រាជធានីភ្នំពេញ ៖ ក្នុងចំណោម១៧៩ ប្រទេស កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១១៧ ផ្នែកសេរីភាពសារព័ត៌មាន បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានទាំង១០ កម្ពុជាមានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានល្អប្រសើរជាងគេ ។ នេះបើយោងតាមរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ដែលបានបង្ហាញឡើងនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣ ឧសភា ២០១២នេះ នៅក្នុងពិធីជួបជុំអង្គការអ្នកកាសែត ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃ៣ ឧសភា ក្រោមអធិបតីភាពលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ។
ដោយឡែកតាមការវាយតម្លៃជារួមរបស់អង្គការអ្នកកាសែតបានបង្ហាញថា ស្ថានភាពរបស់អ្នកកាសែតកម្ពុជានៅក្នុងឆ្នាំ២០១១កន្លងមក គឺមានភាពល្អប្រសើរជាងឆ្នាំ២០១០ ដោយសារពុំមានអ្នកកាសែតណាម្នាក់ត្រូវបានគេសម្លាប់ រីឯបណ្តឹង និងការគំរាមកំហែងលើអ្នកកាសែតបានថយចុះ ។
ក្នុងនោះ របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០១០ មានអ្នកកាសែត១០នាក់ ត្រូវបានចាប់ខ្លួន ខណៈពេលនៅឆ្នាំ២០១១ មានត្រឹម៧នាក់ ។ ចំណែក បណ្តឹងប្រឆាំងអ្នកកាសែតមានចំនួន៩ករណី នៅឆ្នាំ២០១០ តែនៅឆ្នាំ២០១១ ថយមកនៅត្រឹម៤ករណី ។ ករណីគំរាមកំហែងកាលពីឆ្នាំ២០១០ មាន៧ករណី តែនៅឆ្នាំ២០១១ បានថយមកនៅត្រឹម៥ករណី ។
ស្ថានភាពអ្នកកាសែតនៅកម្ពុជាក្នុងឆ្នាំ២០១១ ត្រូវបានក្លឹបអ្នកកាសែតកម្ពុជាវាយតម្លៃថា មានការវិវត្តជាវិជ្ជមានដែលបង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជាកំពុងដើរទៅមុខ ។ ក៏ប៉ុន្តែក្លឹបអ្នកកាសែតកម្ពុជា ក៏បានកត់ត្រាពីភាពអសកម្មមួយចំនួនលើអ្នកកាសែត ពិសេសដូចករណីគំរាមកំហែងលើស្ត្រីអ្នកកាសែត The Cambodia Daily ២រូប នៅក្នុងខេត្តកោះកុង នៅក្នុងហេតុការណ៍បាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោកឈុត វុទ្ធី និងប៉េអឹម លោក អិុត រតនា នៅខេត្តកោះកុង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៦ មេសា ២០១២កន្លងមក ។
របាយការណ៍ដដែលក៏បានបង្ហាញថា សេរីភាពនៃការសរសេរអត្ថបទ និងផ្សព្វផ្សាយអត្ថបទតាមរយៈទំព័រកាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ ព្រមទាំងគេហទំព័រជាដើមនោះ គឺនៅកម្ពុជាបានបើកទូលាយ ដោយគ្មានការរារាំងនោះទេ ។ទោះជាយ៉ាងណារបាយការណ៍ក៏បានកត់សម្គាល់ដែរថា ការទទួលឯកសារពីមន្ត្រីរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធនានានៅមិនទាន់បានទូលំទូលាយនៅឡើយ ៕


ចែករំលែកព័តមាននេះ