បេក្ខជននៃគណបក្សសង្គមនិយមបារាំងលោកហ្វ្រង់ស្វ័រហូឡង់ និងប្រធានាធិបតីចប់អាណត្តិលោកនីកូឡាស់ សាកូហ្ស៊ី បេក្ខជនគណបក្សUMP ដែលប្រជែងកាន់តំណែងមួយអាណត្តិទៀត កាលពីយប់ថ្ងៃទី២ឧសភាបានដេញដោលទល់មុខគ្នាតាមទូរទស្សន៍ដោយចោទសួរឆ្លើយឆ្លងគ្នាលើបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច សិទ្ធិបោះឆ្នោតរបស់ប្រជាជនបរទេសនៅក្រៅសហគមន៍ វិបត្តិបំណុល និងវិបត្តិអឺរ៉ុប ព្រមទាំងបញ្ហាអាហ្វហ្គានីស្ថាន ។
ការជជែកដេញដោលឆ្លើយឆ្លងគ្នានេះត្រូវគេរង់ចាំយ៉ាងខ្លាំងមុនការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី២ នាថ្ងៃទី៦ឧសភា ខាងមុខនេះ ។ ក្នុងការដេញដោលគ្នានោះលោកហូឡង់ បានរិះគន់លោកសាកូហ្ស៊ីថាពុំអាចធ្វើឱ្យសម្រេចទិសដៅអត្រាឥតការងារធ្វើ របស់ប្រទេសធ្លាក់មកនៅត្រឹម៥% ក្នុងរយៈពេល៥ឆ្នាំ ។ លោកហូឡង់មានប្រសាសន៍ថា ផ្ទុយទៅវិញអត្រាឥតការងារធ្វើកើនឡើងក្នុងអំឡុងពេលនេះដល់៤លាននាក់ ។
ចំណែកលោកសាកូហ្ស៊ីវិញ តបវិញថា តួលេខរបស់លោកហូឡង់ គឺខុសដោយលោកថាចំនួនអ្នកឥតការងារធ្វើកើនឡើងត្រឹម៤២២.០០០នាក់ប៉ុណ្ណោះរវាងឆ្នាំ២០០៧និង២០១១ ពោលកើន១៨,៧% ៕
ចែករំលែកព័តមាននេះ