ក្រសួងសុខាភិបាលអេហ្ស៊ីបរាយការណ៍ថាមនុស្សយ៉ាងតិច២០នាក់ស្លាប់ហើយជាច្រើននាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២ ឧសភាក្នុងឱកាសនៃការប៉ះទង្គិចគ្នានានារវាងពួកបាតុករដែលប្រទូស្តរ៉ាយនឹងរដ្ឋអំណាចយោធានៅជិតទីស្នាក់ការក្រសួងការពារជាតិក្នុងទីក្រុងគែរ ។
ដោយសារការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមបែបនេះក្នុងពេលជួបប្រជុំគ្នាកាលពីថ្ងៃទី២ឧសភារវាងក្រុមប្រឹក្សាយោធាជាន់ខ្ពស់និងបណ្តាគណបក្សនយោបាយ អនុប្រធានក្រុមប្រឹក្សាយោធាជាន់ខ្ពស់ដែលកាន់អំណាចលោកសាមីអានណាន និយាយថាកងទ័ពគ្រោងប្រគល់អំណាចឱ្យដល់ជនស៊ីវិលនាថ្ងៃទី២៤ឧសភាខាងមុខនេះប្រសិនបើប្រធានាធិបតីត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីមួយ។
កងទាហាននិងកងកម្លាំងសន្តិសុខត្រូវបានបញ្ជូនមកកាន់ក្រសួងការពារជាតិដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នាដែលផ្ទុះឡើងកាលពីព្រឹកថ្ងៃទី២ឧសភារវាងពួកបាតុករដែលទាមទារឱ្យកងទ័ពចាកចេញពីអំណាចនិងកងកម្លាំងប៉ូលិស ។ ការប៉ះទង្គិចគ្នាកើតឡើងតាមរយៈការគប់ដុំថ្មនិងដបសាំងដុតដាក់គ្នា ៕


ចែករំលែកព័តមាននេះ