ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​គ្នា​រាត្រី​ថ្ងៃ​​សៅរ៍ នេះ​មេ​វេដ​ឌ័រ​ពិត​​ជា​​អាច​​ផ្តួល​កូត​តូ​បាន​

14 ឆ្នាំ មុន

អតី​ត​​កីឡា​ករ​​ប្រ​ដាល់​អង់​គ្លេស​រីកគី ហាតតុន​បាន​និយាយ​ថា ខ្លួន​មើល​មិន​ឃើញ​ចំណុច​ណា​មួយ​ដែល​ថា​ កូតតូ​អាច​គេច​ផុត​ពី​ការ​បរា​ជ័យ​ក្រោម​កណ្តាប់​ដៃ​កីឡាករ​ហ្វ្លយ មេវេដឌ័រ​នោះ​ទេ​។

ហាតតុន​បាន​ប្រៀប​ធៀប​កូតតូ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBAក្នុង​ប្រ​ភេទទម្ងន់​ Junior Middleweightទៅ​នឹង​ខ្លួន​គេ​កាល​ពី​៥​ឆ្នាំ​មុន​ដែល​បាន​សន្លប់​ក្នុង​ទឹក​ទី​១០​ក្រោម​កណ្តាប់​ដៃ​មេ​វេ​ដឌ័រ​។ ជើង​ឯក​ដែល​ចូល​និ​វត្ត​ន៍​រូបនេះ​បាន​បន្ត​ថា​៖«ខ្ញុំ​គិត​ថា​​ការ​ជួប​គ្នា​រវាង​មេវេដឌ័រ​និង​កូតតូ​គឺ​វា​មិន​ខុស​ពី​ការ​ប្រ​កួត​របស់​ខ្ញុំ​ជា​មួយ​នឹងមេ​វេដឌ័រ​នោះ​ទេ​។ ខ្ញុំ​គិត​ថា​ មេវេដឌ័រ​ផ្តួល​កូតតូ​នៅ​ចុង​ទឹក​​»។
​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​ អំឡុង​ការ​ធ្វើ​សន្និ​សីទ​កា​សែត​ផ្សព្វ​ផ្សាយ​ពី​ការ​ប្រកួត មេវេដ​ឌ័រ​​​បាន​និយាយ​ថា ខ្លួន​នឹង​ផ្តួល​មីហ្គែល កូតតូ​ ហើយ​យក​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBAរបស់​គេ​ឱ្យ​ខាង​តែ​បាន​។

គេ​បញ្ជាក់​នៅ​ពេល​នោះ​ថា​៖«សម្រាប់​ខ្ញុំ​ចូល​រួម​ការ​ប្រកួត​លើក​នេះ​ក្នុង​នាម​ជា​អ្នក​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​  តែ​នេះ​គឺ​ជា​ការ​សាក​ល្បង​មួយ​ផង​ដែរ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​ហ្វឹក​ហាត់​បន្ថែម​ទៀត​។ ខ្ញុំ​មិន​គិត​ថា ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​បែបនេះ​កើត​ឡើង​សា​ជា​ថ្មី​ម្តង​ទៀតទេ​។ ការ​គ្រងតំណែង​ជើង​ឯក​ក្នុង​ស្ថា​ប័ន​នេះ​របស់​កូតតូ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា​ខាង​មុខ​»។ កីឡាករ​អា​មេរិក​រូបនេះ​បាន​បន្ត​ថា​៖«ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​អ្នក​ពូ​កែ​​ជាង​គេ យើង​ចាំ​បាច់​ត្រូវ​តែ​ប្រកួត​ជា​មួយ​អ្នក​ពូ​កែ​។ កូតតូ​គឺ​ជា​កីឡាករ​ដែល​ពូ​កែ​ម្នាក់​ក្នុង​វិ​ស័យ​កី​ឡា​ប្រដាល់​បច្ចុប្បន្ន​នេះ​»។

​មេវេដឌ័រ​នឹង​ឡើង​​សង្វៀន​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBAក្នុង​ប្រ​ភេទ​ទម្ងន់ Super-welterweightពី​កីឡាករ​ព័រតូ​រី​កូ​មី​ហ្គែល កូតតូ​នៅ​ថ្ងៃ​ទី​៥​ខែ​ឧស​ភា(ត្រូវ​នឹង​ថ្ងៃ​​អា​ទិត្យ​ម៉ោង​នៅ​កម្ពុ​ជា​)​ ចុង​សប្តាហ៍​​នេះ​។ ការ​ប្រកួត​នេះ​​នឹងត្រូវ​​រៀប​ចំ​នៅ​សង្វៀន​ MGM Grand Garden​ស្ថិត​​ក្នុង​ទី​ក្រុង​ឡាស​វេ​ហ្គាស​សហ​រដ្ឋ​អាមេរិក​។

ការ​ឡើង​សង្វៀន​ជា​ថ្មី​របស់មេវេដឌ័រ​​បាន​កើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​គណៈ​កម្ម​ការ​កីឡា​រដ្ឋ​នេ​វ៉ា​ដា​យល់​ព្រម​ផ្តល់​អាជ្ញា​ប័ណ្ណ​មួយ​ប្រកួត​ដល់​រូប​គេ​មុន​នឹង​ចូល​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ពន្ធ​នាគារ​នៅ​ដើម​ខែ​មិថុនា ។​
មេវេដឌ័រ​ដែល​ធ្លាប់​ប្រកួត​ឈ្នះ​៤២​លើក​​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​២៦លើក​បាន​សម្រេចចិត្ត​ជ្រើស​រើស​យក​កីឡាករ​កូ​តូ​ត​ដែល​មាន​ឯតទគ្គ​កម្ម​ប្រកួត​ឈ្នះ​៣៦លើក ចាញ់​២​ ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​២៩​លើក​ ធ្វើ​ជា​គូ​ប្រកួត​បន្ទាប់​ក្រោយ​ពី​បរាជ័យ​ចរចា​មិន​ត្រូវ​គ្នា​លើ​ថ្ងៃ​ប្រកួត​ជា​មួយ​ម៉ា​នី ប៉ាក់​គី​អាវ​។
​ថ្លែង​កាល​​​ពី​បញ្ចប់​​ជំនួប​ជា​មួយ​គណៈ​កម្មការ​រដ្ឋ​នេ​វ៉ា​ដាដើម​ខែ​កុម្ភៈមេវេដឌ័រ​​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​ចង់​បាន​កីឡាករ​ប៉ាក់​គី​អាវ​សម្រាប់​ការ​ប្រកួត​នេះ​ តែ​គេ​គ្មាន​ឆន្ទៈ​ពិត​ប្រា​កដ​… គេ​ពិត​ជា​មិន​ចង់​ប្រកួត​ឡើយ​។ ខ្ញុំ​បាន​ផ្តល់​ឱ្យ​គេ​នូវឱ​កាស​មួយ​រួច​ហើយ​»។​ ការ​ប្រកាស​ពី​ការ​ជួប​គ្នា​រវាងមេវេដឌ័រ​​និង​កូតតូ​នៅ​ពេល​នោះ​​​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​ស្រមើល​ស្រមៃដែល​ថា​នឹង​មាន​ការ​ប្រកួត​ដ៏​ធំ​មួយ​រវាងរូប​គេ​(​មេវេដឌ័រ​)​​និង​ប៉ាក់​គី​អាវ​ក្នុង​ខែ​ឧសភា ។​

​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​បន្ថែម​​ថា​៖«នេះ​ជា​ការ​ប្រកួត​ប្រជែង​ល្អ​មួយ​រវាង​ខ្ញុំ​និង​រូប​គេ​ក្នុង​ប្រ​ភេទទ​ម្ងន់​នេះ​ តែ​យ៉ាង​ណា​ ការ​ប្រកួត​នេះ​គឺ​គ្រាន់​តែ​ជា​ប្រ​ភេទ​នៃ​ការ​សាក​ល្បង​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ ។​ កូតតូ​គឺ​ជា​កីឡាករ​លំ​ដាប់​ពិភព​លោក​ម្នាក់​ដែល​មិន​ដែល​ធ្លាប់​បង្ហាញ​ឱ្យ​ឃើញ​ជា​ភស្តុ​តាង​ក្នុង​នាម​ជា​ជើង​ខ្លាំង​ម្តង​ណា​ឡើយ ។​ ខ្ញុំ​គ្មាន​ការ​មន្ទិល​ក្នុង​ចិត្ត​ទេ»។

​ទោះ​ជា​យ៉ាង​ណា​ ​កូតតូ​បាន​ឆ្លើយ​តប​វិញ​ ថា ៖«ថ្ងៃទី​៥​ខែ​ឧសភា​ខ្ញុំ​នឹង​បំ​បាក់​អំនួត​របស់​​មេវេដ​ឌ័រ​​។​ ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ប្រកួត​ជា​មួយ​បណ្តា​ជើង​ខ្លាំង​ក្នុង​លោក​។ ខ្ញុំ​មិន​ដែល​គេច​ពី​អ្នក​ណា​ម្នាក់​ដែល​មក​បបួល ​ឬក៏​ដណ្តើម​ខ្សែ​ក្រ​វាត់​ខ្ញុំ​ទេ »។​

កូតតូ​វ័យ​៣១​ឆ្នាំ​ប្រកួត​ចុង​ក្រោយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​មកបាន​យក​ឈ្នះ​កីឡាករ​ម៉ិច​ស៊ិក​អង់​តូ​នី​ញ៉ូ ម៉ាហ្គា​រីតូការ​ពារ​បាន​ខ្សែ​ក្រវាត់​ស្ថាប័ន​WBA​ក្នុង​​ប្រ​ភេទទម្ងន់ Super-welterweight។ ចំណែក​ឯ​មេវេដឌ័រ​​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​បាន​យក​ឈ្នះ​កីឡាករ​វិច​ទ័រ អូ​ទីស​ក្នុង​ទឹក​ទី​៤​ ៕