ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​ស្វ៊ីស​ វ៉ារីន​កា​ឈ្នះ​ជុំ​ទី​2​ប្រកួត​តឺ​ន្នីស Estoril Tennis Open​នៅ​​ព័រ​​ទុយ​ហ្គាល់

14 ឆ្នាំ មុន

កីឡា​ករ​​ស្វ៊ីស​​ស្ទែន​​នី​​ឡាស វ៉ា​រិន​​កា​បាន​សម្តែង​​​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជុំ​ទី​២​ប្រ​កួតតឺន្នីស​​​​កម្ម​វិធី Estoril Tennis Openដែល​​រៀប​ចំ​ធ្វើ​នៅ​តំ​បន់​ Oeiras​ជាយ​ក្រុង​ Lisbonប្រ​ទេស​ព័រ​ទុយ​ហ្គាល់​ កាល​ពី​ថ្ងៃ​ទី​២​ឧស​ភា​កន្លង​មក​នេះ​ ។​

​វ៉ា​រិន​ការ​បំ​បាក់​កីឡាករ​អេស្ប៉ាញ Ivan Navarroក្នុង​លទ្ធផល៧-៦​និង​៦-១​ឈាន​ចូល​ជុំ​ទី​៣​ដោយ​ក្តី​រីក​រាយ​។ រដូវ​កាល​នេះ​ វ៉ា​រិន​កា​មិន​ទាន់​យក​ឈ្នះ​ពាន​ជើង​ឯក​ណា​មួយ​លើ​ទី​លាន​ដី​ក្រហ​ម​នៅ​ឡើយ​ទេ​ គឺ​គ្រាន់​តែ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចំនួន​២លើក​ប៉ុណ្ណោះ​។​ ចំណែក​ក្នុង​កម្ម​វិធី Monte Carlo Mastersកន្លង​មក​ គេ​បាន​ឆ្លង​ចូល​ដល់​ត្រឹម​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ប៉ុណ្ណោះ។

​ថ្លែង​បន្ទាប់​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ​លើក  ​នេះ កីឡាករ​លំ​ដាប់​ទី​២២​រូបនេះ​​បញ្ជាក់​ថា​៖  «អា​កាស​ធាតុ​ក្នុង​ថ្ងៃ​នេះ​ពិត​ជា​មិន​អំណោយ​ផល​ទាល់​តែ​សោះ​។ មាន​ខ្យល់​និង​ភ្លៀង​។ គូ​ប្រ​កួត​របស់​ខ្ញុំ​មាន​បទ​ពិ​សោធន៍​ច្រើន​ក្នុង​ការ​ប្រ​កួត​នៅ​ទី​នេះ​។ សិត​ទី​១​ពិត​ជា​យ៉ាប់​ខ្លាំង​ណាស់​ តែ​សំ​ណាង​ល្អ​ដែល​ខ្ញុំ​ឈ្នះ​ការ​ប្រ​កួត​។ បន្ទាប់​ពី​ឈ្នះ​សិត​ទី​១​ សិត​ទី​២​ខ្ញុំ​យក​ឈ្នះ​យ៉ាង​រំ​ភើយ​។ ឈ្នះ​ការ​ប្រ​កួត​លើក​នេះ​ពិត​ជា​សំ​ខាន់​ខ្លាំង​ណាស់​»។

ឡើង​ទៅ​ជុំ​ទី​៣​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ផង​ដែរ​ គឺ​កីឡាករ​បា​រាំង​រី​ឆាដ ហ្គាស​ហ្គេត​។ ហ្គាស​ហ្គេត​បាន​ឆ្លង​ផុត​ជុំ​ទី​២​ក្រោយ​ពី​ឈ្នះ​កីឡាករ​អ៊ីតា​លី​ Paolo Lorenzi ក្នុង​លទ្ធផល​៦-១​និង​៦-១​។ ​ហ្គា​ស​ហ្គេត​គឺ​ជា​កីឡាករ​ម្នាក់​ដែល​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី​នេះ​កាល​ពី​ឆ្នាំ​២០០៧​។​នៅ​ឆ្នាំ​នេះ​គេ​ទទួល​បរា​ជ័យ​ចំនួន​៨​លើក​នៅ​ក្នុង​ការ​ប្រ​កួត​សរុប​១២​លើក​។ គេ​បាន​និយាយ​ថា​៖«វា​ជា​លទ្ធផល​ល្អ​មួយ​សម្រាប់​ខ្ញុំ​។​ ខ្ញុំ​មិន​អាច​តវ៉ា​បាន​ទេ​។

ខ្ញុំ​ធ្លាប់​មក​ប្រ​កួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​នេះ​បាន​ម្តង​ហើយ ​ដូច្នេះ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ពី​ស្ថាន​ភាព​ទី​លាន​ប្រ​កួត​ ។​ ខ្យល់​មិន​មែន​ជា​បញ្ហា​សម្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​មិន​យល់​ទាស់​​ប្រ​កួត​ក្នុង​ពេល​មាន​ខ្យល់​បក់​ខ្លាំង​នោះ​ទេ​។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​ងារ​អ្វី​មួយ​ដោយ​មាន​ខ្យល់»។
ចំណែក​លទ្ធផល​នៃ​ការ​ប្រ​កួត​ឯកត្ត​ជន​ផ្នែក​នា​រី​វិញ​ កីឡាការិនី​ម៉ា​រី​យ៉ា គី​រី​ឡឹន​កូ​ដែល​ជា​ម្ចាស់​ពាន​​​​នេះ​កាល​ពី​ឆ្នាំ​២០០៨​បានធ្លាក់​ចេញ​ពី​កម្ម​វិធី​ប្រ​កួត​ក្រោយ​ពី​បរា​ជ័យ​ក្រោម​ថ្វី​ដៃ​​នាង Karin Knappមក​ពី​ប្រ​ទេស​អុី​តា​លី​ក្នុង​​​លទ្ធផល​ ១-៦​,៦-១​និង៧​-៥។​
​គី​រី​ឡឹន​កូ​នៅ​ឆ្នាំ​នេះ​មិន​ទាន់​បាន​យក​ឈ្នះ​ពាន​ជើងឯក​កម្ម​វិធី​ណា​មួយ​នៅ​ឡើយ​ទេ​។ កាល​ពី​ប្រ​កួត​នៅ​ទី​ក្រុង​ប៉ាត់​តា​យ៉ា​ ប្រ​ទេស​ថៃ​ខែ​កុម្ភៈ​កន្លង​មក​ នាង​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះ​។ បរា​ជ័យ​លើក​នេះ​ធ្វើ​ឱ្យ​នាង​បាត់​បង់​ឱកាស​ជា​ថ្មី​ម្ត​ង​ទៀត​ហើយ​ ។

លទ្ធផល​នៃ​ការ​ប្រ​កួត​​ឯកត្ត​ជន​ផ្សេង​ទៀត​មាន​ដូច​ជា​ កីឡាការិនី​ចិន​ Jie Zheng​ប​រា​ជ័យ​ក្រោម​ថ្វី​ដៃ​នាង​ Galina Voskoboeva ក្នុង​លទ្ធផល​៦-៤​និង៦-១​ ខណៈ​កីឡាការិនី​​អ៊ីតា​លី​ Roberta Vinciឈ្នះ​កីឡាការិ​នី​ម្ចាស់​ផ្ទះ​ Maria Joao Koehlerក្នុង​លទ្ធផល​៦-២​​និង​៦-០​។​ ស្រប​ពេល​ជា​មួយ​គ្នានោះ កីឡាការិនអេស្តូ​នី​​ Kaia Kanepiបាន​ពន្លត់​នូវ​ក្តី​សង្ឃឹម​របស់​កីឡាការិនី​អា​មេរិក​ Vania Kingក្រោយ​ពី​បាន​យក​ឈ្នះ​ក្នុង​​លទ្ធផល​៦-៣​និង​៦-៤​។

​​កីឡាការិនី​ឆែក​ Petra Cetkovskaយក​ឈ្នះ​កីឡាការិនី​អង់​គ្លេស​​ Heather Watsonក្នុង​លទ្ធផល​៦-៣​និង​៦-១​ខណៈ ​កីឡា​ការិនី​រុស្ស៊ី​  Nadia Petrova យក​ឈ្នះ​កីឡាការិនី​អូ​ស្ត្រា​លី​ក្នុង​លទ្ធផល​៧-៦ ។​​ កីឡាការិនី​អេស្ប៉ាញ​ Carla Suarez Navarro​ចូល​រួម​រីក​រាយ​ជ័យ​ជម្នះ​ទៅ​ជុំ​បន្ត​ផង​ដែរ​បន្ទាប់​ពី​បាន​បំ​បាក់​ស្លូ​វេ​នៀ​  Polona Hercogក្នុង​លទ្ធផល​៦-៤​និង​៣-០​ ៕