ផូល ឡារីបាននិយាយថា រូបគេនឹងមិនទៅចូលរួមការប្រកួតកម្មវិធី U.S Openទេដោយទាញហេតុផលសំអាងថា បច្ចេកទេសប្រកួតរបស់ខ្លួនមិនទាន់ឈានដល់កម្រិតសម្រាប់ការចូលរួមក្នុងកម្មវិធីធំៗបែបនេះទេ ។
ម្ចាស់ជើងឯក British Open ឆ្នាំ១៩៩៩រូបនេះបច្ចុប្បន្នស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៤៣ពិភពលោក។ បើទោះជាមានការប្រកែកមិនទៅចូលរួមក៏ដោយ ក៏ប៉ុន្តែគេបានជាប់ឈ្មោះចូលប្រកួតក្នុងកម្មវិធីនេះជាស្វ័យប្រវត្តិរួចស្រេចទៅហើយ។ ឡារីបាននិយាយថា ខ្លួនចង់ឆ្លៀតពេលឈប់សម្រាកដើម្បីត្រៀមចូលរួមក្នុងកម្មវិធី BMW International Openនៅទីក្រុងកូឡូញសប្តាហ៍បន្ទាប់។
កីឡាកររូបនេះបានបន្តថា៖«ឯតទគ្គកម្មរបស់ខ្ញុំក្នុងកម្មវិធី U.S Openមិនជាល្អទេ ។ ខ្ញុំគិតថា វាជាកម្មវិធីធំមួយ។ ផ្ទុយពីនេះ ខ្ញុំបែរជាមានអារម្មណ៍ថាអាចលេងបានល្អនៅក្នុងកម្មវិធី BMW International Open។ ខ្ញុំដឹងថា មានមនុស្សជាច្រើនភ្ញាក់ផ្អើលក្នុងរឿងនេះ ប៉ុន្តែខ្ញុំត្រូវតែចាប់យកឱកាសចូលក្នុងក្របខណ្ឌ Ryder Cupឱ្យខាងតែបានតាមរយៈការឈ្នះពិន្ទុក្នុងកម្មវិធី BMW International Open»។
សម្រាប់រដូវកាលនេះ ផូល ឡារីបានឈ្នះរួចមកហើយនូវពានជើងឯក Qatar Mastersក្នុងខែកុម្ភៈកន្លងមក។ គេបាននិយាយថា បច្ចេកទេសប្រកួតរបស់ខ្លួនមិនសមនឹងកម្មវិធី U.S Openនោះទេ។ គេបានចូលរួមកម្មវិធីនេះចំនួន៤លើកចាប់ពីឆ្នាំ២០០១មក តែជាលទ្ធផលមិនដែលបានជាប់ឈ្មោះក្នុងតារាងចំណាត់ថ្នាក់ឡើយ។
ឡារីបញ្ជាក់ថា គោលបំណងរបស់ខ្លួនគឺចូលរួមក្នុងកម្មវិធីប្រកួតណាដែលងាយនឹងរកបានពិន្ទុដើម្បីបានចូលរួមក្នុងក្រុម Ryder Cup។ «ដូច្នេះ មិនបានប្រកួតនៅអាមេរិក ហើយជំនួសមកវិញបានប្រកួតនៅអាល្លឺម៉ង់ គឺជារឿងល្អប្រសើរទៅវិញទេសម្រាប់ខ្ញុំ»៕


ចែករំលែកព័តមាននេះ