ខេត្តកណ្តាល ៖ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាឃុំបែកចាន បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្សចំនួន៦៣៩នាក់ជាយុវជន-យុវនារី និងសមាជិកដែលចាកចេញពីបក្សផ្សេងៗមករួមរស់ជាមួយគណបក្សប្រជាជននាថ្ងៃទី២៩ មេសា ក្រោមវត្តមានលោកបណ្ឌិតរស់ វណ្ណា អនុប្រធានទី១គណៈពង្រឹងមូលដ្ឋានស្រុក និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំបែកចាន និងឃុំក្រាំងម្កាក់ រួមដំណើរដោយលោកឆាយ ត្រលន់ អនុប្រធានទី១គណៈពង្រឹងមូលដ្ឋាន ឃុំបែកចាន និងឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ។
លោក ឌុក រ៉េត ប្រធានគណៈកម្មាធិការបក្សឃុំបែកចានឱ្យដឹងថា ពិធីប្រកាសបញ្ចូលសមាជិកបក្សប្រជាជន៦៣៩នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកនាពេលនេះគឺសុទ្ធតែជាយុវជន-យុវនារី និងសមាជិកបក្សផ្សេងៗដោយពួកគេយល់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ អាចផ្ដល់សេចក្ដីសុខ និងសន្តិភាពដ៍រឹងមាំក្នុងការដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត ។ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានលទ្ធភាពដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនលើគ្រាប់វិស័យ សម្រាប់កូនចៅជំនាន់ក្រោយ ។ លោកបន្ដថា គណបក្សប្រជាជនមានគោលនយោបាយច្បាស់លាស់យកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះ ទើបយើងទាំងអស់គ្នាគាំទ្រនូវគោលនយោបាយរបស់បក្ស ។
លោកបណ្ឌិតរស់ វណ្ណា បានមានប្រសាសន៍ថា បងប្អូនទាំងអស់ដែលបានចូលជាសមាជិកបក្សប្រជាជនហើយ ត្រូវស្មោះត្រង់ និងប្រតិបត្ដិតាមគោលនយោបាយរបស់គណបក្ស បន្ដគាំទ្រនូវលក្ខន្ដិកៈរបស់គណបក្សត្រូវសាមគ្គីគ្នាស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់បំផុត ហើយត្រូវគោរពក្រមសីលធម៌ដែលប្រធានបក្សប្រគល់ជូន ឱ្យបានជានិច្ច ។ បន្តគាំទ្របេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ដ្រីក្នុងការដឹកនាំប្រទេសជាតិជារៀងដរាបព្រមទាំងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។លោកបានផ្តាំផ្ញើដល់សមាជិក-សមាជិកាទាំងអស់រក្សាសាមគ្គីភាពផ្ទៃក្នុង និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ។
ក្នុងឱកាសនោះលោកបណ្ឌិត រស់ វណ្ណា ក៍បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងលោកជំទាវប្រគេន និងឧបត្ថម្ភដល់ព្រះសង្ឃ៣អង្គ ក្នុង១អង្គសាដក១ បច្ច័យ២ម៉ឺនរៀល ព្រះចៅអធិការវត្ត ភូមិថ្មីបច័្ចយចំនួន២លានរៀល សម្រាប់បន្តកសាងកុដិ និងសមិទ្ធផលនានាក្នុងវត្ត, ឧបត្ថម្ភថវិកាចំនួន២លាន៧សែនរៀលសម្រាប់កាត់ឯកសណ្ឋានកម្លាំងប្រជាការពារឃុំ៤៥នាក់ សមាជិកចូលរួមទាំង៦៣៩នាក់ម្នាក់ៗទទួលបានអាវ១, មួក១,ប៊ីចេង១កញ្ចប់ និងថវិកាចំនួន៥ពាន់រៀល និងឧបត្ថម្ភការរៀបចំកម្មវិធីថវិកាចំនួន៥០ម៉ឺនរៀល ៕



ចែករំលែកព័តមាននេះ