កងទ័ពស៊ីរីកាលពីថ្ងៃទី២ឧសភាបានទទួលស្គាល់ពីការបាត់បង់ធ្ងន់ធ្ងរបំផុតចាប់តាំងពីមានបទឈប់បាញ់គ្នា៣សប្តាហ៍មួយហើយជាមួយនឹងការស្លាប់ទាហាន២១នាក់ក្នុងការប្រយុទ្ធគ្នានានាជាមួយកងកម្លាំងប្រឆាំងនៅជិតទីក្រុងដាម៉ាស់ និងក្នុងតំបន់អាឡេប ។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរី OSDHថាសមាជិកកងកម្លាំងសន្តិសុខ១៥នាក់ក្នុងនោះមានថ្នាក់វរសេនីយ៍ឯក២នាក់បានស្លាប់ក្នុងការពួួនស្ទាក់វាយប្រហារមួយរបស់ពួកឧទ្ទាមដែលនោះជាការបាត់បង់ធ្ងន់ធ្ងរបំផុតចាប់តាំងពីថ្ងៃទី២ មេសាមក ក្នុងខេត្តអាឡេប ដោយពួកឧទ្ទាម២នាក់ក៏ត្រូវស្លាប់ដែរ ។
OSDH បន្តទៀតថា ទាហាន៦នាក់ទៀតស្លាប់ក្នុងការប៉ះទង្គិចគ្នាទាំងឡាយជិតក្រុងដាម៉ាស់ ខណៈនៅភាគខាងកើតប្រទេសកងទ័ពស៊ីរីបានវាយប្រហារនិងដុតផ្ទះទាំងឡាយរបស់ពួកសកម្មប្រយុទ្ធនៅមូលដ្ឋាន DEIR EZZOR។ ជនស៊ីវិលម្នាក់ត្រូវសម្លាប់ដោយកងទ័ពនៅដឺរ៉ា អា ហើយ២នាក់ទៀតស្លាប់នៅដារ៉ាយ៉ា ជិតក្រុងដាម៉ាស់ ដែលនៅទីនោះទាហាន៥នាក់ត្រូវរបួសក្នុងការប្រយុទ្ធគ្នានៅពេលយប់ ។
ការកើនឡើងនៃអំពើហិង្សាជាមួយមនុស្សស្លាប់២៤នាក់ រយៈពេលតែ១ថ្ងៃ កើតមានទោះបីជាមានការដាក់ពង្រាយចាប់ពីថ្ងៃទី១៦មេសាមកនូវក្រុមសង្កេតការណ៍របស់អ.ស.ប ទទួលបន្ទុកត្រួតពិនិត្យបទឈប់បាញ់គ្នាដែលបង្កើតឡើងក្នុងក្របខណ្ឌនៃផែនការសន្តិភាពរបស់លោកកូហ្វីអាណាន់ដែលត្រូវរំលោភបំពានរៀងរាល់ថ្ងៃក៏ដោយ ៕
ចែករំលែកព័តមាននេះ