះ​ដណ្តើម​ពាន​រង្វាន់​ Leo Cup សម្រាប់ឆ្នាំ 2012

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​​សណ្ឋាគារណាហ្គា​វើល​មាន​រៀបចំ​​​សន្និសីទ​សារព័ត៌មាន​ប្រកាស​បើក​ការ​ប្រកួត​បាល់ទះពាន​រង្វាន់លី​អូ Leo Cup National Volleyball ២០១២ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីលោកវ៉ា​ត់ ចំរើន អគ្គ​លេខាធិ​ការ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា​ លោកឧត្ដ​ម​សេនីយ៍​ទោ វុ​ធ ផ​ល្លី ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​លិខិតឆ្លងដែន អនុ​ប្រធាន​សហ​ព័​ន្ធ​កីឡា​បាល់ទះ​កម្ពុជា លោក​ឡាក់ សំអាត អគ្គនា​យក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ក្រសួង​​អប់រំ អនុប្រធាន​សហ​ព័​ន្ធកីឡាបាល់ទះ​កម្ពុជា លោក​គ្រី​ទីណា​ន់ គូ​ណា​ភើ​ម​សិរិ នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន Boonrawd Trading International ដែល​ជា​ក្រុមហ៊ុន​ផលិត និងចែកចាយ​ស្រា​បៀរ​ ​Leo លោក​ជៀម ស្រ៊ុ​ន នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន CP & A Trading International​ភ្ញៀវ​ជាតិ និង​អន្ដរជាតិព្រមទាំងកីឡាករ​ជម្រើស​​ជាតិ​បាល់ទះ​កម្ពុជា​ជាដើម​ ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក​គ្រី​ទីណា​ន់ បាន​ឱ្យ​ដឹង​ថា ឆ្លងកាត់​ការ​សិក្សា​ផ្នែក​ទីផ្សារ​ជា​ច្រើន​ឆ្នាំ បាន​បញ្ជាក់​ពី​ការ​និយមចូល​ចិត្ដ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ ​។ កីឡាបាល់ទះ គឺជា​កីឡាមួយ​ប្រភេទ​ដែល​ទទួល​​ការ​និយម​ចូល​ចិត្ដ​យ៉ាង​ខ្លាំង ទើបបាន​​ពិភាក្សាជាមួយ​លោក​ជៀម ស្រ៊ុ​ន ក្នុង​ការ​ឧបត្ថម្ភ​ដល់​សហព័ន្ធ​ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡារ​បាល់ទះ​ដ៏​ធំ និង​ជា​ប្រវត្ដិសាស្ដ្រ ដែល​​ពុំ​ធ្លាប់​កើត​មាន​ឡើងជា​មួយ​ទឹកប្រាក់​ពាន​រង្វាន់​ជ័យ​លា​ភី​ក្រុម​ជើងឯក ៤០លាន​រៀល។

នៅ​ក្នុង​សុ​ន្ទ​រក​ថា​ស្វា​គម​ន៍​ និង​បើក​កម្ម​វិធី​ប្រកួត លោកឡាក់ សំអាត អគ្គនាយកនៃ​អគ្គ​នាយកដ្ឋាន​កីឡា និង​ជាអនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​មាន​ប្រសា​ស​ន៍​ថា ដោយ​​​ទទួល​បានការ​អនុញ្ញ​តពី​លោកនាយ​ឧត្ដម​សេនី​យ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​ការ​រៀប​ចំ​កីឡាបាល់ទះ​ពានរង្វាន់លី​អូ​ឆ្នាំ​២០១២ ក្នុង​គោលបំណង​លើក​ស្ទួយ​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​អន្ដរជាតិបង្កើន​សមត្ថ​ភាព​ ​និង​បទ​ពិសោធ​ន៍ដល់​កីឡាករ​ទូ​ទាំង​ប្រទេស និង​ជា​ឱកាស​មួយ​ដែល​បាន​ជ្រើសរើស​កីឡាករ​ថ្មី​ៗចូល​ជា​ក្រុម​ជម្រើសជាតិ​នា​ពេល​ខាង​​មុខ បណ្ដុះ​គំនិត​ដល់​មហាជន​ខ្មែរ​ឱ្យងាក​ពី​អំពើ​អបាយមុខមក​គាំទ្រ និង​លេង​កីឡាវិញ​​​។

គួរ​បញ្ជាក់​​ថា  ការ​ប្រកួត​កីឡាបាល់ទះ​ពាន​រង្វាន់ Leo ឆ្នាំ​២០១២ បែងចែក​ការ​ប្រកួត​ជម្រុះជា​៥​ភូមិភាគ គឺ​ភូមិភាគ​រាជធានី​ភ្នំពេញ​មាន​ជា​អាទិ៍រាជធានី​ភ្នំពេញ ខេត្ដកណ្ដាល​ កំពង់​ស្ពឺ ព្រៃវែង ស្វាយ​រៀង​ ​ទទួល​ពាក្យសុំ​ចូល​រួម​ប្រកួត​​នៅ​ថ្ងៃ​ទី​១២ ​ឧសភា​ នៅ​សហ​ព័​ន្ធ​កីឡា​បាល់ទះ​កម្ពុជា ព្រមទាំង​ប្រកួត​ជម្រុះ​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៩​ឧសភា នៅ​ទីលាន​បាល់ទះ​កីឡដ្ឋា​ន​ស្ដា​ត​ចាស់​។ ភូមិភាគ​ខេត្ដបាត់ដំបង​ មាន​ជា​អាទិ៍ ខេត្ដ​បាត់​ដំបង​ ប៉ៃ​លិ​ន​ បន្ទាយ​មាន​ជ័យ​ ពោធិ៍សាត់​ កំពង់ឆ្នាំង ទទួល​ពាក្យសុំ​ចូលរួម​ប្រកួត​នៅថ្ងៃ​ទី​២៧ ឧសភា នៅទីលាន​បាល់ទះ​សាលា​គរុកោសល្យ​ភូមិភាគបាត់ដំបង ព្រមទាំង​ប្រកួត​ជម្រុះ​ពី​ថ្ងៃ​ទី​២៨ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា​។ ភូមិភាគ​ខេត្ដ​សៀម​រាប មាន​ជា​អាទិ៍ ខេត្ដសៀមរាប កំពង់ធំ​ ព្រះ​វិហារ​ ឧត្ដរមានជ័យ​ ទទួល​ពាក្យសុំ​ចូលរួម​ប្រកួតនៅថ្ងៃ​ទី​៩ ​មិថុនា នៅទីលាន​បាល់ទះ​ក្លឹ​ប​ SC ខេត្ដសៀមរាប ព្រម​ទាំង​​ប្រកួត​ជម្រុះ​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៦ មិថុនា​។​​​​ភូមិភាគ​ខេត្ដកំពង់ចាម មាន​ជា​អាទិ៍ ខេត្ដ​កំពង់​ចាម​ ស្ទឹង​ត្រែង​ រតនគិរី ​មណ្ឌល​គិ​រ​ី ទទួល​ពាក្យ​សុំ​​ចូលរួម​ប្រកួត​ថ្ងៃ​ទី​២៤​ មិថុនា នៅ​ទី​លាន​បាល់​ទះ​ក្លឹ​បកីឡា​ខេត្ដកំពង់ចាម ព្រម​ទាំង​ប្រកួត​ជម្រុះ​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​៣០ មិថុនា ​។​ ភូមិ​ភាគ​ខេត្ដ​ព្រះ​សីហ​នុ មាន​ជា​អាទិ៍ ខេត្ដ​ព្រះ​សីហ​នុ​ កោះកុង​ កំពត​ កែប​ និង​ខេត្ដតាកែវ ទទួល​​ពាក្យ​សុំ​​ចូលរួម​ប្រកួតថ្ងៃ​ទី​៨ កក្កដា នៅ​ទីលាន​បាល់​ទះ​​ក្លឹ​ប​កីឡា​ជើង​ទឹក​ក្រុងព្រះសីហនុ ព្រមទាំង​ប្រកួត​ជម្រុះ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៤ កក្កដា។

នេះ​ជា​ការ​ប្រកួត​ក្នុង​លក្ខណៈមហាជន​ទូ​ទាំង​ប្រទេស ហេតុ​ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ពិសេស​អ្នក​ស្នេហា​កីឡាបាល់ទះ​ដែល​មាន​សមាជិក​ក្រុម​ពី​១០​ទៅ​១២​នាក់​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជា​មួ​ួ​យ​សហព័ន្ធ ក៏​ដូច​ជា​នៅ​តាម​ទីកន្លែង និង​កាលបរិច្ឆេទ​ដែល​បាន​បញ្ជាក់​ខាងលើ ក្រុម​ដែល​មក​មុន​ទទួល​នូវ​សិទ្ធិ​ពិសេស​ក្នុង​ការ​ប្រកួត​មុន ​។ ការ​ប្រកួត​កីឡាបាល់ទះ​ពានរង្វាន់​លី​អូក្នុង​ដំណាក់កាល​ទី​២ នឹង​ធ្វើការ​ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី៥ សីហា​។ សូម​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចូលរួម​ប្រកួត​ និង​ទស្សនា​ដើម្បី​លើក​កម្ពស់​សមត្ថភាព និង​ទឹក​ចិត្ដ​ក៏​ដូច​ជា​កេរ្ដិ៍ឈ្មោះ​កីឡាបាល់ទះ​កម្ពុជា​ ៕