រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ម្នាក់ទៀតរបួសធ្ងន់ និងអ្នកបើកបររថយន្តរបួសធ្ងន់ដែរ។ ក្នុងគ្រោះរថយន្តបុកម៉ូតូ SL ពេញទំហឹងនេះបណ្តាលឱ្យអ្នកបើកម៉ូតូ SL ផ្លោងទៅទើរលើដំបូលរថយន្តទាំងពីរនាក់ ហើយរថយន្តជ្រុលទៅបុកបង្គោលភ្លើងទ្រេត រួចបន្តទៅបុកដើមអង្កាញ់រលើងទាំងឫស និងជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋលក់គ្រឿងសង្ហារិម យីហោយឹក ម៉េងអ៊ាង ។
គ្រោះអកុសលនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ឧសភា នៅស្តុបទេពផន តាមមហាវិថីម៉ៅសេទុងកែងវិថីទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូ SL ពណ៌ទឹកប្រាក់ ជិះគ្នា២នាក់ តាមមហាវិថីម៉ៅសេទុង ពីត្បូងទៅជើង ចំណែករថយន្តហាយប្រ៊ីត ពណ៌ស បើកតាមផ្លូវទេពផន ពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុម៉ូតូបម្រុងបើកឆ្លងកាត់ផ្លូវ តែដោយសារឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកតាមផ្លូវទេពផន ពីលិចទៅកើត ទើបម៉ូតូ SL បន្ថយល្បឿនយឺតៗរង់ចាំឱ្យរថយន្តបើកឆ្លងទៅមុខ ស្របពេលនោះស្រាប់តែមានរថយន្តហាយប្រ៊ីតបើកវ៉ារថយន្តនោះ បោះពួយយ៉ាងលឿនទៅបុកម៉ូតូ SL ពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូទាំងពីរនាក់បោកនឹងកញ្ចក់រថយន្តហោះផ្លោងទើរលើដំបូលរថយន្តស្លាប់ម្នាក់នៅកន្លែង ចំណែកម៉ូតូខ្ទាតទៅមុខរាប់សិបម៉ែត្រពីកន្លែងកើតហេតុ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕









ចែករំលែកព័តមាននេះ