ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ស៊ីណាត ជួប​អាល្លឺម៉ង់ ចំណែកឯ ចាន់ រតនា ជួប​កូរ៉េ នៅ​លើ​សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ3

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ឡៅ ស៊ីណាត មក​ពី​ក្លឹប​កង​​ពល​តូច​ឆត្រ​យោង​លេខ​៩១១ នឹង​​ជួប​ជា​មួយ​ជើង​ខ្លាំង​មក​ពី​​អាល្លឺ​ម៉ង់ Andreas Matthisas ក្នុងប្រភេទ​​​ទម្ងន់​៦៧​គីឡូ​ក្រាម នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣​ នា​ថ្ងៃ​សៅរ៍​ទី​៥ ឧសភា ខាង​មុខ​នេះ ខណៈ​ចាន់ រតនា​ មក​ពី​ក្លឹប​ខេមរៈ​ខ្លា​ហោះ ជួប​ជើង​ខ្លាំង​មក​ពី​កូរ៉េ Chungtong Kwang ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​ ​។​

ស៊ីណាត គឺ​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ខ្ពស់​បំផុត ប៉ុន្តែ​សម្រាប់​ដៃ​គូ​ប្រកួត​របស់​គេ​វិញ​​​អត់​មាន​អ្នក​ណា​ស្គាល់​ប្រវត្តិ​ច្បាស់​ឡើយ​ គឺ​គេ​បាន​ត្រឹម​តែ​ដឹង​តៗ​គ្នា​ថា ​ជា​ជើង​ខ្លាំង​គ្រាន់​បើ  ។ ស៊ីណាត ស្នៀត​កែង និង​ជង្គង់​របស់​គេ​ពិបាក​រក​គូ​ប្រៀប​ខ្លាំង​ណាស់ ចលនា​វាយ​លុក​នៅ​លើ​សង្វៀន​​មាន​​ភាព​រហ័ស​រហួន​គ្រាន់​បើ​ បូក​រួម​ទាំង​ស្នៀត​ជើង​ និង​ស្នៀត​​កណ្តាប់​ដៃ​​ទៀត​​ គឺ​ពិបាក​ទប់​ទល់​ខ្លាំង​ណាស់​ ប៉ុន្តែ​ការ​មក​ប៉ះជើង​ខ្លាំង​មក​ពី​អាល្លឺ​ម៉ង់​លើក​នេះ​ ​​​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ ។ ភាគ​ច្រើន​កីឡា​ករ​​បរទេស​មិន​សូវ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​ប៉ុន្មាន​​ទេ តែ​បើ​និយាយ​ពី​កម្លាំង​វិញ​​​ គឺ​ខ្លាំង​វាយ​៥​ទឹក​ពេញ​មិន​ងាយ​ហត់​ឡើយ​ ​ទោះ​ជា​យ៉ាង​ណា​ ក៏គេ​មិន​ទាន់​អាច​និយាយ​ទុក​មុន​បាន​ដែរ មាន​តែ​រង់​ចាំ​អ៊ុត​មើល លើការ​ប្រកួត​ថ្ងៃ​​នោះ​មក​ដល់​សិន​ទើប​អាច​ដឹង​​បាន​ ។

រី​ឯ​ការ​ជួប​គ្នា​រវាង​កីឡា​ករ​ចាន់ រតនា និង​កីឡា​ករ​មក​ពី​កូរ៉េ​វិញ ​រឹត​តែ​មិន​អាច​ទាយ​ទុក​មុន​បាន​ថែម​ទៀត​ ។ ចាន់ រតនា មាន​ស្នៀត​ជើង​ខ្លាំង​​ដូច​រន្ទះ​ អាច​ទាត់​ចេញ​បាន​លឿន​ ហើយ​ខ្លាំង​ ចំណែក​ស្នៀត​កែង​វិញ​ ​ក៏​សាហាវ​ណាស់​ដែរ ប៉ុន្តែ​គេ​​មិន​អាច​មើល​ស្រាល​លើ​ជើង​ខ្លាំង​មក​ពី​កូរ៉េ​ម្នាក់​នេះ​បាន​ឡើយ ។ Chungtong Kwang មាន​ស្នៀត​កណ្តាប់​ដៃ​ល្អ​អាច​វាយ​ចេញ​បាន​ត្រង់​ ហើយ​ខ្លាំង​ទៀត​ផង​  ប៉ុន្តែ​ជើង​ខ្លាំង​ម្នាក់​នេះ​អត់​មាន​អ្នក​ណា​ស្គាល់​ប្រវត្តិ​ប្រកួត​ច្បាស់​លាស់​ឡើយ ។ ចាំ​មើល​ រតនា ដែល​មិន​ធ្លាប់​ភ្លក់​រស​ជាតិ​នៃ​ការ​ប្រកួត​ជា​លក្ខណៈអន្តរ​ជាតិ​ម្តង​ណា​សោះ ​លើក​នេះ​គេ​មាន​សំណាង​ល្អ​ ឬ​មិនល្អ​នោះ​មាន​តែ​ចាំ​អ៊ុត​មើល​លើ​ការ​ប្រកួត​ថ្ងៃ​នោះ​មក​ដល់​សិន​ប៉ុណ្ណោះ ។

ចំណែក​ឯ​គូប្រកួត​​រវាង​កម្ពុជា និង​កម្ពុជា​​វិញ លាប សំណាង មក​ពី​ក្លឹប​កងពល​តូច​លេខ​៧០ ជួប​ខុម ពិសិដ្ឋ មក​ពី​ក្លឹប​អូ​ដឹម​កីឡា ។ សាន រាជ​សីហ៍ ​មក​ពី​ក្លឹប​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន ជួប​សល់ ប៊ុនហូវ មក​ពី​ក្លឹប​អាស៊ី​កីឡា ។ ថា រ៉ាវី មក​ពី​ក្លឹប​ឥន្ទ្រី​​កីឡា​ជួប​ ជឹម សារាត់ មក​ពី​ក្លឹប​ក្រសួង​មហា​ផ្ទៃ ៕