ខេត្តស្ទឹងត្រែង ៖ រថយន្តរបស់ជនជាតិចិនម្នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរផ្លូវគោកស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តស្ទឹងត្រែង បន្ទាប់ពីប៉ះនឹងម៉ូតូសង់កូរ៉េមួយគ្រឿងបង្កឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ឧសភា ២០១២ នៅចំណុចស្ពានអូរច្រឡង់ ភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
ម៉ូតូសង់កូរ៉េពណ៌ក្រហម ជិះគ្នា២នាក់ ម្នាក់ឈ្មោះអៀ លឹមហៀ អាយុ២២ឆ្នាំ ភេទប្រុស ជាអ្នកបើកបរបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ និងម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាលឈ្មោះនី វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកបុរសជនជាតិចិនឈ្មោះសៀវ ឡេង អាយុ៤០ឆ្នាំបើកបររថយន្តម៉ុងតារ៉ូ ពណ៌ទឹកប្រាក់ ហើយរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំភាគីជនជាតិចិនចូលដោះស្រាយសំណងដល់ជនរងគ្រោះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ