លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី៣ ឧសភា ២០១២ មានការធ្លាក់ចុះស្រឺតៗ២សបា្តហ៍
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៣:៤៦

កោះសន្តិភាព
អគារមូលបត្រនៅក្នុងវិមានកាណាឌីយ៉ា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រ កម្ពុជាបានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជរាជធានីភ្នំពេញលើកទីមួយនៅម៉ោង៩ព្រឹកសម្រាប់ថ្ងៃទី៣ ឧសភា ២០១២ នេះ ដល់សាធារណជនឱ្យបានជ្រាបថា តម្លៃមូលបត្រក្នុងការទិញដូរលើកទីមួយនេះ បានធ្លាក់ចុះមកនៅត្រឹម៧.២៥០រៀល ដែលធៀបទៅនឹងតម្លៃកាលពីថ្ងៃម្សិលមិញ៧.៦០០មានការធ្លាក់ចុះប្រមាណ៤,៦១% ត្រូវនឹង៣៥០រៀល ចំណែកឯទំហំនៃការជួញដូរវិញមានអត្រា២៦.១៧១ភាគហ៊ុន ត្រូវនឹងតម្លៃជួញដូរ១៨៩.៧៣៩.៧៥០រៀល ។
ចំណែកលទ្ធផលការទិញលក់លើកទីពីរនៅម៉ោង១១ និង៣០នាទីព្រឹកដែលជាលទ្ធផលចុងក្រោយសម្រាប់ថ្ងៃទី៣ ឧសភា ២០១២នេះ ត្រូវបានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានការនៅនឹងដដែល គឺនៅត្រឹមតម្លៃ៧.២៥០រៀល ចំណែកឯទំហំនៃការជួញដូរវិញ មានអត្រា២៦.១៧១ភាគហ៊ុន និងតម្លៃជួញដូរសរុប១៨៩.៧៣៩.៧៥០រៀល ។
ឃើញថា ការជួញដូរមូលបត្រក្នុងរយៈពេល២សបា្តហ៍នេះ មានតម្លៃធ្លាក់ចុះជាប់ៗគ្នា ស្រឺតៗតែម្តង ហើយមូលហេតុដែលតម្លៃមូលបត្ររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមានការធ្លាក់ ពីព្រោះអត្រាចំនួនវិនិយោគិនដែលទិញបានហ៊ុនហើយត្រូវការដាក់លក់ភាគហ៊ុនរបស់ខ្លួនវិញ មានចំនួនច្រើន ។ ផ្ទុយទៅវិញអត្រាចំនួនវិនិយោគគិនដែលមានចំណាប់អារម្មណ៍ចង់ទិញមូលបត្រថ្មីមានចំនួនតិច ៕