រាជធានីភ្នំពេញ ៖ បន្ទាប់ពីដំណើរការទៅយ៉ាងរលូននៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់អេស៊ីលីដាឆ្នាំ២០១១ ម្តងរួចមកលើកនេះ ធនាគារអេស៊ីលីដា បានរៀបចំឱ្យមានការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់មួយថ្មីទៀត ដែលមានឈ្មោះថា ការប្រកួតបាល់ទាត់អេស៊ីលីដា-ចនព្រិនសដិន ឆ្នាំ២០១២ ។
លោក នេត ពិសិដ្ឋ មន្ត្រីគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា គោលបំណងសំខាន់ដែលធនាគារអេស៊ីលីដា រៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតនេះឡើង គឺដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាផង និងក៏ដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងបុគ្គលិកនិងបុគ្គលិក ព្រមទាំងលើកកម្ពស់សុខុមាលភាពផងដែរ ។ ការប្រកួតឆ្នាំនេះ បើតាមការឱ្យដឹងបន្ថែមគឺមានទ្រង់ទ្រាយធំជាងឆ្នាំមុន ព្រោះថាមានក្រុមចូលរួមរហូតដល់ទៅ៣៨ក្រុម មកពីសាខាចំនួន៤២ នៅទូទាំងប្រទេស ។
ក្រុមទាំង៣៨នេះ ធ្វើការបែងចែកជា៨ពូល គឺចាប់ពីពូល A ដល់ពូល H ហើយការប្រកួតនេះទៀតគឺចាប់ផ្តើមតាំងពីថ្ងៃទី២៨ មេសា មកម៉្លេះ ។ ចំពោះលក្ខខណ្ឌនៃការប្រកួត គឺធ្វើឡើងជាលក្ខណៈជម្រុះវិលជុំតាមពូល ដើម្បីជ្រើសរើសយក១ពូល ២ក្រុម ប៉ុណ្ណោះ សម្រាប់ឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយជាបន្តទៀត ។ រីឯទីកន្លែងប្រកួតវិញមាន៣កន្លែងនៅរាជធានីភ្នំពេញ គឺធ្វើនៅទីលានខេមរា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទីលានសាកលវិទ្យាល័យមេគង្គកម្ពុជា និងទីលានពហុកីឡដ្ឋានជាតិ ដោយធ្វើឡើងតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកប៉ុណ្ណោះ ។
ក្រុមដែលទទួលបានជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ លេខ១ ទទួលបាន១លាន ២សែនរៀល,លេខ២ ទទួលបាន៦០ម៉ឺនរៀល, លេខ៣ ទទូលបាន៤០ម៉ឺនរៀល និងលេខ៤ ទទួលបាន៣០ម៉ឺុនរៀល ។ រីឯក្រុមទទួលបានចំណាត់ថ្នាក់ Fairplay ទទួលបាន៥០ម៉ឺនរៀល ។ ប៉ុន្តែមានករណីបន្ថែម ប្រសិនបើក្រុមណាមួយដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ មានកីឡាករមិនមានសីលធម៌ល្អ គណៈកម្មការរៀបចំការប្រកួតមានសិទ្ធិដកប្រាក់រង្វាន់មួយចំនួនបន្ថែមទៅឱ្យក្រុមដែលលេងមានសីលធម៌ល្អ ដោយមិនមានសិទ្ធិតវ៉ាឡើយ ។ ដូច្នេះ បានន័យថា ការប្រកួតនេះសំដៅទៅលើតែចំណងមិត្តភាពសាមគ្គីភាពច្រើនជាង ៕


ចែករំលែកព័តមាននេះ