ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រីជីន សុខន មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ ៨១៥ សហការជាមួយកម្លាំងផ្នែកសឹករងស្រុកចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រីញ៉ែម សារុន មេបញ្ជាការសឹករងស្រុកម៉ាឡៃ បានជួបពិភាក្សាជាមួយកម្លាំងទាហានឈុតខ្មៅថៃកងរយ១២០១ចំនួន៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក វីវ៉ាត់ ផាន់ផិប មេបញ្ជាការរង និងមានការចូលរួមពីលោកមេភូមិ មេឃុំខ្លងណាមសៃ និងលោកនិ រុត អភិបាលរងស្រុកអារញ្ញ។
ការប្រជុំពិភាក្សាគ្នានេះ បានធ្វើឡើងកាលពី វេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២ ឧសភា ២០១២ ត្រង់កន្លែងកសាងរូបបដិមា ស្ថិតក្នុងភូមិសាស្រ្តភូមិខ្លងណាមសៃ ឃុំខ្លងណាមសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ លោកវរសេនីយ៍ត្រីជីន សុខន បានឲ្យដឹងថា ការប្រជុំពិភាក្សាគ្នា គឺខាងភាគីកម្ពុជាបានស្នើសុំឱ្យភាគីថៃផ្អាកការកសាងរូបបដិមាមួយរយៈសិន ដោយរង់ចាំឲ្យថ្នាក់ស្រុក និងថ្នាក់ខេត្តជួបពិភាក្សាគ្នា ព្រោះការកសាងរូបបដិមានេះ វាក្បែរនឹងអូរព្រំដែនប្រវែង២០ម៉ែត្រទល់នឹងភូមិសាស្រ្តភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រីជីន សុខន បានបញ្ជាក់ថា ការពិភាក្សាគ្នាមានរយៈពេល៣០នាទី ដោយភាគីថៃបានឯកភាពលើការសុំផ្អាករបស់ភាគីកម្ពុជាក្នុងភាពស្និតស្នាលដោយរង់ចាំការដោះស្រាយពីថ្នាក់លើទាំងសងខាង៕


ចែករំលែកព័តមាននេះ