កាលពីវេលាម៉ោង១២និង៤៦នាទីថ្ងៃទី២៤ មេសា ឆ្នាំ២០១២ មានលិខិតពីស្ត្រីអនាមិកម្នាក់បានផ្ញើមកការិយាល័យនិពន្ធកាសែតកោះសន្តិភាព ជាលិខិតសរសេរជាអក្សរ«ឡាតាំង»មានន័យសុំទោសចំពោះអ្នកនាងលី ម៉ារីណា ដែលជាតារាសម្តែង និងបង្ហាញម៉ូដ Cambodia Super Model និងជាអតីតភរិយារបស់លោក ទិត្យ ថាវរិទ្ធ ដែលបច្ចុប្បន្ននេះជាគូដណ្តឹងរបស់លោក សាត ចាន់ថន ជាអណិកជនខ្មែររស់នៅប្រទេសអាមេរិក ។ ក្នុងលិខិតនោះបានសរសេររៀបរាប់មានខ្លឹមសារដូចតទៅ ៖
អ្នកនាងលីម៉ារីណា ខ្ញុំជាស្រីអនាមិក ដែលបានចេញចុះផ្សាយអាក្រក់ពីអ្នកនាងក្រោយពីបានស្តាប់តាម TV3 និងស្តាប់តាមការបកស្រាយ និងតាមដានមកអ្នកនាងពិតជាមិនបានធ្វើអាក្រក់មែន យើងបានទៅដល់ផ្ទះឃើញគ្រួសារនៅមិនទាន់ដូរកន្លែង គ្រួសារមិនទៅណាពិតមែន ឱ្យនាងខ្ញុំសុំទោសដែលបានជេរថាឱ្យអ្នកនាងអាក្រក់ៗ នេះមកពីការភ័ន្តច្រឡំ យើងជាស្រីដូចគ្នា ខ្ញុំមិនគួរថាពាក្យអសុរោះដាក់អ្នកនាងទេ ហើយបានមួលបង្កាច់បង្ខូចកេរិ៍្តឈ្មោះ កិត្តិយសដាក់ទៅលើអ្នកនាង ហើយចេះតែប្រឌិតរឿងមួលបង្កាច់អ្នកនាង សុំអ្នកនាងមេត្តាអភ័យទោសឱ្យនាងខ្ញុំផង យើងដឹងថាបើអ្នកនាងរកឃើញខ្ញុំជាអ្នកមួលបង្កាច់ រកបាញ់សម្លាប់ យើងពិតជាជាប់គុកមិនខាន ដូចជាយើងប្រឌិតរឿងការចាក់ទឹកអាសីុតនោះជាការប្រឌិតរបស់យើងទេ ឱ្យយើងសុំទោសដោយសារគេឱ្យយើងធ្វើ យើងមិនបានតាមដានទេថារឿងនេះពិត ឬមិនពិត មកដល់ពេលនេះយើងមានការសោកស្តាយណាស់ នូវអំពើអាក្រក់ទាំងនេះ សូមអ្នកនាងមេត្តាអភ័យទោសម្តងទៀត សូមអ្នកសារព័ត៌មាន ទស្សនាវដ្តី មេត្តាចុះផ្សាយឱ្យវិញផង ពីយើងស្រីអនាមិក ។
គួរបញ្ជាក់ផងដែរថា បើតាមខ្លឹមសារនៃលិខិតជាអក្សរឡាតាំងដ៏លំបាកអាននេះ ជនអនាមិកម្នាក់ជាស្ត្រី បានជេរអ្នកនាងលី ម៉ារីណា និងគំរាមកំហែងដោយចោទប្រកាន់ទាក់ទងទៅនឹងរឿងស្នេហាលួចលាក់ជាមួយនិងប្តីគេ ពោលគឺមន្ត្រីធំ ដែលធ្វើឱ្យ លី ម៉ារីណា ទ្រាំមិនបានក៏សម្រេចចិត្តភៀសខ្លួនទៅរស់នៅប្រទេសថៃមួយរយៈ ។ យើងមិនទាន់ទទួលបានព័ត៌មានអំពីអ្នកនាងដែលជាស្រីស្អាតម្នាក់ ក្រោមក្រសែភ្នែកតាតាខ្លះនោះទៅរស់នៅទីណាឱ្យពិតប្រាកដនៅឡើយទេ ដោយមានអ្នកខ្លះនិយាយថា ឃើញអ្នកនាងទៅលេងនៅប្រទេសអាមេរិកជាមួយគូរដណ្តឹង ហើយអ្នកខ្លះទៀតនិយាយថា ឃើញនាងកំពុងរស់នៅប្រទេសថៃ មិនទាន់ចូលស្រុកកំណើតរបស់ខ្លួនវិញនៅឡើយទេ ព្រោះតែមានការភ័យខ្លាច ។
ប៉ុន្តែពេលនេះ អ្នកគាំទ្រលីម៉ារីណាគិតថា នាងប្រហែលជាវិលចូលមកប្រទេសកំណើតវិញ ហើយនិងរស់នៅក្នុងរាជធានី ព្រោះរឿងរ៉ាវទាំងនេះត្រូវបានជនអនាមិកដែលជាក្រុមបង្កហេតុបានយល់ច្រឡំ ហើយក៏បានសុំទោសដល់រូបនាងវិញផងដែរ និងមិនធ្វើឱ្យនាងមានការភ័យខ្លាចឡើយ ។
គេនៅតែឆ្ងល់ថាហេតុអ្វីបានជាអ្នកនាងលី ម៉ារីណា មិនធ្វើការប្តឹងឱ្យច្បាប់ជួយរកយុត្តិធម៌ បើវាមិនមែនជារឿងពិតផងនោះ ដែលគេបានជេរ ហើយគំរាមកំហែងអ្នកនាងបែបនេះហើយ នាងនៅតែសម្ងំមិនប្តឹងទៀត ។ ដូច្នេះហើយគេនៅតែសង្ឃឹមថា អ្នកនាងលី ម៉ារីណា និងធ្វើការបកស្រាយចំពោះបញ្ហានេះឱ្យបានច្បាស់ ដើម្បីកុំឱ្យនៅមានការសង្ស័យតទៅទៀត ។
កោះសន្តិភាពបានព្យាយាមដើម្បីសុំសម្ភាសន៍ពីអ្នកនាងលីមា៉រីណាដែរ ប៉ុន្តែតាមរយៈទូរស័ព្ទដែលនាងធ្លាប់ប្រើហាក់ដូចជាបិទឈឹងទៅហើយ ៕



ចែករំលែកព័តមាននេះ